វាជារឿងមួយ ដែលធ្វើឲ្យពិភពលោកនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះក្រោយពេលបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងមកនេះភ្លាម ស្រាប់តែគណបក្សសង្គ្រោះជាតិប្រកាសថា ខ្លួនបាន ជ័យជម្នះ បានអាសនៈនៅក្នុងរដ្ឋសភាយ៉ាងតិច ៦២ឬ៦៣អាសនៈទៅវិញ បើទោះបីគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត បានចេញលទ្ធផលបឋមថា គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតបាន ៦៨អាសនៈ ឯគណបក្ស សង្គ្រោះជាតិបាន៥៥អាសនៈក៏ដោយ។ វាកាន់តែគួរឲ្យអស់សំណើចជាងនេះទៅទៀត មេដឹកនាំគណបក្ស ប្រឆាំងថែមទាំងប្រកាសថា បើគណបក្សខ្លួនចាញ់ឆ្នោត ពួកគេនឹងដឹកនាំធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផល នៃការបោះឆ្នោតនោះជាមិនខាន។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសជាសាធារណ ហើយថា កុំឲ្យប្រជាពលរដ្ឋជឿតាមការ ប្រកាសលទ្ធផលនៃការបោះឆ្នោតថ្ងៃទី២៨ខែកក្កដានោះ ពីសំណាក់គណបក្សនយោបាយឬអង្គការណាមួយឲ្យ សោះ ព្រោះការប្រកាសលទ្ធផលនេះ មិនមែនជាតួនាទីឬសមត្ថកិច្ចរបស់គណបក្សប្រឆាំងឬគណបក្សកាន់ អំណាច ឬក៏សង្គមស៊ីវិលណាមួយដែរ គឺមានតែការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប៉ុណ្ណោះ ដែលចាត់ទុកថា ជាការប្រកាសផ្លូវការនិងស្របច្បាប់។
ធម្មតានៅប្រទេសណា ក៏មានគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់គេ ដែលជាអ្នករៀបចំការបោះឆ្នោត និងចុងក្រោយជាអ្នកប្រកាសលទ្ធផលនៃការបោះឆ្នោតនោះដែរ។ ប៉ុន្តែវាចម្លែកតែនៅប្រទេសកម្ពុជា វាបែរជាគណ បក្សប្រឆាំង ជាអ្នកប្រកាសលទ្ធផលថា ខ្លួនជាអ្នកឈ្នះឆ្នោត ហើយគំរាមថា បើខ្លួនមិនឈ្នះឆ្នោតទេ ខ្លួននឹងធ្វើ មហាបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតនោះទៅវិញ។
ការពិតនរណាក៏ដឹងថា គណបក្សសង្គ្រោះជាតិពិតជាឈ្នះឆ្នោតនាំមុខគណបក្សប្រជាជនកម្ពុជា ដូចជាភ្នំពេញ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែងជាដើម។
គណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនាំមុខនៅភ្នំពេញ និង ខេត្តធំៗ ដែលមានអាសនៈច្រើនប៉ុណ្ណឹងហើយ ពួកគេនៅតែចោទថា មានការបន្លំសន្លឹកឆ្នោតទៀត។
ប្រសិនបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិតជាអាចលួចបន្លំសន្លឹកឆ្នោតបានពិតប្រាកដមែននោះ ហេតុអ្វីបានជាមិនលួចបន្លំសន្លឹកឆ្នោតនៅមណ្ឌលភ្នំពេញ កំពង់ចាម កណ្តាល និងព្រៃវែង ឲ្យគណបក្សប្រជាជន កម្ពុជាឈ្នះឆ្នោតទៅ ម៉េចក៏ទុកឲ្យគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតបែបនេះទៅវិញ? ឯគណបក្សប្រជាជន កម្ពុជា ដែលជាអ្នកចាញ់ឆ្នោតនៅក្នុងមណ្ឌលបោះឆ្នោតទាំង៤រាជធានី-ខេត្តនេះ ក៏មិនបានប្រកាសថា ខ្លួនជាអ្នក ឈ្នះឆ្នោត ហើយក៏មិនប្រកែកតវ៉ាអ្វីដែរ។ ចុះបើឧបមាថា គណបក្សប្រជាជនកម្ពុជា ប្រកាសថា ខ្លួនជាអ្នកឈ្នះ ឆ្នោតនៅមណ្ឌលធំៗទាំង៤នោះហើយថា បើខ្លួនមិនឈ្នះទេ នឹងធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការ បោះឆ្នោតនោះ តើមេដឹកនាំគណបក្សសង្គ្រោះជាតិយល់យ៉ាងណាដែរ ឬមួយយល់ថា មានតែខ្លួនទេ ដែលមាន សិទ្ធិធ្វើបែបនេះ?
ការពិតទៅ មេដឹកនាំគណបក្សសង្គ្រោះជាតិ មិនចោលទម្លាប់អាក្រក់ ដែលធ្វើអ្វីតាមតែក្បាលចិត្តនឹកឃើញ ដោយមិនខ្វល់ពីទង្វើនោះសមហេតុផល និងសមស្របតាមច្បាប់ដែរឬអត់នោះឡើយ។ លទ្ធផលនៃការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី២៨ខែកក្កដាកន្លងមកនេះ ដែលចាត់ទុកជា ផ្លូវការនោះ គឺមានតែការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប៉ុណ្ណោះ ដែលប្រជាពលរដ្ឋជា ម្ចាស់ឆ្នោតទទួលស្គាល់ជាផ្លូវការ។ ដូច្នេះគណបក្សនយោបាយដែលឈរឈ្មោះប្រកួតប្រជែងក៏ដូចជាសង្គម ស៊ីវិល ដែលបានចូលរួមសង្កេតការណ៍មិនអាចប្រកាសលទ្ធផលនេះមុន គ.ជ.ប បានឡើយ៕ ម៉ារីណា