រតនគិរីៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងម៉ូតូនៅលើកំណាត់ផ្លូវជាតិ លេខ៧៨Aក្បែររង្វង់មូលផ្សារក្រុងបានលុង បណ្តាលឲ្យមានអ្នកដួលសន្លប់ធំ បែកឈាម ខ្ទាតពេញផ្លូវ ធ្វើអោយមានការភ្ញាក់ផ្អើលទាំងព្រឹកតែម្តង។ ហេតុការណ៍គួអោយរន្ទត់នេះ កើតឡើងនៅវេលាម៉ោង៧.១៥នាទីព្រឹក ថ្ងៃទី០៦ ខែសីហាឆ្នាំ២០១៣ ស្ថិតនៅ ចំណុច ភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
សាក្សីដែលបានឃើញហេតុការណ៍បាននិយាយថា ម៉ូតូទាំងពីរគ្រឿងនេះជិះស្របទិសគ្នា មួយគ្រឿងម៉ាកវីវ៉ាស៊ុគុន្ធ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1C-4987 ចំណែកមួយ គ្រឿងទៀតម៉ូតូម៉ាកវីវ៉ាពណ៌ក្រហមស្លាកលេខ រតនគិរី1A-7809 ជិះពីក្រោយ ក្នុង ទិសដៅពីកើតទៅលិចយ៉ាងលឿន ហើយបានងាកបន្តិចក៏បុកម៉ូតូនៅខាងមុខចំពីក្រោយ យ៉ាងពេញទំហឹងបណ្តាលអោយដួលសន្លប់បែកក្បាលហូរឈាមខ្ទាតពេញថ្នល់តែម្នាក់ឯង ចំពោះម្ចាស់ម៉ូតូជិះខាងមុខទទួលរងការខូចខាតតែម៉ូតូប៉ុណ្ណោះ ទើបធ្វើអោយមានការភ្ញាក់ ផ្អើលទាំងព្រឹកតែម្តង។ សមត្ថកិច្ចប៉ូលិសចរាចរណ៍ខេត្តបានអោយដឹងដែរថា ជនរងគ្រោះ ដួលសន្លប់ជិះម៉ូតូបុកគេពីខាងក្រោយនេះមានឈ្មោះ ប៉ែន សុខខេន ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង បំរើការនៅហាងKaraoke កាឡាក់ស៊ី ចំណែកអ្នកជិះម៉ូតូពីខាងមុខមានឈ្មោះសុខ ជឿន ភេទប្រុស អាយុ៣២ ឆ្នាំ មានទីលំនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង មុខរបរបុគ្គលិកអណ្តែត រដ្ឋបាលព្រៃឈើខេត្ត។
ជនរងគ្រោះត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកដឹកយកទៅសង្គ្រោះ។ ចំពោះម៉ូតូទាំងពីរ គ្រឿងយកទៅរក្សាទុកនៅស្នងការដ្ឋានខេត្ត ដើម្បីដោះស្រាយគ្នាជាក្រោយ៕