ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន ៣ នាក់ត្រូវរងរបួសបែកក្បាល បាក់ដៃ បាក់ជើង សន្លប់ស្តូក ស្តឹងនៅ លើកំណាត់ផ្លូវលេខ ៣៦០ ជិតទីស្នាក់ចំណតរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ក្នុងខណៈដែលពួកគេ បានជិះម៉ូតូចំនួន ពីរគ្រឿងបញ្រ្ចាសទិសគ្នា ហើយជ្រុលបុកគ្នាយ៉ាងពេញទំហឹង កាលពីវេលា ម៉ោង ២១ និង ០០នាទី យប់ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៣ ។
សាក្សីដែលបាននៅកន្លែងកើតហេតុ បានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះនិយាយ រៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគេបានឃើញនារី២នាក់ជិះម៉ូតូ ១គ្រឿង ម៉ាកស៊ីរូស ពណ៌ ប្រផេះ ពាក់ស្លាកលេខនគរបាល ធ្វើដំណើរតាម បណ្តោយផ្លូវលេខ ៣៦០ ក្នុងទិសដៅពីលិចទៅកើត ដោយបានជិះក្នុងល្បឿនល្មម ខណៈជិះ មកដល់ចំណុចកើតហេតុស្រាប់តែមានយុវជនម្នាក់ទៀតជិះម៉ូតូ ១ គ្រឿងម៉ាកសេ ១២៥ ពណ៌ខ្មៅ ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បញ្ច្រាសទិសគ្នាជាមួយ ម៉ូតូស៊ីរូស ដោយម៉ូតូសេ ១២៥ បើកលឿនគេចពីរថយន្តមួយគ្រឿង បណ្តាលឲ្យរេចង្កូតទៅបុកគ្នា ចំពីមុខម៉ូតូស៊ីរូសយ៉ាងពេញទំហឹង បណ្តាលឲ្យនារី ២ នាក់ម្ចាស់ម៉ូតូស៊ីរូសដួលបោកក្បាលនឹង ថ្នល់របួសធ្ងន់ធ្ងរទាំង ២នាក់ ចំណែកយុវជនម្នាក់ជាម្ចាស់ម៉ូតូសេ ១២៥ រងរបួស ស្រាល រីឯម៉ូតូទាំង ២គ្រឿងរួញគាបជាប់គ្នារងការខូចខាតយ៉ាងដំណំ ។
បន្ទាប់ពីកើតហេតុអ្នករងរបួសត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរ ពេទ្យភ្លាមៗ ចំណែកម៉ូតូទាំង ២ គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងអូសយកទៅរក្សាទុក នៅការិយាល័យ ចរាចរជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ គ្រោះថ្នាក់ នេះបង្កឡើងដោយសារ យុវជនម្ចាស់ម៉ូតូសេ ១២៥ ជិះលឿនពេកគេចពីរថយន្តទើបបង្កឲ្យ កើតមានគ្រោះថ្នាក់ខាងលើនេះ តែម្តងទៅ៕