ភ្នំពេញ: ២ នាក់ឪពុក និងកូន បានរងរបួសធ្ងន់ ដោយសារបុរសស្រវឹងស្រាម្នាក់ បើករថយន្តម៉ែរសឺដេស ទៅបុករ៉ឺម៉កម៉ូតូ។ អ្នកឃើញហេតុការណ៍ បានឌុបអ្នកបើករ៉ឺម៉កម៉ូតូដេញ តាមទាន់ទៅកាក់ពីមុខរថយន្ត ត្រូវរថយន្តនោះ បុកផ្តួលរងរបួសម្នាក់ទៀត ទើបត្រូវសមត្ថកិច្ចចាប់ជាប់។
គ្រោះថ្នាក់នេះ កើតឡើងនៅតាមផ្លូវតាផុន សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៧ និង ១៥ នាទី យប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តម៉ែរសឺដេស ថ្មីស្រឡាង ទើបនឹងទិញ មិនទាន់មានស្លាកលេខផង បើកបរដោយបុរសម្នាក់ មានសភាពស្រវឹង ធ្វើដំណើរពីត្បូងទៅជើង ទៅបុករ៉ឺម៉កម៉ូតូ ដឹកកូនប្រុសអាយុ ១០ឆ្នាំ បើកពីជើងទៅត្បូង បណ្តាលឲ្យកូនប្រុសរបួសជើងទាំងសងខាង។ ចំណែកឪពុក ជាអ្នកបើករ៉ឺម៉កម៉ូតូបែកក្បាល។
ក្រោយពេលកើតហេតុ រថយន្តបង្កបានបន្ថែមល្បឿនរត់គេច ធ្វើអ្នកឃើញហេតុការណ៍ម្នាក់ ជិះម៉ូតូស្កុបពី បានដឹកបុរសជាអ្នករ៉ឺម៉កម៉ូតូដេញ តាមរថយន្តបង្ករហូតទៅដល់ចំណុចផ្លូវលេខ១៦៣ កែង៤៧៨ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ទើបតាមកាក់រថយន្តជាប់ ដោយជិះម៉ូតូទៅស្ទាក់ពីមុខ ស្រាប់តែរថយន្តបើកកៀរម៉ូតូនោះ បណ្តាលឲ្យដួលរងរបួសអ្នកបើកម៉ូតូម្នាក់ទៀត ទើបនគរបាលខណ្ឌចំការមន ប្រចាំការនៅជិតនោះ ប្រទះឃើញធ្វើការឃាត់រថយន្តនោះតែម្ដង។ បន្ទាប់ពីឃាត់រថយន្តនោះ បានហើយ អ្នករងរបួសទាំងបីនាក់ បានយកទៅព្យាបាលនៅគ្លីនិកឯកជន នៅជិតកន្លែងកើតហេតុ។
ក្រោយកើតហេតុ អ្នកបើកម៉ូតូស្កុបពី ត្រូវបានខាងរថយន្ត ចេញថ្លៃព្យាបាលរបួស ហើយសងការខូចខាតម៉ូតូ ចំនួន ២០ ដុល្លារ ដើម្បីបញ្ចប់រឿងមួយវគ្គសិន។
ចំណែកអ្នកបើករ៉ឺម៉កម៉ូតូ រងរបួសក្បាល សាច់ញាតិរង់ចាំថតស្គែនសិន មិនអាចធ្វើការចរចាគ្នាបាន ត្រូវសមត្ថកិច្ច យករថយន្តបង្ក និងរ៉ឺម៉កម៉ូតូដែលរងការខូចខាតយ៉ាងដំណំនោះ យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ រង់ចាំធ្វើការដោះស្រាយបន្តទៀត៕