ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយសារ រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ានដាយ ដឹកដែលលក់អេតចាយ លើសចំណុះ បានជ្រុលទៅបុកម៉ូតូពីរគ្រឿងបន្តកន្ទុយគ្នា បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងច្រងាង ចំណែកម្ចាស់ម៉ូតូទាំងពីគ្រឿងត្រូវរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣ នៅចំណុចផ្លូវលេខ៣៧១ កែងផ្លូវមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-1303 បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបានរេចង្កូតជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក គុបជ្រុង ហើយបន្តជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាក សង់កូរ៉េ ពណ៌ក្រហម ដែលម៉ូតូទាំងពីរ គ្រឿងនេះបានជិះក្នុងទិសដៅត្បូងទៅលិច បណ្តាលឲ្យដួលប្រាវបោកខ្លួនទៅនឹងថ្នល់ រងរបួសធ្ងន់អ្នក ជិះម៉ូតូទាំងពីរនាក់ ចំណែករថយន្តក្រឡាបផ្ងារជើងច្រងាង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងនគរបាលចរាចរបានចុះអន្តរាគមន៍ ហៅរថយន្តសាមុយឲ្យ មកដឹកបុរសគ្រោះទាំងពីរនាក់ខាងលើ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងធ្វើការវាស់វែងដកហូត ម៉ូតូទាំងពីរគ្រឿង ព្រមទាំងរថយន្តនិងអ្នកបើកបរ យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ។
ដោយឡែកក្នុងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់អត្តសញ្ញាណរបស់ជនរងគ្រោះ និងអ្នកបើកបររថយន្តបង្កបាននៅឡើយទេ ដោយសារអ្នកបើកបររថយន្តសមត្ថកិច្ចកំពុងធ្វើការសួរនាំ រីឯជនរងគ្រោះរបួសធ្ងន់ សន្លប់ឈឹង ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះគឺបង្កឡើងដោយសារ រថយន្តហ៊ីយ៉ានដាយ ដឹកដែក លើសចំណុះ ជាហេតុធ្វើឲ្យរេចង្កូត និងជ្រុលល្បឿនបុកអ្នកដំណើរបណ្តាលឲ្យរងរបួសធ្ងន់បែបនេះ៕