ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៣ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតស្រាវ ជ្រាវលើករណីបំផ្ទុះគ្រាប់បែក នេះ។ ការបំផ្ទុះនេះ ជាការបង្កឲ្យមានសំឡេង ដើម្បីបង្កឲ្យមានភាពចលាចល ក្នុងសង្គម។ គ្រាប់បែកនោះ ត្រូវគេដាក់នៅកន្លែងគំនរសំរាម ហើយគោលបំណង បង្កឲ្យមានសំឡេងផ្ទុះ ព្រោះកន្លែងនោះ មិនមែនជាកន្លែងទីប្រជុំជនទេ ហើយពេលផ្ទុះ ក៏មិនមែនជាពេលមានមនុស្សឆ្លងកាត់ទេ។
លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានបន្ថែមថា ឧបទ្ទវហេតុ នៃការបំផ្ទុះគ្រាប់បែកនោះ មិនមានបណ្តាលឲ្យមនុស្សរងរបួសទេ។ ហេតុការណ៍នោះ បានកើតឡើងកាលពីយប់ម៉ោងប្រមាណ ១ កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣។
កាលពីវេលាម៉ោង១និង២០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី៧ ខែសីហា នៅបណ្តោយផ្លូវលេខ២១៣ ក្រុម៦២ ភូមិ៧ ខាងត្បូងសាលាដំបូងរាជធានី ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា មានករណីផ្ទុះគ្រាប់កែច្នៃមួយគ្រាប់ ផ្អើលក្រុងភ្នំពេញ។
ស្នូរផ្ទុះគ្រាប់មួយគ្រាប់លាន់សន្ធឹកក្នុងក្រុង ធ្វើឲ្យផ្អើលដល់លោកស្នងការ ជួន សុវណ្ណ លោកមេបញ្ជាការ កងរាជអាវុធរាជធានីភ្នំពេញ លោក យ៉ា គឹមអ៊ី លោក ជៀវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អធិការ ខណ្ឌ៧មករា និងសមត្ថកិច្ចចម្រុះជាច្រើនរូបទៀត ផ្អើលច្រូងច្រាង ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីសន្ធឹកគ្រាប់កែច្នៃមួយគ្រាប់ ដែលគេដាក់បង្កៃនៅក្នុងធុងប្រេងមួយ ហើយយកទៅដាក់ចោលនៅជិតគំនរសំរាម នៅវេលាម៉ោងខាងលើ បានផ្ទុះលាន់កក្រើកក្រុងភ្នំពេញទាំងយប់ បណ្តាលឲ្យសមត្ថកិច្ចរត់ជាន់ជើងគ្នា។
ការផ្ទុះគ្រាប់នេះ ជាលើកទីមួយហើយ សម្រាប់ឆ្នាំ២០១៣ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាលើក ទីមួយផងដែរ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអណត្តិទី៥នេះ។
ចំពោះការផ្ទុះគ្រាប់កែច្នៃមួយគ្រាប់នេះ មិនបង្កឲ្យមានអ្នករងរបួសទេ គ្រាន់តែខ្ទាតអំបែងបណ្តាលឲ្យបែកកញ្ចក់ធនាគារអេស៊ីលីដានៅជិតនោះ និងខ្ទាតទៅបែកកញ្ចក់ផ្ទះប្រជាពលរដ្ឋនៅជិតនោះ និងប៉ះពាល់ដល់របងតុលាការក្រុងផងដែរ៕