កំពង់ឆ្នាំង៖ រថយន្តម៉ាកនីសាន់កញ្ចាស់មួយគ្រឿងដែលបានដឹកឈើម្រះព្រៅពេញប្រៀបមុខកាត់ធំៗបានបាក់សាក់ស៊ីនៅកណ្តាលផ្លូវទៅមុខលែងរួចធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវរាប់រយនាក់។
ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៩និង៥នាទីព្រឹកថ្ងៃទី៦ខែសីហាឆ្នាំ២០១៣នៅលើផ្លូវជាតិលេខ៥មុខសាលាខេត្តកំពង់ឆ្នាំងស្ថិតនៅក្នុងភូមិឃ្លាំងប្រាក់សង្កាត់ប្អេរក្រុងកំពង់ឆ្នាំង។សមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយដឹងថារថយន្តនីសាន់ពណ៌ទឹកប្រាក់ពាក់ស្លាកលេខន-6251 ភព2 ជិះគ្នា៤នាក់ធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ឆ្ពោះទៅរាជធានីភ្នំពេញដោយមានដឹកឈើម្រះព្រៅមុខកាត់ធំៗជាច្រើនដុំពេញរថយន្ត។ពេលមកដល់ចំណុចកើតហេតុដែលមានផ្លូវទឹករលកបណ្ដាលអោយរថយន្តអុកបាក់សាក់ស៊ីកាច់រថយន្តជា២កំណាត់ទៅមុខលែងរួចតែម្តង។
ក្រោយពេលកើតហេតុគេសង្កេតឃើញមានវត្តមានលោកពេញវិបុលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានដឹកនាំសមត្ថកិច្ចជំនាញមកធ្វើការត្រួតពិនិត្យហើយបានអូសរថយន្តនោះមកទុកនៅក្នុងសាលាដំបូងខេត្តដើម្បីធ្វើការរាប់ចំនួនឈើនិងថ្លឹងហើយកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ក្នុងនោះដែរសមត្ថកិច្ចបានឃាត់ខ្លួនកម្មករលើកឈើចំនួន២នាក់ដែលជិះនៅលើរថយន្តដើម្បីសាកសួរព័ត៌មានទី១ឈ្មោះសូសារិទ្ធអាយុ៥៥ឆ្នាំរស់នៅចំការមនក្រុងភ្នំពេញ,ទី២ឈ្មោះញឹមភក្តីអាយុ១៦ឆ្នាំរស់នៅអន្លង់វិលខេត្តបាត់ដំបងពួកគេបានសារភាពថាពួកគេជាកម្មករស៊ីឈ្នួលលើកឈើក្នុង១ថ្ងៃទទួលបានថ្លៃឈ្នួល៣ម៉ឺនរៀល។
មន្ត្រីជំនាញម្នាក់បានសន្និដ្ឋានថាឈើម្រះព្រៅនេះមានចំនួនជិត៣ម៉ែត្រគូបហើយអាចមានតំលៃរាប់ម៉ឺនដុល្លារអាមេរិក។ក្នុងពេលនោះដែរគេឃើញមានមន្ត្រីក្នុងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងមកចូលរួមត្រួតពិនិត្យនិងវាស់វែងឈើនេះផងដែរ៕ដោយ៖ សហការី