ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង ក្នុងខណៈពេលដែលបុរសពីរនាក់ និងស្រីម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ជិះឌុបគ្នា តាមបណ្តោយផ្លូវ១៨២ កែងផ្លូវ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាម៉ោង ៣និង២០នាទីទាបភ្លឺ ឈានចូលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៣ ជ្រុលទៅបុករបងផ្ទះប្រជា ពលរដ្ឋមួយកន្លែង រួចបន្តទៅបុកបង្គោលភ្លើងមួយដើមទៀត បណ្តាលឲ្យបុរសម្នាក់
ដែលជាអ្នកបើកបរបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ រីឯនារីម្នាក់ទៀត រត់គេចខ្លួនបាត់។
សមត្ថកិច្ចមូលដ្ឋានដែលចុះទៅវាស់វែងដល់កន្លែងកើតហេតុ បានឲ្យដឹងថា បុរសដែលស្លាប់បាត់បង់ជីវិតខាងលើនេះ ឈ្មោះ ពុធ ខេមរា អាយុជាង២០ឆ្នាំ មុខរបរជាកម្មកររោងចក្រស្បែកជើង ស្នាក់នៅខណ្ឌពោធិ៍សែនជ័យ ។
ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះ សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណខ្មៅ ពាក់ស្លាកលេខកណ្តាល 1L-3518 ជិះឌុបគ្នា តាមបណ្តោយផ្លូវ១៨២ ដោយបានបើកយ៉ាងលឿន ខណៈមកដល់ចំណុចផ្លូវកែងលេខ២១៥ ស្រាប់តែរេចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ ហើយបុកបង្គោលភ្លើងមួយដើមទៀត បណ្តាលឲ្យ
បុរសជាអ្នកបើកបរស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម រីឯបុរសម្នាក់ទៀតដែលរួមដំណើរជាមួយគ្នានោះ ត្រូវរងរបួសធ្ងន់ ។ ដោយឡែកនារីម្នាក់ទៀតបានរត់គេចខ្លួនបាត់។ ក្រោយកើតហេតុ សមត្ថកិច្ចបានទំនាក់ទំនងទៅរថយន្តសាមុយឲ្យមកដឹកបុរស រងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសាកសពសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
» ព័ត៌មានជាតិ » មនុស្ស៣នាក់ ជិះម៉ូតូជ្រុលទៅបុករបងផ្ទះបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ រីឯនារីម្នាក់ទៀតរត់គេចខ្លួនបាត់