ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ឡាយ​ ខុម ឃុបឃិត​ជាមួយ​ឈ្មួញ​នាំចូល​ទំនិញ​គេច​ពន្ធខុស​ច្បាប់​

លោក ឡាយ​ ខុម ឃុបឃិត​ជាមួយ​ឈ្មួញ​នាំចូល​ទំនិញ​គេច​ពន្ធខុស​ច្បាប់​

បាត់ដំបង ៖ លោក ឡាយ ខុម ​មេបញ្ជាការរង វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨១៧ ​គ្រប់គ្រង​ច្រកព្រំដែន ចាប់ពី​ព្រំប្រទល់​ស្រុក​ភ្នំព្រឹក នៃ​ខេត្តបាត់ដំបង រហូតដល់​ស្រុក​ម៉ាឡៃ ខេត្ត​​​បន្ទាយ​​មានជ័យ ត្រូវគេសង្ស័យថា បាន​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញនាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ ឆ្លងកាត់​ព្រំដែន​យ៉ាង​អនាធិបតេយ្យ​បំផុត គ្មាន​ក្រែង​ញញើត​ពី​ច្បាប់ទម្លាប់ ឬ​ការ​រឹតបន្តឹង​របស់​ថ្នាក់លើ​នោះទេ ហើយ​ផលប្រយោជន៍​ដែល​ប្រមូលបាន​ទំនងជា​លោក ចាត់ចែង​ទៅ​សែនព្រេន ថ្នាក់លើ​ខ្លះ​ដែរ​ហើយ​មើលទៅ បានជា​អ្វីៗ​ចេះតែ​រលូន​ល្អ មិនដែល​មានការ​ដាក់​ពិន័យសោះ​។

​គេបាន​បង្ហើប​ឲ្យ​ដឹងថា លោក ឡាយ ខុម ជា​មេបញ្ជាការរង​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨១៧ ក៏ពិតមែន ប៉ុន្តែ​គាត់​ទទួលបន្ទុក​ផ្នែក​សេដ្ឋកិច្ច ដូច្នេះ​គាត់​មាន​សិទ្ធិអំណាច​កាប់​ដាវ ដើម្បី​ប្រមូល​លុយ​យកទៅ​ទ្រទ្រង់ ឆ្នាំងបាយ​ថ្នាក់លើ ហើយ​ជាធម្មតា អ្នកកាន់ការ​ងារ​​​លុយកាក់ តែង​​តែ​​​មាន​​​ឥទ្ធិពល​អំណាច​ចង់​ខ្លាំង​ជាង មេ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨១៧ ទៅទៀត​។ គេបន្តថា លោក ឡាយ ខុម គឺជា​មនុស្ស​មាន​អាជីព​កាប់​ដាវ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​​​រក​​ស៊ី​​​នាំចូល​ទំនិញ​​គេចពន្ធ គ្រប់​ប្រភេទ​មកពី​ស្រុកថៃ ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ ច្រើនសន្ធឹក​សន្ធាប់ ហើយ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល រួមទាំង​សេចក្តីណែនាំ​របស់ អគ្គស្នងការ​នគរបាល​ជាតិ លោក ឡាយ ខុម បាន​យកទៅ​ទ្រាប់​គូទ​អង្គុយ​មិនដែល​ខ្វល់ខ្វាយ​អ្វី​ទាំងអស់ ធ្វើយ៉ាងណា​ឲ្យ​តែ​គាត់​អាច​ប្រមូល​លុយ យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួនគឺចប់​។​​

តំបន់​ដែល​គ្រប់គ្រង​ដោយ​លោក ឡាយ ខុម ពី​ចំណុច​ព្រំប្រទល់​ស្រុក​ភ្នំព្រឹក រហូតដល់​ស្រុក​ម៉ាឡៃ គេ​សង្កេតឃើញ​មាន​ច្រករបៀង ខុសច្បាប់​ចំនួន​៨​កន្លែង សុទ្ធសឹងតែ​ជា​ចំណុច​យុទ្ធសាស្ត្រ ដែល​ក្រុម​ឈ្មួញ​ធំៗ​ប្រើប្រាស់ ក្នុងការ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ មានដូចជា​គ្រឿងសំណង់ សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ ហ្គាស ជ្រូក​ក្រហម មាន់​កសិកម្ម ចំណីអាហារ មាន​សារ​​​ធាតុ​​​គីមី និង​ខូចគុណភាព ក៏ត្រូវ​បាន​នាំចូល​តាម​ច្រករបៀង ទាំង​៨​កន្លែង​នោះ យ៉ាង​អនាធិបតេយ្យ​បំផុត​។ ទំាងអស់នេះមកពីលោក ឡាយ ខុម បាន​បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​ឈ្មួញ លួច​នាំចូល​ទំនិញគេចពន្ធ យ៉ាង​អនាធិបតេយ្យ​ហើយ​នោះ គេ​សង្កេតឃើញ​ជំនាញ​គយ និង​សមត្ថកិច្ច​មួយចំនួនទៀត គ្រាន់តែ​ជា​ជើង​ក្រោយ​ប៉ុណ្ណោះ អាច​និយាយបានថា លោក ឡាយ ខុម គឺជា​អ្នក​បោះ​មេ ក្នុងការ​បែងចែក​លុយ​កាក់ ឲ្យ​សមត្ថកិច្ច​ជំនួស​ក្រុម​ឈ្មួញ​។​​

លោក ឡាយ ខុម មិន​ត្រឹមតែ​ជា​អ្នក​ក្តោប​ក្តាប់ ការងារ​សេដ្ឋកិច្ច​លុយកាក់ ប្រចាំ​អង្គភាព​វរៈ​ការពារ​ព្រំដែន​លេខ​៨១៧ ប៉ុណ្ណោះ​ទេ គឺ​លោកត្រូវគេ​ដឹងថា ជា​មេ​ឈ្មួញ​ជួញដូរ​​ប្រព្រឹត្ត បទ​​ល្មើស​​​ឆ្លងកាត់​ព្រំដែន ដែល​ហ៊ាន​ចេញមុខ​ចេញ​មាត់ ខ្លាំងជាងគេ​ផងដែរ​។ ជាពិសេស​នៅលើ​ទឹកដី ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង គេ​សង្កេតឃើញ​មុខ​ជំនួញ​រកស៊ី​ខុសច្បាប់ ឬ​ការ​នាំចូល​ទំនិញ​​គេច​​​ពន្ធ​​​​ជាច្រើន​សុទ្ធតែ​ពាក់ព័ន្ធ​ជាមួយ​លោក ឡាយ ខុម ជា​អ្នក​ចេញមុខ​រត់ការ​បោះ​មេ បែងចែក​លុយ​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ សិទ្ធិអំណាច​របស់លោក ឡាយ ខុម ធំ​ណាស់​ប្រសិនបើ​គាត់ មិន​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​ទេ ច្បាស់​ជា​គ្មាន​នរណាម្នាក់​ហ៊ាន​បើក​ឲ្យ ទំនិញគេចពន្ធ​ឬ​ទំនិញ​ខុសច្បាប់ របស់​ឈ្មួញ​ទាំងនោះ​ហូរ​ចូល​ប្រទេស​កម្ពុជា​បានឡើយ។​

គេបាន​បង្ហើប​ផងដែរ​ថា សម្រាប់​ការនាំ​ចូល​ទំនិញ តាម​ច្រកព្រំដែន​និង​តាម​ច្រករបៀង​ទាំង​៨​កន្លែង ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក ឡាយ ខុម ដូចជា​នៅ​ចំណុច​ច្រក​ភ្នំ​ដី ស្ថិតនៅ​ទីតាំង​គីឡូម៉ែត្រ​១៣ ក្នុងភូមិ​ត្រពាំង​ព្រលឹត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់​​​ដំបង មានការ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង ដែល​នៅ​ទីនោះ​ក្រុម​ឈ្មួញ​ត្រូវ​បង់លុយ​ជូន​មន្ត្រី​របស់លោក ឡាយ ខុម ដែល​ប្រចាំការ​នៅ​ទីនោះ សម្រាប់​រថយន្ត​យី​ឌុប​មួយគ្រឿង ត្រូវ​បង់ថ្លៃ​ក្បាល​ឡាន​ចាប់ពី ២០​ម៉ឺន​រៀល ទៅ​៤០​ម៉ឺន​រៀល ដោយ​គ្មាន​ការ​​យោគ​​​យល់​​​អ្វី​ឡើយ​។ នៅពេល​បង់លុយ​តាម​តម្រូវការរួចហើយនោះ ក្រុម​ឈ្មួញ​អាច​ដឹកជញ្ជូន​ទំនិញគេចពន្ធ ឬ​ទំនិញ​ខុសច្បាប់ ចូល​ប្រទេស​កម្ពុជា​យ៉ាង​រលូន​ល្អ គ្មាន​នរណា​ត្រួតពិនិត្យ​ទេ​។​ ​

ជាក់ស្តែង​បទល្មើស​នៃ​ការ​នាំចូល​ឈើ​គ្រញូង ខុសច្បាប់​ពី​ស្រុកថៃ ដែល​កំពុង​កើតមាន​យ៉ាង​អនា​​ធិប​​តេយ្យ តាម​ស្រុក​សំពៅ​លូន​និង​ស្រុក​ម៉ាឡៃ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ឡាយ ខុម ក៏​ជា​ប្រភព​ចំណូល​មិនធម្មតា​ដែរ នេះ​មិនទាន់​គិតពី​ការឃុបឃិត ឲ្យ​ប្រជាពលរដ្ឋ​លួច​ឆ្លងដែន​​​ខុស​​ច្បាប់​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ ស្រុកថៃ ដែល​សុទ្ធតែ​ជាប់​កាតព្វកិច្ច បង់លុយ​ជូន​លោក ឡាយ ខុម ក្នុង​ម្នាក់​២០​ទៅ​៣០​បាត​ផងទេ។ អាច​បញ្ជាក់បាន​ថា តួនាទី​ក្តោប​ក្តាប់​ការងារ​សេដ្ឋកិច្ច ប្រមូល​លុយ​​កាក់​​​របស់លោក ឡាយ ខុម  ពិតជា​មិនធម្មតា​ទេ ក្រៅពី​ធ្វើជា​អ្នកកាង​បទល្មើស ដ៏​ល្បីល្បាញ​ឆ្លងកាត់​ព្រំដែន លោក ឡាយ ខុម ក៏បាន​ធ្វើជា​អ្នក​កេងប្រវ័ញ្ច​ញើស​ឈាម ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ គ្មាន​ក្តី​អាណិតអាសូរ​ផងដែរ​។

ការលើកឡើងខាងលើនេះ កាសែតអរិយធម៌មិនអាចទំនាក់ទំនងលោកឡាយ ខុម សុំការបកស្រាយ បានទេ ហើយយើងសង្ឃឹមថា លោកក៏មិនថ្លើមធំដល់ម្លឹងដែរ៕

ដោយ៖ ឃុន ពិមោច

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya