កំពង់ធំ ៖ កាលពីរសៀលថ្ងៃទី ៣ ខែ សីហា ឆ្នាំ២០១៣ នៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ មានកិច្ចប្រជុំពង្រឹងការពារសន្តិសុខ ស្រុកបារាយណ៍ ក្រោមអធិបតីភាព លោក វរៈសេនីយ៍ត្រី ឃុន ប៊ុនហូរ មេបញ្ជាការ កងរាជអាវុធហត្ថស្រុកបារាយណ៍ ព្រមទាំងមេបញ្ជាការរង និងកម្លាំងក្រោមឳវាទ ចូលរួមជាច្រើននាក់។
បន្ទាប់ពី កងកម្លាំងប្រចាំតាមគោលដៅ បានឡើងអាននូវរបាយការណ៍ និងលទ្ធផលមួយចំនួន ដែលបានអនុវត្តកន្លងមក ក្នុងអំឡុងបើកយុទ្ធនាការឃោសនា បោះឆ្នោត និងពេលបោះឆ្នោត រហូតដល់ រាប់សន្លឹកឆ្នោត ដែលបានជម្រុញឲ្យទទួលបានលទ្ធផលល្អប្រសើរបំផុត ក្នុងអំឡុងបំពេញភារៈកិច្ច ការពារសណ្តាប់ធ្នាប់ដល់ប្រជាពលរដ្ឋ
ដែលបានអញ្ជើញមក ចូលរួមបោះឆ្នោត និងទទួលបានសុខ សុវត្តិភាព១០០% គ្មានអំពើហឹង្សា គ្មានបាតុភាពចលាចល បង្ករការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋម្តង ណាមួយនោះឡើយ ។
លោក វរៈសេនីយ៍ត្រី ឃុន ប៊ុនហូរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ បានពាំនាំនូវការ អរគុណដល់កងកម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ ទាំងអស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយ ៤ សៅ សុខា មេបញ្ជាការរងកយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានយកអស់ពីកំលាំងចិត្តកំលាំង កាយ ជម្រុញការងារ ការពារសុវត្តិភាព សន្តិសុខ នៅក្នុងអំឡុងបោះឆ្នោត ជ្រើសរើស
តំណាងរាស្ត្រ នីតិកាលទី ៥ កាលពីរថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ កន្លងមក និងជាមោទនៈភាពក្រៃលែង ដែលដំណើរការបោះឆ្នោត ប្រកបដោយរលូន និងទទួលបាន នូវសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋ រហូតមានការគាំទ្រ កោតសរសើរពីសំណាក់ អ្នកសង្កេតការន៍អន្តរជាតិផងដែរ ក្នុងឳកាសនោះឯកឧត្តម បានផ្តាំផ្ញើរបន្ថែមឲ្យមានការ
យកចិត្តទុកដាក់បន្ថែម ការពារមុខសញ្ញា ចោរលួច ចោរប្លន់ និងបង្ករបទល្មើសនៅក្នុងភូមិសាស្ត្រ ស្រុកបារាយណ៍ ដែលអាច និងកើតឡើងនៅក្រោយពេលបោះឆ្នោត ដើម្បីពង្រឹងនូវសុវត្តិភាព កងកម្លាំងទាំងអស់ត្រូវមានការ រឹតបន្តឹងឃ្លាំមើលសភាពការណ៍ និងមានភាពទទួលខុសត្រូវ ក្នុងកិច្ចការសុវត្តិភាពជូនប្រជាពលរដ្ឋ ៕
ដោយ សុផាត