ភ្នំពេញ ៖ យុវជន ២ នាក់ ជិះម៉ូតូធុនធំ មួយគ្រឿង ចេញពីក្លឹបរាំកម្សាន្ត ក្នុងល្បឿនលឿន ឆ្លងកាត់ផ្លូវ ត្រូវនារី ម្នាក់កំពុងជិះម៉ូតូអ៊ែប្លែត លឿនជ្រុលបុកចំពាក់កណ្តាល ម៉ូតូធុន ធំនោះយ៉ាងពេញទំហឹង បណ្តាលឲ្យ ម៉ូតូទាំង២ គ្រឿង មានគ្នាចំនួន ៣នាក់ត្រូវរង របួសធ្ងន់ស្រាល ។ គ្រោះថ្នាក់នេះសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កើតឡើង កាលពី វេលាម៉ោង ១២ និង ៣០ នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៣ ស្ថិតនៅមុខក្លឹបចាសស្ទីយោ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់នេះ បង្ក ឡើងដោយសារយុវជន ចំនួន ២ នាក់ ជិះម៉ូតូSZ 160CC ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-2796 ចេញពី ក្លឹបរាំកម្សាន្ត ឆ្លងកាត់ផ្លូវម៉ៅសេទុងយ៉ាង លឿន ដោយមិនបានមើលមុខមើលក្រោយ ទើបបណ្តាលឲ្យនារីម្នាក់ ដែលកំពុង ជិះម៉ូតូ អ៊ែប្លែត ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ បាត់ដំបង 1S-5556 ធ្វើដំណើរតាម បណ្តោយ ផ្លូវម៉ៅសេទុង ក្នុងល្បឿនលឿនផងនោះ បានជ្រុលទៅបុកចំពីពាក់កណ្តាល ម៉ូតូ SZ យ៉ាងពេញទំហឹងលាន់លឺ ដូចរន្ទះ បណ្តាលឲ្យនារីម្នាក់នោះ និងយុវជនម្នាក់ ជាអ្នកបើកបរម៉ូតូSZ ត្រូវរងរបួសធ្ងន់ធ្ងរ ចំណែកឯយុវជនម្នាក់ទៀត ដែលធ្វើដំណើរជា មួយម្ចាស់ ម៉ូតូ SZ ត្រូវរងរបួសស្រាល រីឯម៉ូតូទាំង ២ គ្រឿងរងការខូចខាតខ្ទេចគាបជាប់គ្នា នៅចំកណ្តាលផ្លូវតែម្តង ។
សមត្ថកិច្ចបានបញ្ចាក់ថា ហេតុការណ៍នេះបង្កឡើងដោយសារម្ចាស់ម៉ូតូSZ ជិះលឿន ពេកចេញពី ក្លឹប រាំកម្សាន្ត ដោយមិនមើលមុខមើលក្រោយ ក៏បណ្តាលឲ្យនារី ម្នាក់ដែល គ្នាកំពុងជិះម៉ូតូស្របទិស គេចមិនទាន់ ជ្រុលបុកយ៉ាងពេញទំហឹងតែម្តង។ ក្រោយកើត ហេតុម៉ូតូទាំង ២ គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើមកវាស់វែងអូស យកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកអ្នក រងរបួស ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ៗ ៕