ក្រចេះ៖ បេក្ខជននិងបេក្ខនារីចំនួនជិត២ពាន់នាក់មកពីវិទ្យាល័យនានានៅក្នុងក្រចេះបានចូលរួមប្រឡងបាក់ឌុបឆ្នាំ២០១៣។បើតាមសំដីរបស់ លោកឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តក្រចេះបានឲ្យ
ដឹងថា បេក្ខជន និងបេក្ខនារីដែលបានចូលរួមប្រឡងយកសញ្ញាបត្រ័ទុតិយភូមិបាក់ឌុបនាឆ្នាំ២០១៣នេះគឺមានចំនួន១៧០៧នាក់ មកពី១០វិទ្យាល័យនៅទូទាំងខេត្ត ។
គេសង្កេតឃើញថា ដំណើរការនៃការប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងថ្ងៃទី២ ខែសីហានៅតាមមណ្ឌលប្រឡងទាំង៤មណ្ឌលនៅទូទាំងខេត្តក្រចេះគឺមានសភាពស្ងប់ស្ងាត់ល្អដោយមានការយាមកាមយ៉ាងតឹងរឹងពីសំណាក់កម្លាំងនគរបាលនៃផ្នែកខាងក្រៅបន្ទប់នៃមណ្ឌលប្រឡង ជាពិសេសក៏មានការចុះត្រួតពិនិត្យយ៉ាងម៉តចតពី សំណាក់លោកគ្រូ អ្នកគ្រូមេប្រយោគនិងអនុរក្សតាមបន្ទប់ប្រលងនីមួយៗលើការឆែកឆេរមិនអនុញ្ញាឲ្យបេក្ខជនយកនូវប្រីយ៉ុង រឺទូរសព្ទដៃចូលក្នុងបន្ទប់ប្រឡងនោះទេ។
ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោក ឡាយ បូរ៉ា បានថ្លែងប្រាប់ឲ្យដឹងតាម ទូរសព្ទថា នៅទូទាំងខេត្តក្រចេះ គឺមានមណ្ឌលប្រលងចំនួន៤មណ្ឌល ក្នុងនោះក្រុង ក្រចេះមាន៣មណ្ឌល និងស្រុកឆ្លូង១ បែងចែកជា៧០បន្ទប់ និងមានបេក្ខជនប្រលងចំនួន ១៧០៧នាក់ បេក្ខនារី៨៧០នាក់ មកពី១០វិទ្យាល័យនៅទូទាំងខេត្ត។
លោកប្រធានមន្ទីរបានបញ្ជាក់ថា មានលោកគ្រូ អ្នកគ្រូ ជាមេប្រយោគ និងអនុរក្ស ជាច្រើនរយនាក់ មកពីភ្នំពេញ និងខេត្តដ៏ទៃ មានមួយចំនួននៅខេត្តក្រចេះ បានចុះត្រួត ពិនិត្យយ៉ាងតឹងរឹងលើការប្រឡងរបស់បេក្ខជន។ លោកប្រធានមន្ទីរបានអះអាងទៀតថា នៅថ្ងៃប្រឡងថ្ងៃទីមួយនេះ គឺបានប្រព្រឹត្តទៅដោយប្រក្រតីគឺមិនមានបាតុភាពអាក្រក់ ណាមួយកើតមាននៅក្នុងមណ្ឌល និងក្រៅមណ្ឌលទាំង៤នេះទេ ដោយសារតែការយាម កាមរបស់កម្លាំងនគរបាល និងមេប្រយោគយ៉ាងតឹងរឹង ម៉តចតយ៉ាងត្រឹមត្រូវរួច មកនោះ៕ កែវ រដ្ឋា