ភ្នំពេញ៖ លោក គួច ចំរើន និងជាអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ អញ្ជើញចុះទៅពិនិត្យមើលផ្លូវបេតុងមួយខ្សែប្រវែងជិត ៨០០ម៉ែត្រ ដោយតភ្ជាប់ពីគល់ស្ពានព្រះមុនីវង្ស ឆ្លងកាត់ភូមិដើមស្លែង និងភូមិកណ្តាល ឆ្ពោះទៅតំបន់មាត់ទន្លេច្រាំងបាក់មានទទឹង ប្រវែង៨ម៉ែត្រ និង កម្រាស់១តឹកកន្លះ ឆ្អឹងដែកស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣ នេះ។ប្រជាពលរដ្ឋ និងអាជីវករផ្សារច្បារអំពៅ បានទទួលការរាក់ទាក់ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះលោកអភិបាលខណ្ឌមានជ័យ ដែលបានយកចិត្តទុកដាក់ ក្នុងការស្នើសុំដល់សាលារាជធានី ភ្នំពេញ ដើម្បីស្ថាបនាផ្លូវបេតុងឆ្អឹងដែក ព្រមទាំងមានដាក់អំពូល ភ្លើងបំភ្លឺផ្លូវនៅពេលយប់បង្ក លក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរ ក៏ដូចជាការប្រកបអាជីវកម្មផងដែរ។
លោក គួច ចំរើន បានមានប្រសាសន៍ថា ផ្លូវនេះពីមុន ចាក់ក្រាលកៅស៊ូ ហើយត្រូវទទួលរងការខូចខាត ទៅវិញ ដោយសាររថយន្តធុនធំ ផ្ទុកទំនិញលើសចំណុះ បណ្តាឲ្យខូចខាតជាបណ្តើរៗ ពិបាកក្នុងការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ អាជីវករដឹកទំនិញចេញចូលផ្សារ។
ខណៈនោះ លោក អភិបាលខណ្ឌមានជ័យ ក៏បានសំណូមពរដល់ក្រុមហ៊ុនដែលដំណើរការ ស្ថាបនាឱ្យយកចិត្តទុកដាក់គិតគូរពីសាងសង់តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាឱ្យគុណភាពសម្រាប់ផ្លូវមួយខ្សែនេះប្រើប្រាស់បានយូរអង្វែង។ ព្រមទាំងបានស្នើដល់បងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់គ្នា ក្នុងការធ្វើដំណើរឆ្លងកាត់ ដែលអាច មានការកកស្ទះចរាចរម្តងម្កាល ខណ:ក្រុមហ៊ុនកំពុងដំណើរការស្ថាបនា និងធ្វើយ៉ាងណាឲ្យការស្ថាបនាផ្លូវនេះ ប្រើប្រាស់បានយូរអង្វែង។
ឆ្លៀតក្នុងឱកាសនោះដែរ លោក គួច ចំរើន ក៏បានព្យាយាមពន្យល់ប្រជាពលរដ្ឋ សាជាថ្មីម្តងទៀត ថា កុំឲ្យមានការភិតភ័យបារម្ភអ្វី ព្រោះថា គណបក្សប្រជាជនមិនធ្វើឲ្យមានបញ្ហាអ្វីកើតឡើងនោះទេ សម្តេចតេជោ ហ៊ុន សែន មិនរត់ចោលស្រុកនោះទេ។ ការពិតស្ថានការណ៍ក្រោយពេលបោះឆ្នោតបានប្រកបដោយសេរីយុតិ្តធម៌ សុក្រិត មិនមានការបិទផ្លូវនៅក្នុងរាជធានីភ្នំពេញអ្វីឡើយ ប្រជាពលរដ្ឋអាចធ្វើដំណើរដោយសេរី ហើយក៏គ្មានការដាក់ពង្រាយកងកម្លាំងអ្វីដែរ។ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដដែល។
លោកអភិបាលខណ្ឌមានជ័យ ក៏បានធ្វើការរំលឹកដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាអាជីវករអ្នកលក់ដូរក្តី រក្សាភាពស្ងាត់ស្ងៀម រកស៊ីប្រកបមុខលក់ដូរតាមធម្មតា សូមកុំចំណាយពេលជឿ លើពាក្សញុះញង់ព័ត៌មានបំផ្លើសពីសំណាក់ក្រុមគណបក្សប្រឆាំង (សង្គ្រោះជាតិ)៕ ដោយៈ មករាតូច