ភ្នំពេញ៖ កម្ពុជាជាប្រទេសកសិកម្មមួយក្នុងចំណោមប្រទេសនានា នៅលើសកលលោក ហើយផលិត ផលកសិកម្មដែលសំខាន់ជាងគេគឺដំណាំស្រូវ ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសកម្ពុជាឲ្យដឹងថា តាមការកត់សម្គាល់ប្រជាកសិករខ្មែរ បាននិងកំពុងតែឈានទៅប្រើប្រាស់គ្រឿងយន្ត ជាមធ្យោបាយធ្វើកសិកម្មច្រើនឡើងៗ នៅទូទាំងប្រទេស។
ម៉ាស៊ីនស្ទូងស្រូវត្រូវបានគេនាំចូលមកលក់នៅក្នុងទីផ្សារនៃប្រទេសកម្ពុជាហើយបន្ទាប់ពីតម្រូវ ការចាំបាច់របស់ប្រជាកសិករកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ កត្តាដែលចាំបាច់ត្រូវប្រើ ប្រាស់ម៉ាស៊ីនស្ទូងស្រូវជំនួសកម្លាំងមនុស្សនោះ គឺបណ្តាលមកពីការខ្វះកម្លាំងពលកម្មលើផ្នែកនេះកាន់តែច្រើនទៅៗ និងមួយផ្នែកទៀត ការប្រើកម្លាំងមនុស្ស សម្រាប់វិស័យនេះ មានការធ្លាក់ចុះថយ ដោយសារពលករជាច្រើនងាកទៅធ្វើការនៅក្នុងវិស័យសំណង់ និងវិស័យកាត់ដេរព្រមទាំងការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។
ដើម្បីបំពេញកង្វះខាតកម្លាំងពលករនេះ គ្រឿងយន្តកសិកម្មរឹតតែត្រូវការចាំបាច់សម្រាប់ការធ្វើកសិកម្មនៅកម្ពុជា ដូចជា ម៉ាស៊ីនភ្ជូរដី ម៉ាស៊ីនច្រូតស្រូវ និង ម៉ាស៊ីនស្ទូងស្រូវដែលកសិករត្រូវការជាចាំបាច់។
លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ការកើនឡើងនូវការប្រើ គ្រឿងយន្តសម្រាប់វិស័យកសិកម្មនេះ មួយផ្នែកដោយសារ វិស័យកសិកម្មមានការរីកចម្រើន និងមួយផ្នែកទៀត ការប្រើកម្លាំងមនុស្ស សម្រាប់វិស័យនេះ មានការធ្លាក់ចុះ ដោយសារពលករជាច្រើនងាកទៅធ្វើការនៅក្នុងវិស័យសំណង់ និងវិស័យកាត់ដេរព្រមទាំងការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ ជាងនេះទៅទៀតការប្រើប្រាស់គ្រឿងយន្តសំរាប់ វិស័យកសិកម្មគឺចំណាយពេលតិចទទួលបានផលច្រើន ដោយសារកត្តាផលិតកម្មគឺអនុវត្តតាមកម្រិតស្តង់ដា ទាំងការធ្វើដី ការស្ទូងស្រូវ ឬ ព្រោះស្រូវ និងការប្រមូលផលស្រូវជាដើម។
លោក ចម ប្រសិទ្ធ អះអាងថា កម្ពុជាបានឈានចូលទៅក្នុងយុគ្គសម័យម៉ាស៊ីន ដូច្នេះរាល់ការ ផលិតនាពេលខាងមុខអាចនឹងឈានទៅប្រើប្រាស់គ្រឿងយន្ត ឬ គ្រឿងចក្រចាំបាច់ជាងការប្រើប្រាស់កម្លាំងមនុស្ស ហើយមនុស្សត្រូវវិវត្តទៅរកស្ថានភាពផ្សេងដែលអាចរកកម្រៃបានលើសពីការងារកសិកម្មបែបទម្លាប់តគ្នា ។
ទាក់ទិនទៅនឹងម៉ាស៊ីនស្ទូងស្រូវ លោក សុធា គឺជាអ្នកបំរើការផ្នែកលក់របស់ក្រុមហ៊ុនគ្រឿងយន្តកសិកម្មគូបូតា បានលើកឡើងថា ម៉ាស៊ីនស្ទូងស្រូវត្រូវបានគេប្រើប្រាស់ជាយូរមកហើយនៅតាមបណ្តាប្រទេសជឿនលឿន ។ ដោយឡែកនៅកម្ពុជាទើបតែមានការនាំចូលមកប្រហែល ជា៣ឆ្នាំនេះទេ ហើយម៉ាស៊ីនដែលនាំចូលមកតាមរយៈក្រុមហ៊ុនខាងលើនេះមានពីរប្រភេទ គឺប្រភេទដើរតាម និងប្រភេទអង្គុយពីលើ ។ ប្រភេទដើរតាមស្ទូងស្រូវបាន៤ទៅ៦ជួរអាចជំនួសកម្លាំងមនុស្សបានពី៨០ទៅ៩០នាក់ ហើយសម្រាប់ប្រភេទអង្គុយពីលើស្ទូងបាន៨ជួរនឹងអាចធ្វើការជំនួសមនុស្សបាន១២០នាក់ ។
លោក សុធា បន្តថា ប្រភេទម៉ាស៊ីនស្ទូងស្រូវនេះ មានភាពងាយស្រួលមែនទែន ព្រោះក្រោយ ពេលទិញ ក្រុមហ៊ុននឹងបញ្ជូនអ្នកបច្ចេកទេសជំនាញទៅជួយបង្ហាត់បង្រៀនតាំងពីរបៀបប្រើ ប្រាស់ របៀបធ្វើសំណាបលើថ្នាលសំណាបសិប្បនិម្មិត និងរបៀបប្រើប្រាស់ផ្សេងទៀតពាក់ព័ន្ធនឹងម៉ាស៊ីនស្ទូងនេះដល់កសិករ។ ចំពោះថាមពលផលិតរបស់វាគឺមួយថ្ងៃអាចស្ទូងបានពី៥ទៅ ៦ហិកតា និងស៊ីសាំងតិចជាងម៉ាស៊ីនត្រាក់ទ័រ។
លោកបានបញ្ជាក់ថា បច្ចុប្បន្នម៉ាស៊ីនស្ទូងស្រូវប្រភេទថ្មីសុទ្ធតែម្តងគឺក្រុមហ៊ុននាំចូលមកមាន ចំនួន៣គ្រឿង ២គ្រឿងដាក់ស្ទូងសាកល្បងជូនប្រជាកសិករនៅខេត្តបាត់ដំបង និង១គ្រឿងនៅខេត្តកំពង់ធំ ។ លោកអះអាងថា នៅពេលខាងមុខនេះក្រុមហ៊ុននឹងនាំយកមកលក់ជាច្រើនគ្រឿង ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាកសិករ ចំពោះតម្លៃវិញលោកមានជំនឿថាប្រជាកសិករយើងអាចមានលទ្ធភាពទិញមកប្រើប្រាស់ ព្រោះវាមានតម្លៃថោកជាងត្រាក់ទ័រ ដែលពួកគាត់បានទិញជាច្រើនគ្រឿងក្នុងមួយឆ្នាំៗ៕
ដោយ៖ វិជ្ជា