ភ្នំពេញ៖ យុវជនមកពីប្រទេសជប៉ុន និងយុវជនកម្ពុជា បានជួបពិភាក្សាគ្នា ថាការផ្លាស់ប្ដូរវប្បធម៌ និងការសម្ដែង សិល្បៈ ដើម្បីរួមចំណែកលើកកម្ពស់ដល់ការផ្លាស់ប្ដូរ បទ ពិសោធន៍ និងចំណេះដឹងទាក់ទងនឹងការចូលរួមបង្ហាញសកម្មភាពសិល្បៈ វប្បធម៌ របស់យុវជន សម្រាប់ជួយពង្រឹងនូវទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ ។
នៅក្នុងកម្មវិធីសម្ដែងសិល្បៈ បង្ហាញម៉ូត យុវជនអាស៊ីកម្ពុជា ឆ្នាំ២០១៣ កាលពីរសៀល ថ្ងៃទី ០៤ ខែសីហា លោកស្រី យូស៊ីដា អេរី ប្រធានគណៈកម្មការរៀបចំកម្មវិធី យុវជនអាស៊ីកម្ពុជា បាន បញ្ជាក់ថា កម្មវិធីនេះត្រូវបានធ្វើឡើង ដើម្បីជំរុញដល់ ទំនាក់ទំនង និងចំណងមិត្តភាពរវាងយុវជន នៃប្រទេសជប៉ុន និងយុវជនកម្ពុជា បានយល់ដឹង និងអាចស្គាល់អំពីវប្បធម៌គ្នាទៅវិញទៅមក ហើយ ជួយលើក កម្ពស់ សមត្ថភាពរបស់យុវជន តាមរយៈការសម្ដែងសិល្បៈ ក្នុងការថែរក្សាទំនាក់ទំនង កិច្ច សហប្រតិបត្តិការប្រកបដោយចិរភាព ។
លោក ឈួន បូរិត នាយកប្រតិបត្តិអង្គការយុវជនខ្មែរ និងអភិវឌ្ឍន៍សង្គម(KYSD) បានបញ្ជាក់ឲ្យ ដឹងថា ការសម្ដែងសិល្បៈ និងផ្លាស់ប្ដូរវប្បធម៌រវាងយុវជន និង យុវជន នៃប្រទេសទាំងពីរ នឹងជួយលើក កម្ពស់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ហើយជួយពង្រឹងផ្នែក វិស័យសេដ្ឋកិច្ច ពិសេស ជំរុញអ្នកទេសចរជនជាតិជប៉ុន ឲ្យចូលមកទស្សនានៅកម្ពុជា ។
លោកបានបន្តថា យុវជនមានតួនាទីសំខាន់ណាស់ក្នុងការលើកកម្ពស់វិស័យវប្បធម៌ ដែល តាមរយៈនេះ ធ្វើឲ្យយុវជន និងយុវជននៃប្រទេសទាំងពីរកាន់តែស្គាស់គ្នាយ៉ាង ជិតស្និទ្ធ បន្ថែមទៀត ហើយអាចឈានទៅដល់ការពង្រឹងទំនាក់ទំនងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ។
ចំណែក កញ្ញា តុំ ទាវ ជានិស្សិតរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញអំពី ចំណាប់អារម្មណ៍ដោយលើកឡើងថា ការបង្កើតកម្មវិធីនេះឡើងគឺដើម្បីផ្ដល់ ឱកាស ដល់យុវជន នៃ ប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា ក្នុងការផ្លាស់ប្ដូរវប្បធម៌ គ្នាទៅវិញ ទៅមក ពិសេសការពង្រឹងទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងជប៉ុន ។
សូមបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរខួប អនុស្សាវរីយ៍ លើកទី៦០ឆ្នាំ ទិវារឹតចំណងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជា និងខួបលើកទី៤០ ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការអាស៊ាន ជប៉ុន ហើយ ផ្ដល់ឱកាសដល់យុវជនជប៉ុន និងកម្ពុជា បានជួបពិភាក្សា គ្នាដោយផ្ទាល់ តាមរយៈ ការសម្ដែងសិល្បៈ និងការផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមករវាងប្រទេស ទាំងពីរ ៕
ដោយ៖ ស្រីផល