តាកែវ៖ ក្រុមយោធិនពិការជាច្រើននាក់ ធ្វើការរិះគន់យ៉ាងខ្លាំងក្លា ទៅប្រធានមន្ទីរសង្គម កិច្ចអតីតយុទ្ធជន និងយុវនីតិ សម្បទា ខេត្តតាកែវថា មានភាពយឺតយ៉ាវក្នុងការបើកប្រាក់រំលឹក ដែលក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបាន ផ្ដល់ដល់ពួកគេឬមួយប្រធានមន្ទីរចង់ស៊ីដាច់លុយទាំងនេះ។
យោងតាមប្រភពពីមន្ត្រីសាលាខេត្តតាកែវ បានប្រាប់ឲ្យដឹងថា ថវិការំលឹកដល់យោធិនពិការនេះ ត្រូវបានលោក កង សំអឿន អភិបាលរងខេត្តតាកែវ ស៊ីញ៉េផ្ដល់ឲ្យយោធិនពិការតាំងពីខែមីនា ឆ្នាំ២០១៣ មកម្ល៉េះ ដោយលិខិត នោះ ត្រូវបានបញ្ជូនមកកាន់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តតាកែវ ដើម្បីបើកប្រាក់ឲ្យក្រុម យោធិនពិការនៅក្នុងខេត្តតាកែវ ដែលមានចំនួន ៩៥នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ប្រហែលជាង ១លាន ទៅពីរលានរៀល ក៏ប៉ុន្តែមន្ទីរសង្គមកិច្ច ដែលមានលោក សោម អ៊ុំមុនីរ៉ា ជាប្រធានមន្ទីរនោះ មិនបានបើកប្រាក់ រំលឹកនេះ ដល់ក្រុមយោធិនពិការនោះទេ។
ប្រភពដដែលបានបន្តថា ភាពយឺតយ៉ាវនេះបណ្ដាលមកពីលោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិ សម្បទាខេត្តតាកែវ ចង់ស៊ីដាច់ប្រាក់នេះ ព្រោះគ្មានអ្នកណាម្នាក់ដឹងនោះទេ ហើយក្រុមយោធិនពិការ ក៏មិនបាន ដឹងនោះដែរ ពួកគេដឹងតែមកបើកប្រាក់ចូលនិវត្តន៍ប៉ុណ្ណោះ ក៏ប៉ុន្តែរឿងប្រាក់រំលឹកនេះ ត្រូវបានបែកធ្លាយកាលពី ដើមខែកក្កដា កន្លងទៅនេះ ហើយត្រូវបានក្រុមយោធិនពិការមួយចំនួនធំ មកសុំបើកប្រាក់នៅមន្ទីរសង្គមកិច្ចខេត្ត ធ្វើឲ្យ លោកប្រធានមន្ទីររត់ខ្វែងដៃរកប្រាក់មកបើកឲ្យយោធិនពិការ។
លោក សំអឿន យោធិនពិការម្នាក់ ដែលបានមកបើកប្រាក់រំលឹកនៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្ប ទា បានប្រាប់ថា ប្រាក់ទាំងនេះ គឺពួកគេទើបតែដឹងតាមរយៈមន្ត្រីសាលាខេត្តតាកែវ ហើយក៏នាំគ្នាមកបើកប្រាក់ នេះ នៅមន្ទីរសង្គមកិច្ចតែខាងអ្នកបើកលុយប្រាប់ថា លុយមិនមានគ្រប់គ្រាន់នោះទេ គឺខាងមន្ទីរបើកឲ្យបានតែ ពាក់កណ្ដាលប៉ុណ្ណោះក្នុងចំណោមយោធិនពិការទាំង ៩៥នាក់ ក៏ប៉ុន្តែខាងមន្ទីរបានសន្យាថា នឹងរកប្រាក់មកបើក ឲ្យគ្រប់ចំនួននៅសប្ដាហ៍ក្រោយ។
លោក កង សំអឿន អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍យ៉ាងខ្លីថា លោកមិនបានដឹងរឿងនេះទេ បើទោះ បីជាលិខិតនោះ មានស៊ីញ៉េឈ្មោះលោកក៏ដោយ។
លោក សោម អ៊ុំមុនីរ៉ា ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តតាកែវ សារព័ត៌មានអរិយធម៌ មិនអាចសុំការអត្ថាធិប្បាយ បានទេនៅរសៀលថ្ងៃទី៦ខែសីហា ម្សិលមិញនេះ៕ ដោយ៖ សហការី