ព្រះសីហនុ ៖ នៅពេលដែលគេនិយាយពីការធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ គឺគេច្រើនសម្ដៅទៅកាន់ដំណើរកម្សាន្តទៅកាន់ខេត្តមួយ ដែលមានឆ្នេរសមុទ្រដ៏សក្បស់ និងទឹកសមុទ្រដ៏ថ្លាឈ្វេងនៃព្រះរាជាណាចក្រកម្ពុជា។ យ៉ាងណាមិញប្រសិនបើអ្នកទេសចរណ៍ចោលភ្នែកបន្តិចងាកមើលទៅខាងស្តាំដៃ ចម្ងាយប្រហែលជា១១៦ ទៅ១១៩គីឡូម៉ែតពីរាជធានីភ្នំពេញនៅអំឡុងពេលដែលពួកគាត់ កំពុងធ្វើដំណើរនោះ។ ពួកគាត់នឹងបានឃើញស្លាកមួយដែលបញ្ជាក់ប្រាប់ពីផ្លូវចូលទៅកាន់ រមណីយដ្ឋានដ៏ស្រស់ត្រកាលនិងគួរជាទីទាក់ភ្នែកទាក់អារម្មណ៍មួយ នោះគឺរមណីយដ្ឋាន“ថ្មរូង។ “ ថ្មរូង” គឺជារមណីយដ្ឋានទឹកធ្លាក់មួយដែលទើបតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ប្រហែលជាប៉ុន្មានឆ្នាំចុងក្រោយនេះ។ រមណីយដ្ឋាន“ថ្មរូង”នេះ គឺស្ថិតនៅឃុំសំរោង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ កាលពីមុនតំបន់នេះ គឺជាព្រៃយ៉ាងក្រាស់ដែលមានត្រឹមតែពួកព្រានព្រៃ និងអ្នកដើររកឈើតែប៉ុណ្ណោះដែលអាចចូលមកដល់បាន។ ប៉ុន្តែសព្វថ្ងៃតំបន់នេះបានក្លាយជារមណីយដ្ឋានទឹកធ្លាក់មួយដ៏ស្រស់បំព្រង និងនៅរុំព័ទ្ធជុំវិញទៅដោយព្រៃយ៉ាងក្រាស់។ ទឹកធ្លាក់ពីលើភ្នំនេះបានទាក់ទាញភ្ញៀវទេសចរណ៍ និងបានផ្តល់ជាមុខរបរដល់ប្រជាជនដែលរស់នៅជុំវិញតំបន់នេះ។
អាជីវករមួយរូប ជាម្ចាស់តូបនៅរមណីយដ្ឋានទឹកធ្លាក់ “ថ្មរូង”នេះបាននិយាយថា “វាបានធ្វើឲ្យជីវភាពគ្រួសារបានប្រសើរ ហើយដោយសារតែប្រជាពលរដ្ឋនៅតំបន់នេះ ចេះជួយសាមគ្គីគ្នា និងមានការជ្រុំជ្រែងពីរាជរដ្ឋាភិបាលយ៉ាងខ្លាំងនោះ រមណីយដ្ឋានទឹកធ្លាក់នេះ មានការសម្អាតអភិរក្សបានល្អ ដែលធ្វើឲ្យទីនេះកាន់តែមានភាពស្រស់ស្អាត និងរុំព័ទ្ធទៅដោយធម្មជាតិព្រៃយ៉ាងក្រាស់។
រមណីយដ្ឋានទឹកធ្លាក់នេះបានចែកជា៣ជាន់ ដែលអ្នកទេសចរណ៍ភាគច្រើនតែងនាំគ្នាលេងត្រឹមតែទឹកធ្លាក់ទី១ ប៉ុណ្ណោះ ព្រោះថាទឹកធ្លាក់ជាន់ទី២ និងជាន់ទី៣ មានសភាពស្ងាត់ និងសម្បូរទៅដោយព្រៃក្រាស់។ ប៉ុន្តែទឹកធ្លាក់ជាន់ទី២ និងទី៣ មានសម្លេងទឹកហូរមិនដាច់ និងមានធម្មជាតិស្រស់បំព្រង។ ក្រៅពីនេះនៅផ្នែកទាំងពីរនេះ មានរូងជាច្រើនកន្លែង ដែលអាចចុះទៅទៅកាន់រូងផ្សេងៗទៀត ហើយមានផ្ទាំងថ្មធំៗជាច្រើន។ ដូច្នេះ គេហៅថាតំបន់នេះថា “ថ្មរូង។
អ្នកទេសចរណ៍មួយដែលបានមកកម្សាន្តនៅរមណីយដ្ឋានមួយបានសម្តែងពីអារម្មណ៍ថា “ខ្ញុំ ធ្លាប់បានឮជាយូរហើយថាមានទឹកធ្លាក់ថ្មរូងនៅតាមផ្លូវទៅកាន់ខេត្ត ព្រះសីហនុ។ ប៉ុន្តែទើបតែពេលនេះ ទើបខ្ញុំមានពេលមកលេងកម្សាន្តជាមួយនឹងមិត្តភក្តិរបស់ខ្ញុំ។ ហើយប្រសិនបើមានឱកាស ខ្ញុំនឹងនាំក្រុមគ្រួសាររបស់ខ្ញុំមកកម្សាន្ត នៅកន្លែងដ៏រ៉ូមេទិកមួយនេះជាមួយគ្នាតែម្តង។
បរិយាកាសដ៏ស្រស់ថ្លា សម្រស់ទេសភាពដ៏ស្រស់បំព្រងនៃរមណីយដ្ឋានថ្មរូងធម្មជាតិនេះ ស្ទើរតែ ធ្វើឲ្យខ្ញុំលែងចង់ត្រលប់ទៅវិញហើយ ព្រោះនៅទីនេះមិនត្រឹមតែធ្វើឲ្យពួកយើងមានអារម្មណ៍ថា សប្បាយរីករាយនោះទេ តែវាបានជួយឲ្យយើងភ្លេចអស់នូវទុក្ខកង្វល់ផ្សេងៗបានយ៉ាងច្រើន ថែមទៀតផង”៕ ដោយ៖ ឆដា