ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងខណៈដែលបុរសម្នាក់វ័យជាង ៣០ឆ្នាំ ចូលទៅផឹកស៊ី ក្នុងហាងមួយកន្លែងស្ថិតនៅជិតទីតាំងវាយកូនហ្គោល ក្នុងភូមិទួលគោក ក្រុមទី ១២ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ហើយបានទាល់ពាក្យសម្តីគ្នាជាមួយក្មេងស្ទាវមួយក្រុមដែលផឹកស៊ីតុជិតគ្នា រហូតធ្វើឲ្យពួកគេផ្ទុះហិង្សា ទ្រាំមិនបានវាយគ្នាផ្អើលពេញហាង បណ្តាលឲ្យមនុស្សចំនួន ២ នាក់ រងរបួសធ្ងន់ធ្ងរ ។
ករណីនេះសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទួលសង្កែដែលចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២៣ និង ១០ នាទីយប់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៣ ។
ហើយនៅមុនពេលកើតមានករណីនេះ គឺមានបុរសម្នាក់បានចូលទៅផឹកក្នុងហាងត្រង់ចំណុចកើតហេតុតែម្នាក់ឯង រហូតស្រវឹងស្រាជោគខ្លួន បាននិយាយពាក្យឌឺដងជាមួយនិងក្រុមក្មេងស្ទាវមួយក្រុមមានគ្នា ៥ នាក់ដែលកំពុងអង្គុយផឹកស៊ីក្នុងហាងជាមួយគ្នានោះ រហូតធ្វើឲ្យបុរសខាងលើ ទ្រាំមិនបានដើរចូលសំដៅទៅវាយយុវជនម្នាក់ក្នុងចំណោមបក្ខពួក ៥ នាក់ ឲ្យសន្លប់ស្តូកស្តឹង ប៉ុន្តែខណៈនោះយុវជនចំនួន ៤ នាក់ទៀតដែលមិនទាន់សន្លប់បានព្រួតគ្នាវាយបុរសខាងលើឲ្យ បែកមុខ បែកមាត់ រងរបួសធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញក្នុងហាងផឹកស៊ីនោះតែម្តង ។
សមត្ថកិច្ចដដែលបានបន្តថា ក្រោយកើតហេតុមានហេតុការណ៍ភ្ញាក់ផ្អើល ខាងលើអ្នករងរបួសទាំង ២
នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីព្យាបាលរបួស ចំណែកយុវជន ៤ នាក់ ទៀតដែលមិនមានរងរបួសបាននាំគ្នា រត់គេចខ្លួនអស់ក្រោយពេលកើតហេតុ។ ប៉ុន្តែពាក់ព័ន្ធនឹងករណីនេះដែរ អ្នករងរបួសទាំង ២ នាក់ ត្រូវបានសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាលរបួសសិន លុះស្អែកឡើងទើបសមត្ថ កិច្ចចុះធ្វើការសាកសួរ ដើម្បីដោះស្រាយបញ្ហាខាងលើ៕
» ព័ត៌មានជាតិ » ជនទំនើង២ក្រុមផឹកស្រាស្រវឹងឈ្លោះគ្នារហូតវាយគ្នាបណ្តាលឲ្យរងរបួសធ្ងន់ ២ នាក់