បន្ទាយមានជ័យ៖ សមត្ថកិច្ចប៉ូលិសការពារព្រំដែន៨៩១ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា កំពុងតែឃុបឃិតជាមួយឈ្មួញនាំទំនិញគេចពន្ធពីថៃគ្រប់ប្រភេទចូលមកកម្ពុជា តាមរយៈប្រើក្បូនដឹកជញ្ជូនចម្លងអូរនៅប៉ែកខាងត្បូងច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យជារៀងរាល់ថ្ងៃ។
ប្រភពព័ត៌មានពីក្រុងប៉ោយប៉ែត បានអោយដឹងថាជារៀងរាល់ថ្ងៃមានទំនិញគេចពន្ធគ្រប់ប្រភេទដូចជា ទំនិញចាប់ហួយសំបកដប ឧស្ម័នហ្គាសនិងទំនិញផ្សេងៗជាច្រើនត្រូវបានឈ្មួញឃុបឃិតជាមួយសមត្ថកិច្ចប៉ូលិសការពារព្រំដែននាំចូលមកកម្ពុជា។ច្រករបៀងដែលនាំចូលភាគច្រើនរួមមានច្រកម៉ុងចិន ច្រកគីឡូម៉ែត្រ លេខ៤ ច្រកឡុងសំណាងដែលស្ថិតនៅខាងក្រោយសាលាក្រុងប៉ោយប៉ែតប្រមាណជា១០០០ម៉ែត្រដែលច្រកទាំងនេះគ្រប់គ្រងដោយនគរបាលវរៈការពារព្រំដែន៨៩១។
ក្នុងនោះច្រកដែលនាំចូលទំនិញជាប្រចាំដោយពុំខ្លាចសមត្ថកិច្ចគយឬសមត្ថកិច្ចដទៃគឺច្រកដែលគ្រប់គ្រងដោយឈ្មោះ ឡុងសំណាងជាមេបញ្ជាការរងនគរបាលការពារព្រំដែន៨៩១ដែលមានច្រករបស់ខ្លួននាំចូលនូវទំនិញគ្រប់ប្រភេទដូចជា សត្វមាន់ ,លោក ឆែម ចំប៉ា មេប៉ុស្តិ៍គីឡូម៉ែត្រលេខ៤នាំចូលទំនិញចាប់ហួយនិងសំបកដប, លោក ភោគ វិបុលមេប៉ុស្តិ៍បុរីថ្មីនាំចូលឧស្ម័នហ្គាសនិងសត្វជ្រូក។ច្រកសំខាន់ៗទាំង៣នេះក្រៅពីទំនិញនាំចូលគឺនៅមានទំនិញដែលនាំចេញទៅប្រទេសថៃដូចជាស្រូវអង្ករ ខោអាវគីប។
ការនាំទំនិញចេញនិងចូលឆ្លងអូរព្រំដែនបានគឺដោយសារតែមានការត្រូវរ៉ូវរវាងឈ្មួញនិងសមត្ថកិច្ចក្នុងនោះសមត្ថកិច្ចបានធ្វើក្បូនទុកជាប្រចាំសម្រាប់ដឹកទំនិញឆ្លងអូរដែលខុសពីមុនពួកគេពុំប្រើក្បូនដោយប្រើខ្សែកាបសម្រាប់អូរជញ្ជូនទំនិញទាំងទៅទាំងមក។
មន្រ្តីនគរបាលការពារព្រំដែនដែលប្រចាំការតាមច្រកខាងលើធ្លាប់ បានអោយដឹងថាការនាំទំនិញចូលនិងចេញគឺគ្រាន់បានថវិកាសម្រាប់ឧបត្ថម្ភដល់កងកម្លាំងដែលឈរជើងតាមព្រំដែនហើយការនាំចូលទាំងនេះវាសុទ្ធតែមានការត្រូវរ៉ូវគ្រប់សមត្ថកិច្ចបើមិនដូច្នោះទំនិញទាំងនេះក៏មិនអាចនាំចូលដល់ក្នុងទីផ្សារបានដែរ។ក្នុង១ថ្ងៃៗមានទំនិញគេចពន្ធជាច្រើនដែលពុំបានបង់ពន្ធចូលរដ្ឋគឺបានលុយចូលត្រឹមតែហោប៉ៅរបស់សមត្ថកិច្ចដូចជា គយ និងប៉ូលិសជាដើម។ ពាក់ព័ន្ធករណីនេះ សារព័ត៌មានអរិយធម៌ នារសៀលថ្ងៃ ទី៩សីហា បានព្យាយាមទំនាក់ទំនងទៅលោកមេបញ្ជាការនគរបាលការពារព្រំដែនខាងលើនេះដែរ តែមិនអាចទំនាក់ទំនងបាន ៕
ដោយសហការី