ភ្នំពេញ ៖ បុរស ២ នាក់ ម្នាក់ជាជនជាតិជប៉ុនបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោច អាធ័មនៅក្នុងថ្លុកឈាម ចំណែកម្នាក់ទៀតជាជនជាតិខ្មែរស្លាប់ពេលបញ្ជូន ទៅដល់ មន្ទីរពេទ្យ ខណៈដែលពួកគេបានជិះម៉ូតូ ២គ្រឿងក្នុងល្បឿន លឿនដូចគ្នាហើយជ្រុល បុកគ្នាយ៉ាងពេញទំហឹងនៅចំណុចទល់មុខរោងកុនលុច្ស ស្ថិតតាមបណ្តោយ មហាវិថីព្រះនរោត្តម កែងផ្លូវលេខ ១៥៤ ក្នុងសង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ ។ សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង ២ និង ៤០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៣។
ប្រភពដដែលបានបន្តថានៅមុនពេលកើតហេតុបុរសជនជាតិជប៉ុន ម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក EAGLE ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BW-2478 ធ្វើដំណើរចេញពីផឹក ស៊ីតាមបណ្តោយផ្លូវលេខ ១៥៤ ក្នុងទិសដៅពីកើតទៅលិច ដោយបានជិះយ៉ាងលឿនខណៈជិះដល់ចំណុចកែង ផ្លូវព្រះនរោត្តម បុរសជាជនជាតិ ជប៉ុនបានទាញចង្កូតម៉ូតូបត់ខាងឆ្វេងដៃចូលតាមផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើង ទៅត្បូង ខណៈស្របពេលដែលបុរសជាជនជាតិខ្មែរម្នាក់កំពុងជិះម៉ូតូឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1Y-1614 តាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងទិសដៅ ពីត្បូងទៅជើង ជ្រុលទៅបុកគ្នាជាមួយម៉ូតូរបស់ជនជាតិជប៉ុន ដែលកំពុងជិះបញ្រ្ចាស ទិសគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យបុរសជាជនជាតិ ជប៉ុនដួល បោកក្បាលបែក និងបាក់ក ស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាមគរពីលើម៉ូតូ ចំណែកជនជាតិខ្មែរដែលរថយន្តសាមុយ មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ នោះក៏ត្រូវស្លាប់បាត់បង់ជីវិតពេលទៅដល់មន្ទីរពេទ្យផងដែរ
ចំណែកឯម៉ូតូទាំង ២គ្រឿង ត្រូវរងនូវការខូចខាតទាំងស្រុងតែម្តង ។
សមត្ថកិច្ចនៅមិនទាន់កំណត់អត្តសញ្ញាណបុរសទាំង ២នាក់ដែលស្លាប់ក្នុងហេតុ ការណ៍ខាងលើនេះនៅឡើយ ទេ ហើយសមត្ថកិច្ចបានបញ្ជាក់ថា ក្រោយកើតហេតុ សាកសពជនជាតិជប៉ុនត្រូវបានប្រគល់ឲ្យក្រុមសាច់ញាតិ របស់គេយកទៅធ្វើ បុណ្យតាមប្រពៃណី ចំណែកសាកសពបុរសជនជាតិខ្មែរត្រូវតម្កល់ នៅមន្ទីរ ពេទ្យកាល់ម៉ែតរង់ចាំ ទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យ ។ ដោយឡែកម៉ូតូទាំង ២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងអូស យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយ តាមផ្លូវច្បាប់។ គ្រោះថ្នាក់នេះបង្កឡើងដោយសារភាគីទាំង ២ បើកបរម៉ូតូក្នុងល្បឿន លឿន ដូចគ្នា ជាពិសេសដល់ចំណុចផ្លូវកែង ពួកគេមិនចេះយោគយល់អធ្យាស្រ័យគ្នា ទើបបង្កឲ្យមានគ្រោះថ្នាក់ រហូតធ្វើឲ្យបាត់បង់ជីវិត ៕
ដោយ៖ ទុយ បញ្ញា