គេនៅចាំបានថា ពេល កឹម សុខា ធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស នៅតាមវេទកាសាធារណៈនានា គាត់ តែងប្រកាសប្រាប់អ្នកចូលរួម ដែលភាគច្រើនជាសមាជិករបស់គណបក្សសមរង្ស៊ីថា គាត់មិនធ្វើនយោបាយ ទៀតទេ គឺគាត់ធ្វើជាអង្គការសិទ្ធិមនុស្សវិញ ទើបមានឱកាសដើរបើកវេទិកាសាធារណៈជួយដោះស្រាយទុក្ខ កង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋបាន។ ប៉ុន្តែមិនយូរប៉ុន្មានក្រោយពីដឹងថា គាត់អាចអូសទាញសមាជិកគណបក្ស សមរង្ស៊ី បានកាន់តែច្រើន គាត់ក៏បង្កើតគណបក្សសិទ្ធិមនុស្សភ្លាមមួយរំពេច ហើយប្រកាសប្រាប់គេឯងថា គាត់ មិនចង់ទេ តែមានប្រជាពលរដ្ឋសំណូមពរឲ្យគាត់បង្កើតគណបក្សនោះ។
និយាយរួមឲ្យតែរឿងអ្វីដែលគាត់និយាយត្រឡប់ត្រឡិនបាតដៃនិងខ្នងដៃ គឺគាត់តែងនិយាយថា ប្រជាពលរដ្ឋ ជាអ្នកសំណូមពរឲ្យគាត់ធ្វើយ៉ាងនេះ ឬធ្វើយ៉ាងនោះទៅវិញ។ លុះដល់ក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រកាលពីថ្ងៃទី២៨ខែកក្កដាកន្លងមកនេះ គាត់ដើរឃោសនាបោកប្រាស់ថា គណបក្សសង្គ្រោះជាតិ ជាអ្នកឈ្នះឆ្នោត បើមិនដូច្នេះទេ ប្រជាពលរដ្ឋមិនសុខចិត្តទេ គឺគេនាំគ្នាធ្វើមហាបាតុកម្មប្រឆាំងនឹងការបោះឆ្នោតនោះជាមិនខាន។
តាមការពិត គឺបុគ្គល សមរង្ស៊ី និងបុគ្គលកឹម សុខា ហ្នឹងឯង ដែលនិយាយបោកប្រាស់ ភូតកុហក ញុះញង់ឲ្យ ប្រជាពលរដ្ឋ ពិសេសគឺពួកយុវជនឈាមរាវ ដែលមិនសូវចេះពិចារណាឲ្យបានវែងឆ្ងាយ ជឿតាមខ្លួនឲ្យមកធ្វើ មហាបាតុកម្មនោះ ក៏ព្រោះតែរឿងដែលខ្លួនចង់ធ្វើជានាយករដ្ឋមន្ត្រី ចង់ធ្វើប្រធានរដ្ឋសភានោះទេ។ ប៉ុន្តែសួរថា គណបក្សប្រជាជនកម្ពុជា ដែលជាអ្នកឈ្នះឆ្នោតពិតប្រាកដនោះ អាចយកពាក្យប្រជាពលរដ្ឋនេះមកប្រើបាន ដែរឬអត់?
ចំលើយគឺប្រាកដជាបាន! ព្រោះគណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨អាសនៈ ឯគណបក្សសង្គ្រោះជាតិ បានតែ ៥៥អាសនៈប៉ុណ្ណោះ។ ដូច្នេះគណបក្សប្រជាជនកម្ពុជាក៏អាចនិយាយថា ត្រូវតែការពារនិងរកយុត្តិធម៌ឲ្យ ប្រជាពលរដ្ឋ ដែលមានឆន្ទៈចង់ឲ្យគណបក្សប្រជាជនកម្ពុជា កាន់អំណាចដឹកនាំប្រទេសបន្តទៀតបានដែរ។
ពេលនេះ មន្ត្រីជាន់ខ្ពស់និងក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា កំពុងបន្តចុះមូលដ្ឋានភូមិឃុំ ដើម្បីថ្លែង អំណរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយក៏គ្មានខឹងសម្បានឹង ប្រជាពលរដ្ឋ ណាដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិដែរ គឺមានតែបន្តការសាងសង់ផ្លូវថ្នល់ ជីកប្រឡាយ សង់សាលារៀន មន្ទីរពេទ្យ ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទូទៅ។
ជាក់ស្តែងថ្មីៗកន្លងមកនេះ សម្តេចហ៊ុនសែន បានចុះទៅជួយដកស្ទូងភ្ជួររាស់ប្រជាកសិករយើងនៅក្នុងខេត្ត កណ្តាល ដែលមានប្រជាជនភាគច្រើនបោះឆ្នោតគាំទ្រគណបក្សង្គ្រោះជាតិនោះទេ គឺវាខុសស្រឡះពីមេដឹកនាំ គណបក្សប្រឆាំង សមរង្ស៊ីនិងកឹម សុខា ដែលនាំគ្នាចុះទៅស្រុកស្អាងខេត្តកណ្តាល និងស្រុកមួយចំនួនក្នុងខេត្ត ព្រៃវែង គ្មានបានជួយអ្វីដល់ប្រជាពលរដ្ឋ ក្រៅតែពីអួតអាងជ័យជម្នះនិងញុះញង់បំផុសឲ្យប្រជាពលរដ្ឋទៅធ្វើ បាតុកម្មនោះឡើយ។
បញ្ហាឈ្នះឆ្នោត បានអាសនៈប៉ុន្មាននៅក្នុងរដ្ឋសភា ដែលអាចទទួលយកបាន វាមិនមែនកើតឡើងដោយសារ គណបក្សណាមួយស្រែកប្រកាសថា ខ្លួនជាអ្នកឈ្នះ ហើយត្រៀមខ្លួនធ្វើមហាបាតុកម្ម ដោយយកពាក្យឆន្ទៈ ប្រជាពលរដ្ឋ មកធ្វើជាខែល ដើម្បីបិទបាំងនូវល្បិចបោកប្រាស់របស់ខ្លួននោះ បានដោយងាយៗជាដាច់ខាត គឺមានតែការប្រកាសលទ្ធផល របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅពេលខាងមុខនេះប៉ុណ្ណោះ ដែលអាចឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋពិតប្រាកដថា ប្រជាពលរដ្ឋភាគច្រើនបោះឆ្នោតគាំទ្រគណបក្សណាមួយ ឲ្យឡើងកាន់អំណាចពិតប្រាកដនោះ?៕ ដោយ៖ ស្ងួន ពិមល់