កណ្តាល៖ កម្មការិនីរោងចក្រតម្បាញខេមបូ ហុងស៊ីង ចំនួន២៩នាក់បានដួលសន្លប់ជាបន្តបន្ទាប់ គ្នា ក្រោយពីបានធ្លាយបំពង់ស្តុកខ្យល់សម្រាប់បញ្ចេញទៅក្នុងម៉ាស៊ីនបោកគក់ និងម៉ាស៊ីនអ៊ុតខោអាវ។
ហេតុការណ៍ធ្លាយបំពង់ស្តុកខ្យល់នេះ បានកើតឡើងនៅវេលាម៉ោង ៨ និង៣០ នាទីថ្ងៃទី ៩ សីហា ឆ្នាំ ២០១៣ ក្នុងរោងចក្រតម្បាញខេមបូ ហុងស៊ីង នៅក្នុងបុរីថោងសារ៉ាត់ស្ថិតក្នុងភូមិលេខ ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
កម្មកររោងចក្រម្នាក់បានឱ្យដឹងថា មុនពេលកើតហេតុ កម្មករទាំងអស់បាននាំគ្នាធ្វើការជាធម្មតា នៅក្នុងរោងចក្រតម្បាញខេមបូ ហុងស៊ីង។ បន្ទាប់ពីបានធ្វើការបានប្រហែលជាមួយម៉ោង ក៏ស្រាប់ តែមានហេតុការណ៍ធ្លាយបំពង់ស្តុកខ្យល់បណ្តាលឱ្យលាន់សូរឆុល ពេលនោះកម្មករទាំងអស់ក៏នាំរត់ ចេញមកក្រៅរោងចក្រ។ ក្នុងខណៈដែលកម្មកររត់ចេញ គេបានឃើញកម្មការិនីចំនួន៣នាក់ ដួលសន្លប់ ដោយសារតែកម្មការិនី៣នាក់នោះ មានអាការៈខ្សោយបេះដូង ហើយខាងថៅកែរោងចក្រក៏បានចាត់ បញ្ជូនអ្នកសន្លប់ទាំង៣នាក់ខាងលើ ទៅសង្រ្គោះនៅក្នុងមន្ទីរពេទ្យកែវ សាន នៅក្រុងតាខ្មៅ។
ក្រោយពីបានដឹងថា បានធ្លាយបំពង់ស្តុកខ្យល់ ខាងថៅកែរោងចក្រក៏បានប្រាប់ឱ្យកម្មករទាំងអស់ បានចូលធ្វើការវិញ រំពេចនោះក៏មានកម្មការិនីមួយចំនួនបានដួលសន្លប់ជាបន្តបន្ទាប់គ្នាតែម្តងទៅ។
ចំណែកកម្មការិនីម្នាក់ដែលបានដួលសន្លប់នោះសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យអរិយធម៌ដឹងថា មូលហេតុដែលគាត់ដួលសន្លប់ ដោយសារតែខ្យល់ដែលបាញ់ចេញពីបំពង់ស្តុកខ្យល់នោះមាន ក្លិនដូចគេដុតក្រដាស ធ្វើឱ្យគាត់ថប់ដង្ហើមច្រមុះពិបាកដកដង្ហើម ទើបបណ្តាលឱ្យគាត់ដួលសន្លប់ដោយ មិនដឹងខ្លួនទៅ។ បន្ទាប់ពីហេតុការណ៍បានកើតឡើង ខាងថៅកែរោងចក្រក៏បានស្វះស្វែងឱ្យរថយន្តដឹក កម្មការិនីដែលបានសន្លប់ទាំងនោះបញ្ជូនទៅកាន់មន្ទីរពេទ្យជ័យជំនះនៅក្រុងតាខ្មៅភ្លាមៗដែរ។
លោក ចាន់ មង្គល ប្រធានផ្នែកជំងឺទូទៅនៅក្នុងមន្ទីរពេទ្យជ័យជំនះបានឱ្យដឹងថា អ្នកជំងឺដួល សន្លប់ទាំងអស់មានចំនួន ២៦នាក់ សុទ្ធសឹងជាកម្មការិនីក្នុងនោះ ៦នាក់បានសន្លប់ធ្ងន់។
លោក មង្គល បានបន្តថា កម្មការិនីដែលសន្លប់នោះ ខាងគ្រូពេទ្យមិនទាន់បានដឹងថា តើកម្មការិនី ដួលសន្លប់ ដោយសារតែសារជាតិគីមីអ្វីនោះទេ នៅវេលាម៉ោង ១០និង៣០ នាទីថ្ងៃកើតហេតុ ដែលក្រុមគ្រូពេទ្យកំពុងធ្វើសង្គ្រោះ៕
ដោយៈ ដាំ ជា