ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» Breaking News, ព័ត៌មានជាតិ » មេគយច្រកទ្វារដូង៧ដើមកំពុងត្រូវប៉ាន់ ​

មេគយច្រកទ្វារដូង៧ដើមកំពុងត្រូវប៉ាន់ ​

កំពង់ចាម ៖ ក្នុងចំណោម​ មន្ត្រី​គយជាច្រើន ​គេ​ដឹងថា ​លោក នូ ស៊ីថា ដែលមាន​តួនាទី​ជា ប្រធានការិយាល័យគយ និង​រដ្ឋាករ​ប្រចាំ ​ច្រក​ដូង​៧​ដើម ត្រូវប៉ាន់​ខ្លាំង ជាងគេ​បំផុត ក្នុងការ​វាយតម្លៃ​ពន្ធ លើ​ឈើ​ គ្រញូង​ ដែល​ក្រុម​ឈ្មួញ នាំគ្នា​សម្រុក​ដឹកជញ្ជូន ​ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ប្រមូលប្រាក់ ​យកទៅ ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន ហើយ​មកដល់ ពេលនេះ​លោក នូ ស៊ីថា នៅតែមាន​មោទនភាព​ខ្លាំង​បំផុត​ចំពោះ​ជំនាញ​អភិវឌ្ឍន៍​មុខតំណែង ជា​បន្តបន្ទាប់​របស់គាត់ ដែល​មន្ត្រី​គយ​ដទៃទៀត​ធ្វើ​មិន​ដូច​ទេ​។​

បើតាម​ការអះអាង របស់​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ ខុសច្បាប់​មួយចំនួន បាន​ឲ្យ​ដឹងថា​លោក នូ ស៊ីថា បាន​តាំងខ្លួន​ធ្វើជា​ស្តេចត្រាញ់ ដ៏​មាន​ឥទ្ធិពល​ប្រចាំ​ច្រក​ដូង​៧​ដើម ដែល​ស្ថិតក្នុង​ឃុំ​ដារ ស្រុក​មេមត់  ដោយសារតែ​លោក នូ ស៊ីថា ក្នុង​អតីតកាល ជា​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ និង​មាន​ខ្នងបង្អែក​នៅពីក្រោយគឺ​លោក លឹម ប៊ុន​ណា ហៅ​ខ្នា ដែលជា​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ធំជាងគេ​ប្រចាំ​ភូមិភាគ​ឦសាន​។​

​លោក នូ ស៊ីថា មាន​ជំនាញ​វាយតម្លៃ​ពន្ធ លើ​ឈើ​គ្រញូង​ក៏ដូចជា​ឈើប្រណីត ដែល​ក្រុម​ឈ្មួញ​កំពុងធ្វើការ ដឹកជញ្ជូន​ចេញទៅ​ប្រទេស​វៀតណាម ទាំងយប់​ទាំង​ថ្ងៃ បើទោះបីជា​គ្មាន​តារាងតម្លៃ ណាមួយ​កំណត់​ឲ្យ​ជំនាញ​គយ ប្រមូល​ពន្ធ​ពី​ការនាំចេញ​ឈើ ខុសច្បាប់​ក៏ដោយ​។ លោក នូ ស៊ីថា បាន​ប្រើប្រាស់​សិទ្ធិអំណាច របស់ខ្លួន​ក្នុងការ​ក្តោប​ប្រភព​ចំណូល ដែល​បានមកពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ តាម​ច្រក​ដូង​៧​ដើម  ហើយ​យកទៅ​បែងចែក ឲ្យ​មន្ត្រី​និង​សមត្ថកិច្ច​ដទៃទៀត ដែល​ភាសា​សាមញ្ញ​គេ​និយម ហៅថា​លោក នូ ស៊ីថា ជា​អ្នក​បោះ​មេ​។​

សម្រាប់​ការវាយតម្លៃ​ពន្ធ លើ​ឈើ​ខុសច្បាប់​មុនពេល​អនុញ្ញាត ឲ្យ​នាំ​ចេញទៅ​ប្រទេស​វៀតណាម គឺ​លោក នូ ស៊ីថា បាន​បង្គាប់​ឲ្យ​ក្រុម​ឈ្មួញ​បង់ប្រាក់ យ៉ាង​ហោច​ណាស់​១០​ភាគរយ នៃ​តម្លៃ​ឈើ​សរុប​ក្នុង​មួយ​រថយន្ត ដូចជា​ករណី​ដឹកជញ្ជូន​ឈើ តាម​រថយន្ត​យី​ឌុប​ដែលមាន​ចំណុះ ៤០​ទៅ​៦០​តោន មានតម្លៃ​មិនតិច​ជាង​៥០​ម៉ឺន​ដុល្លារ​នោះ បើ​ដក​ចំនួន​១០​ភាគរយ តាម​ការតម្រូវ​របស់​លោក នូ ស៊ីថា មិនដឹង​ជា​ក្នុង​មួយថ្ងៃៗ​លោក នូ ស៊ីថា អាច​ប្រមូលប្រាក់ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ក្នុង​កម្រិតណា​នោះទេ​។​​

គេនិយាយ​ថា អំឡុងពេល​រាជរដ្ឋាភិបាល​កម្ពុជា ដាក់បទបញ្ជា​ឲ្យ​បង្ក្រាប​បទល្មើស ព្រៃឈើ​ទ្រង់ទ្រាយ​ធំ គេ​នៅតែ​សង្កេតឃើញច្រក​ដូង ៧​ដើម​នេះ​លោក នូ ស៊ីថា បាន​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ នាំចេញ​ឈើ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​ខ្លាំងជាងគេ​។ លោក នូ ស៊ីថា បាន​បំពាន​ទៅលើ​បទបញ្ជា របស់​អភិបាលខេត្ត​កំពង់ចាម​ផងដែរ ក្នុងការ​ឃុបឃិត​ជាមួយ​ឈ្មួញ ឲ្យ​មាន​ជំនួញ​ឈើ​ខុសច្បាប់​ឆ្លងកាត់​តំបន់​ព្រំដែន​ដែលពួកខ្លួនគ្រប់គ្រង។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានប្រកាស​ឲ្យ​ដឹងថា នៅតាម​ស្ថាប័នរដ្ឋ​និង អង្គភាព​ប្រមូល​ពន្ធ​មួយចំនួន នៅតែ​បន្ត​លួច​ប្រព្រឹត្ត អំពើពុករលួយ​ផ្ទុយ​ពី​គោលការណ៍ កែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​អង្គភាព ប្រឆាំង​អំពើពុករលួយ​កំពុង​ចាត់វិធានការ​ទប់ស្កាត់ ជា​បន្តបន្ទាប់​។ ប៉ុន្តែ​មកដល់​ពេលនេះ សកម្មភាព​របស់លោក នូ ស៊ីថា ដែល​ឃុបឃិត​ឲ្យ​មាន​ទំនិញ ខុសច្បាប់​ឆ្លងកាត់​ព្រំដែន​យ៉ាង​អនាធិបតេយ្យ ដើម្បី​ប្រមូលប្រាក់​យកទៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន គេ​មិនទាន់​ឃើញ​អង្គភាព ប្រឆាំង​អំពើពុករលួយ ស៊ើបអង្កេត​នៅឡើយ​ទេ​។​​

លោក នូ ស៊ីថា ក្នុងពេល​បច្ចុប្បន្ននេះ អាច​ចាត់ទុកជា​មោទនភាព​ធំធេង ដែល​មន្ត្រី​គយ​តាម​ស្នាក់ការ​ច្រក​អន្តរជាតិ មួយចំនួនទៀត​ធ្វើ​មិន​ដូច​ ហើយ​មុនពេល​លោក នូ ស៊ីថា ឡើង​ធ្វើជា​ប្រធាន​ស្នាក់ការ​គយ គាត់​រកតែ​ម៉ូតូ​កញ្ចាស់​ជិះ សឹង​គ្មាន​តែ​ពេលនេះ​លោក នូ ស៊ីថា មាន​លុយ​ទិញ​រថយន្ត​តម្លៃ​ជិត ២០​ម៉ឺន​ដុល្លារ មកប្រើប្រាស់​យ៉ាង​ហ៊ឺហា​បំផុត​។ សកម្ម​ភាពរបស់លោក នូ ស៊ីថា ធ្លាប់ធ្វើ​ឲ្យ​មន្ត្រី​គយ​ធំៗ មានការ​ក្តៅក្រហាយ​យ៉ាងខ្លាំង ប៉ុន្តែ​អំណាច​ទឹក​លុយ ដែល​បានមកពី​អំពើពុករលួយ​លោក នូ ស៊ីថា បាន​យកទៅ​ប្រើប្រាស់ ដើម្បី​អភិវឌ្ឍ​មុខតំណែង យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​។

ការិយាល័យកាសែតអរិយធម៌មិនអាចសុំការបកស្រាយអំពីការរិះគន់ទាំងនេះ ពីលោក នូ ស៊ីថា បានទេ ហើយកាសែតយើងក៏ពុំទាន់ជឿថា ព័ត៌មាននោះពិត១០០%ដែរ អាចមានអ្នកកាច់កុងគ្នា ខណៈមាន់កំពុងពងលើជង្រុកស្រូវ៕

ព្រហ្ម វិលៀម

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya