អ្នកចេញនិងអ្នកជាប់គុកខេត្តកោះកុងនំាគ្នានិយាយថា «ពួកគេពិតជាមានមោទនភាពណាស់ ព្រោះ តែប្រធាន គុកដាក់លក់ទំនិញគ្រប់សារពើ សំរាប់ឲ្យពួកគេទិញញុំា»។ បើក្នុងគុកមានដូចពាក្យពួកគេ បរិយាយមែន គួរប្តូរ ដាក់ជាសណ្ឋាគារគុកវិញទៅ។
គេនិយាយថា កាលពីសម័យលោកប្រធានគុកចាស់ គឺគាត់តឹងរ៉ឹងណាស់ មិនឲ្យមានការលក់ដូរ ទំនិញ ក្នុងគុក ទេ ពិសេសបារីតែម្តង។ ប៉ុន្តែក្រោយពីគាត់ចូលនិវត្តន៍ ហើយឡើងលោកម្នាក់ជាប្រធានស្តីទី ស្រាប់តែប្រែក្លាយ មានអ្នកលក់ដូរទំនិញសព្វសារពើទៅវិញ ហើយអ្វីដែលឡូយបំផុតនោះ គឺអ្នក ទោសអាចយកបារីជក់ក្នុងបន្ទប់ បានទៀតផង។ គេនិយាយទៀតថា លោកអនុប្រធានស្តីទីនោះគាត់ ឲ្យអនុប្រធានម្នាក់ដេញថ្លៃលក់ទំនិញ ហើយ ទំនិញចំណីអាហារទាំងអស់ ថ្លៃជាងខាងក្រៅ៣ដង។
ប្រភពបានបន្តថា សាច់ញាតិជនជាប់ចោទឬទណ្ឌិតទិញរបស់របរផ្សេងៗ ចំណីអាហារ ទំនិញ ផ្សេងៗពីខាង ក្រៅទៅ គឺឆ្មំាគុកមិនឲ្យយកចូលទេ តែបើទិញនៅខាងក្នុងគុកគឺ OK យកចូលបាន។ ប្រភពបានបន្តថា ក្នុងមួយ ថ្ងៃៗ លោកអនុប្រធានគុករកលុយចំណេញបានមិនតិចលានរៀលនោះទេ។
ក្រុមគ្រួសារសាច់ញាតិអ្នកទោសបានខ្សឹបថា «បើទំនិញថ្លៃជាងខាងក្រៅ៣ដង ក៏មិនសូវជាបញ្ហាដែរ តែអ្វីដែល សំខាន់ គឺលោកប្រធានស្តីទីនោះ តម្រូវឲ្យសាច់ញាតិអ្នកគុកទៅសួរសុខទុក្ខម្តងៗ ជួយបង់ លុយទិញប្រេងចាក់ ម៉ាស៊ីនភ្លើង១០ម៉ឺនរៀល គឺស្មើនឹង២៥ដុល្លារ»។ ការតម្រូវឲ្យបង់លុយ ប្រេងនេះ មិនអាចអត់បានទេ បើអត់បង់គឺ អត់បានជួបមុខបងប្អូនដែលជាជនជាប់ចោទឬក៏ទណ្ឌិតឡើយ។
អ្នកបានដឹងរឿងនំាគ្នានិយាយថា «បើពន្ធនាគារមានលក់ទំនិញគ្រប់មុខសព្វសារពើយ៉ាងនេះ គួរប្តូរឈ្មោះពន្ធនាគារទៅ ជាសណ្ឋាគារអ្នកទោសវិញទៅ»។ ករណីនេះសូមលោកអគ្គនាយកពន្ធនាគារ ក្រសួងមហាផ្ទៃ ចុះស៊ើបអង្កេតផង ព្រោះបើគ្មានភ្លើងក៏គ្មានផ្សែងដែរ៕
ដោយ៖ តាត្រចៀកធំ