ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ២០០១ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេស ជប៉ុន (JICA) បានផ្តល់ជំនួយលើផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដល់រាជធានីភ្នំពេញ តាមរយៈគម្រោងនានា និងបានផ្តល់ការផ្លាស់ប្តូរវិជ្ជមានរួមមាន៖ ការអភិវឌ្ឍចំណុច ប្រសព្វនៃចរាចរណ៍ ការដំឡើងសញ្ញាចរាចរណ៍ និងការផ្សព្វផ្សាយអំពីសុវត្ថិភាព ចរាចរណ៍ក្នុងរាជធានីភ្នំពេញដោយសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធជុំវិញរាជធានី។
តាមការលើកឡើងរបស់លោក ត្រាក់ ថៃសៀង អភិបាលរងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៦ ខែ សីហា ឆ្នាំ២០១៣នៅសណ្ឋាគារ Sunway ថា រាជធានីជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់ ស្ថិតនៅក្នុងអនុតំបន់ទន្លេមេគង្គ និងជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់នយោបាយ សេដ្ឋកិច្ច ការទូត រដ្ឋបាល និងសកម្មភាពសង្គមនានាយ៉ាងសកម្មផុលផុសនៃព្រះរាជាណាចក្រកម្ពុជា។
លោក អភិបាលរងបន្តថា យើងបានឃើញស្រាប់ហើយថា វិស័យសេដ្ឋកិច្ចមានភាព លូតលាស់ជាខ្លាំងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយនឹងសន្ទុះសេដ្ឋកិច្ចដ៏ខ្លាំងក្លានេះ ចំនួនរថយន្ត និងម៉ូតូបានកើនឡើងជាលំដាប់ ដែលជាហេតុនាំឱ្យមានការ កកស្ទះចរាចរណ៍ និងមានគ្រោះថ្នាក់កើនឡើងជាលំដាប់ ដូចនេះមានតែយន្តការពង្រីកផ្លូវសាធារណៈទាំងក្នុងនិងក្រៅក្រុងឱ្យបានប្រសើរឡើងហើយគុណភាពល្អយូរអង្វែង ងាយស្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទៅ។
លោក ត្រាក់ ថៃសៀង ក៏បានរំលឹកថា នៅក្នុងកិច្ចប្រជុំរវាងស្ថាប័នពាក់ព័ន្ធនានាលើកទី១ ដែលបានរៀបចំឡើងកាលពីឆ្នាំមុនម្តងរួចមកហើយ ក្រោមប្រធានបទសម្រាប់ពិភាក្សា រួមមានការដឹកជញ្ជូនក្នុងទីក្រុង និងរចនាសម្ព័ន្ធទីក្រុងឆ្នាំ២០៣៥។ ក្រុមសិក្សាJICA បានពិចារណាពិនិត្យទៅលើយោបល់ ដែលផ្តល់ដោយស្ថាប័នពាក់ព័ន្ធនានា តាម រយៈការពិភាក្សានៅក្នុងកិច្ចប្រជុំរវាងស្ថាប័នពាក់ព័ន្ធនានានោះ ហើយក៏បានរៀបចំពង្រាងនៃផែនការមេសម្រាប់ដំណើរការបន្ត។
តំណាងទីភា្នក់សហប្រត្តិបត្តិការអន្តរជាតិជប៉ុន (JICA) នៅកម្ពុជា លោក Masahiko Egami បានថ្លែងឱ្យដឹងថា កិច្ចប្រជុំដែលនឹងលើកឡើងមកពិភាក្សាពីគម្រោងសិក្សាផែនការប្លង់មេលើការងារដឹកជញ្ជូនក្នុងរាជធានីរវាងក្រុមសិក្សាអង្គការ (JICA) និងសាលារាជធានីភ្នំពេញនេះ ក្នុងគោលបំណងធ្វើឱ្យកិច្ចសហគ្នាត្រួតពិនិត្យឡើងវិញនូវរាល់ការសិក្សា ទៅលើផែនការពាក់ព័ន្ធរវាងស្ថាប័នដៃគូអភិវឌ្ឍន៍នានាមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញបន្ទាប់ពីបានសិក្សារួចកន្លងមក។
លោក តំណាងបន្ថែមថា JICA បានគាំទ្រដល់វិស័យការងារអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ដូចជា វិស័យអភិវឌ្ឍន៍សង្គម វិស័យសុខាភិបាល វិស័យឯកជន វិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ប្រត្តិបត្តិការសង្រ្គោះពេលមានគ្រោះមហន្តរាយ និងជំនួយសង្រ្គោះបន្ទាន់របស់ជប៉ុនជាយូរយារណាស់មកហើយ ចាប់ពីផ្លូវ និងស្ពានដល់កំពង់ផែ ថាមពល និងប្រព័ន្ធទូរគមនាគមន៍។ ពាក់ព័ន្ធផ្លូវ និងស្ពាន JICA បានផ្តោតការយកចិត្តទុក ដាក់ទៅលើ ការធ្វើឱ្យប្រសើរឡើងនូវបណ្តារផ្លូវជាតិដែលរងការបំផ្លិញបំផ្លាញ យ៉ាង ធ្ងន់ធ្ងរពីគ្រោះ ធម្មជាតិ និងការបំផ្លាញដោយមនុស្ស ។
លោក Masahiko Egami បញ្ជាក់ថា រយៈពេល២០ឆ្នាំកន្លងមក JICA បានបេ្តជ្ញាចិត្ត យ៉ាងម៉ុតមាំក្នុងហិរញ្ញប្បទានសហប្រតិបត្តិការ ដែលបម្រើផលប្រយោជន៍ដល់ ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។ ជាលទ្ធផល ដែលកើតពីកិច្ចខិតខំប្រឹងប្រែងនេះ គឺបានធ្វើឱ្យប្រទេសកម្ពុជាមានភាពជាម្ចាស់ និងភាពដឹកនាំ វិស័យមួយចំនួន ក្នុងនោះ មាន ការបោសសម្អាតគ្រាប់មីន ផ្លូវថ្នល់ ស្ពាន និងការផ្គត់ផ្គង់ទឹកស្អាតជាដើម។
សូមបញ្ជាក់ថា JICA បាននិងកំពុងពង្រឹងគាំទ្រការតភា្ជប់នៅក្នុងតំបន់ទន្លេមេគង្គ តាមរយៈការសាងសង់ស្ពានអ្នកលឿងដែលជាហិរញ្ញប្បទានឥតសំណងចំនួន ១៤៩.២ លានដុល្លារសហរដ្ឋមេរិក និងកំពុងតែសាងសង់ផ្លូវជាតិលេខ៥ ឡើងវិញ ដែលតភ្ជាប់ពី ប្រទេសវៀតណាម ទៅប្រទេសថៃឆ្លងកាត់រាជធានីភ្នំពេញផងដែរ៕
ដោយៈ សេរីមករា