កណ្ដាល ៖ ទោះបីជាមានបម្រាម មិនឱ្យនេសាទក្នុងរដូវហាមឃាត់យ៉ាងណាក៏ដោយ ក៏បម្រាមនេះហាក់ដូច ជាគ្មានប្រសិទ្ធភាពឡើយ ។ មន្ដ្រីជលផលដែលជាអ្នកអនុវត្ដច្បាប់ ធ្វើឡើងដោយប្រយោលបណ្ដោយឱ្យកើតមានបទល្មើសនេសាទពេញបន្ទុក ក្នុងភូមិសាស្ដ្រស្រុកកៀនស្វាយខេត្ដកណ្ដាល ពិសេសតំបន់ព្រៃលិចទឹកដែលជាជម្រកត្រីពងកូនក្នុងបឹងធម្មជាតិ ។
ចាប់តាំងពីទឹក ចូលបឹងជន់លិចតំបន់ ព្រៃលិចទឹកមានសេចក្ដីរាយការណ៍ជា ច្រើនពាក់ព័ន្ធនិងបទល្មើសនេសាទ កើតពេញបឹង និងតំបន់ព្រៃលិចទឹក ជា ជម្រកត្រីពងកូន ដោយជនខិលខូចដាក់ ឡុកស្បៃមុងរាប់ពាន់ម៉ែត្រ នៅឃុំ៤ រួមមានឃុំកំពង់ស្វាយ ឃុំបន្ទាយដែក ឃុំសំរោងធំ និងឃុំគគីរធំ ។
បទល្មើសនេសាទ ប្រើប្រាស់ឧបករណ៍ខុសច្បាប់ក្នុងរដូវហាមឃាត់នេះបានកើតឡើងពេញ ផ្ទៃទឹកក្នុងភូមិសាស្ដ្រឃុំ៤ខាងលើ ។ ក្នុងឡុកស្បៃមុងនីមួយៗមាន ប្រវែងជិត១០០០ម៉ែត្រ ជាប្រភេទស្បៃ មុងក្រឡាល្អិតសូម្បីតែកូនត្រីទើបញាស់ក៏ចេញមិនរួចដែរ ។
សេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធបទល្មើសនេសាទ កើតមានក្នុងរដូវហាមឃាត់កំពុងបំផ្លាញធនធានមច្ឆជាតិនេះ អ្នកយកព័ត៌មាន បានជួលទូកម៉ាស៊ីន១គ្រឿងចុះទៅថត រូបភាពជាក់នៅលើផ្ទៃទឹកបឹង និងតំបន់ព្រៃលិច ទឹកហើយបានពិនិត្យឃើញថាពោរពេញ ទៅ ដោយឧបករណ៍នេសាទខុសច្បាប់ ប្រភេទឡុកស្បៃមុងរាប់សិបកន្លែងដែលគេដាក់ជាចំហ និងខ្លះទៀតដាក់ព័ទ្ធ ជុំវិញព្រៃលិចទឹក ដោយមិនខ្លាចសមត្ថ កិច្ចជលផលនោះទេ ។ ចំណុចដែលកើត បទល្មើសនេសាទពេញបន្ទុកទី១ នៅលើ ផ្ទៃបឹងធំល្វឹងល្វើយ និងតំបន់ព្រៃលិច ទឹកលាតសន្ធឹងចាប់ពីឃុំបន្ទាយដែក ឃុំ សំរោងធំ និងឃុំគគីរធំ ស្រុកកៀនស្វាយ ។ ចំណុចនេះពោរពេញទៅដោយឡុកស្បៃមុងរាប់សិបកន្លែងពេញផ្ទៃទឹក ជាពិសេស នៅតំបន់ចុងព្រែក ប៉ុល ព្រែកតាកែវ និងព្រែកថ្មីភូមិគគីរធំ ។ ទី២នៅចុង ព្រែកថ្មីតំបន់ប្រាសាទ៥ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ។ តំបន់នេះពោរពេញ ទៅដោយឡុកស្បៃមុងប្រវែងរាប់រយម៉ែត្រ ហើយមានទូកតាខេរបស់មន្ដ្រីជលផលដាក់ ប្រចាំការនៅតំបន់នោះផង ។
បើតាមប្រជានេសាទ ប្រាប់ថា ទូកតាខេ របស់ជលផលនេះមិនមែនបង្ក្រាបបទល្មើសនេសាទនោះទេ គឺសម្រាប់ដើរប្រមូល លុយពីជនខិលខូចដែលដាក់ឡុកស្បៃមុងទៅវិញ ។ បើអ្នកប្រព្រឹត្ដបទល្មើសនេ សាទណាមិនព្រមបង់លុយឱ្យទេនោះនឹង ត្រូវកាប់បំផ្លាញឧបករណ៍នេសាទទាំង នោះចោល ។
បើតាមប្រភព ព័ត៌មានក្រៅផ្លូវការ បានឱ្យដឹងថា បនល្មើសនេសាទដែល កើតឡើងពេញ បន្ទុកក្នុងស្រុកកៀនស្វាយនេះ គឺអ្នកប្រព្រឹត្ដល្មើសបង់លុយឱ្យ មន្ដ្រីជលផលក្នុង១កន្លែងបង់១០ម៉ឺន រៀលយោធាស្រុក៥ម៉ឺនរៀលដោយឈ្មោះ អួនជាអ្នកដើរប្រមូល ។
លោកហេង ធៀម អភិបាល ស្រុកកៀនស្វាយបានប្រាប់យ៉ាងខ្លីថា គណៈ បញ្ជាការឯកភាពស្រុកមានផែនការ ចុះបង្ក្រាបតែមិនទាន់កំណត់ពេលវេលាទេ ។ បន្ទាប់ពីបទល្មើសនេសាទកើត ពេញបន្ទុកក្នុងរដូវហាមឃាត់និងប្រើ ប្រាស់ឧបករណ៍ល្មើសច្បាប់ទៀតនោះ ប្រជា ពល រដ្ឋបានសំណូមពរដល់លោក ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុករដ្ឋបាលជល ផល និងលោកអភិបាលខេត្ដកណ្ដាលមេត្ដាជួយចុះបង្ក្រាប ផង បើសង្ឃឹមមន្ដ្រីថ្នាក់ ក្រោមអត់បាន ការស្អីទេ មច្ឆជាតិជិតផុតពូជរលាយអស់ហើយ ៕ ដោយ៖ នាយរំពេរ