ភ្នំពេញ៖ ទោះបីខិតខំហែលឆ្លងព្យុះភ្លៀងនៅលើវិថីសិល្បៈអស់រយៈពេល៥ឆ្នាំមកនេះ តារាចម្រៀងគ្មានទ្រនំ កញ្ញា រិន សុធារ៉ា ដែលប្រជាប្រិយភាពនិងកេរ្តិ៍ឈ្មោះរបស់នាងហាក់មិនសូវមានភាពលេចធ្លោ និងល្បីល្បាញដូចតារាចម្រៀង មួយចំនួនប៉ុន្មានឡើយ ព្រោះនាងជាតារាចម្រៀងមួយដួងមិនមានទ្រនំផ្ទាល់ខ្លួនសម្រាប់ជ្រកឡើយ។តែទោះជាយ៉ាងណារយៈពេល២ឆ្នាំមកនេះ ស្រីស្រស់ រិន សុធារ៉ាបានច្រៀងឲ្យផលិតកម្ម ក្រៅស្រុកមួយ ដែលមានឈ្មោះថា ផលិតកម្មបុប្ផា ហើយកាលពីពេលថ្មីៗកន្លងទៅនេះ នាងក៏បានច្រៀង ឲ្យផលិតកម្ម បុប្ផានៅក្នុងសាលមហោស្រពចេនឡា ដើម្បីយកទៅលក់នៅក្រៅប្រទេសផងដែរ ។កន្លងមកកញ្ញា រិន សុធារ៉ា ធ្លាប់បានឡើងបង្ហាញសម្រស់និងបង្ហើរសំនៀងនៅលើឆាកតន្ត្រីស្ទើរគ្រប់ៗស្ថានីយទូរទស្សន៍ ក្នុងនោះមានដូចជា ទូរទស្សន៍ បាយ័ន ស៊ីធីអ៊ិន ប៉ុស្តិ៍លេខ៣ ប៉ុស្តិ៍លេខ ៥និងប៉ុស្តិ៍ អប្បរា ..ជាដើម ។
បើទោះបីជាកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព របស់បុប្ផាក្រពុំដែលមានដើមកំណើតមកពី ខេត្តពោធិ៍សាត់ រិន សុធារ៉ា មិនសូវលេចធ្លោនៅក្នុងប្រទេសក៏ពិតមែន តែចំពោះសំនៀង របស់នាង គឺមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនទស្សនិកជនខ្មែររស់នៅឯនាយសមុទ្រ ព្រោះបទចម្រៀង ដែលនាងបានច្រៀងគឺខាងផលិតកម្ម បានយកចេញទៅលក់ នៅខាងក្រៅប្រទេសដូច្នេះធ្វើឲ្យអ្នកនៅឯនាយសមុទ្រ មានការគាំទ្រច្រើន។
ជាពិសេសទៅទៀតនោះបទចម្រៀងរបស់នាង គឺសុទ្ធសឹងតែជា បទចម្រៀងពីរោះៗ ដែលមានលក្ខណៈ ជាបទកន្ទ្រឹមបទបុរាណ និងបទមនោសញ្ចេតនាជាដើម។ បន្ទាប់ពីបានប្រឡូក ក្នុងពិភពសិល្បៈ អស់ជាច្រើនឆ្នាំ ហើយទេពកោសល្យសិល្បៈនិងមានសំនៀងពី រោះផងនោះ ស្រីស្រស់ រិន សុធារ៉ា ត្រូវបានស្ពន់ស័រទាក់ទងនាងឲ្យ ទៅច្រៀងនៅ ប្រទេសអូស្ត្រាលី ជាមួយក្រុមនាយពែកមីនៅជាងមួយសប្តាហ៍ខាងមុខនេះ។
កញ្ញា រិន សុធារ៉ា បាននិយាយរៀបរាប់ ឲ្យដឹងថានៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនាង នឹងចេញទៅច្រៀងនៅប្រទេសអូស្ត្រាលីជាមួយតារាចម្រៀង និងតារាកំប្លែងមួយចំនួននៅក្នុងក្រុមនាយពែកមី ។ តារាចម្រៀងវ័យ ២៥ឆ្នាំរូបនេះ បានបន្តទៀតថា កញ្ញាត្រូវបានស្ពន់ស័រទាក់ទងឲ្យចេញ ទៅច្រៀងនៅ ប្រទេសអូស្ត្រាលីនៅថ្ងៃទី១២ ខែសីហាខាងមុខនេះ។ កញ្ញាត្រូវចេញទៅច្រៀង នៅប្រទេសអូស្ត្រាលីរយៈពេល១ខែកន្លះរួមជាមួយក្រុមកំប្លែងនាយពែកមី ក្នុងនោះមានដូចជា នាយពែកមី នាងខ្ញុង លីឡានិងអ្នកផ្សេង មួយចំនួនទៀត។
គួរបញ្ជាក់ថា កាលពីពេលកន្លង ទៅកញ្ញា រិន សុធារ៉ា ធ្លាប់បានចេញទៅច្រៀងនៅប្រទេសជប៉ុនម្តង រួចមកហើយ និងទទួលជ័យខ្លាំងផងដែរ ។ដូច្នេះការចេញ ទៅច្រៀងនៅ ប្រទេសអូស្ត្រាលី នាពេលខាងមុខនេះ នាងសង្ឃឹមថានឹងទទួលបានជោគជ័យ បន្តទៀត ព្រោះបានរួមដំណើរ ជាមួយ ក្រុមនាយពែកមីដែលជាក្រុមមួយកំពុងទទួលការគាំទ្រ និងល្បីស្រាប់ក្នុងប្រទេស៕ ដោយៈ សហការី04