RaNia គឺជាឈ្មោះក្រុមតារាចម្រៀងស្រីលំដាប់អន្តរជាតិមួយរបស់កូរ៉េដែលបានបង្កើតឡើងដោយផលិតករសញ្ជាតិអាមេរិក Teddy Riley ជាមួយ PMG។ ក្រុមនេះបង្ហាញខ្លួនលើកដំបូងនៅកូរ៉េជាមួយសមាជិកទាំងអស់៨នាក់។ ក្នុងនោះសមាជិក៦នាក់មានទឹកដីកំណើតនៅកូរ៉េ ម្នាក់ឈ្មោះ Yijo កើតនៅចិន និងម្នាក់ទៀតឈ្មោះ Joy មកពីប្រទេសថៃ។
ពួកគេចេះនិយាយ និងច្រៀងជាភាសាកូរ៉េ អង់គ្លេស ជប៉ុន ចិន និងថៃ បានយ៉ាងស្ទាត់ជំនាញ។ RaNia ចេញបទលើកដំបូងរបស់ខ្លួន “Dr. Feel Good” ក្នុងឆ្នាំ២០១១។ ក្រុមនេះទទួលបានការហ្វឹកហាត់ពីប្រធានក្រុមហ៊ុន DR Music ឈ្មោះ Yoon Deung Ryong ធ្លាប់ជួយបណ្តុះបណ្តាលឱ្យក្រុម BabyVOX មានឈ្មោះបោះសំឡេង។
ផលិតកម្ម DR Music បានបញ្ជាក់នៅក្នុងបណ្ដាញសង្គម Facebook ថា ក្រុម RaNia នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជារយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥កក្កដាខាងមុខ ប៉ុន្តែក្រុមការងាររបស់ពួកគេមិនទាន់បានទទួលគម្រោងច្បាស់លាស់ នៅឡើយទេថាក្រុមចម្រៀងនេះនឹងត្រូវធ្វើអ្វីខ្លះនោះ។
សូមបញ្ជាក់នេះ គឺជា លើកទី២ហើយសម្រាប់ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា បន្ទាប់ពីក្រុមចម្រៀងនេះធ្លាប់មកម្ដងកាលពីឆ្នាំ២០១២ ដោយពេលនោះមកក្នុងគោលបំណងផ្សព្វផ្សាយក្រុមចម្រៀងស្រីK-Popទាំងអស់ដើម្បីឲ្យ ប្រទេសតំបន់អាស៊ី បានស្គាល់៕