កំពង់ធំ៖ មានហេតុការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង ១៣.៣០នាទី ថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០១៣ នៅចំនុចភូមិត្បូងក្រពើឃុំ កកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានជនសង្ស័យ ៣នាក់បានធ្វើសកម្មភាព ចូលលួចកាច់សោរម៉ូតូ ប្រជាពលរដ្ឋ ទើបផ្អើលឆោឡោ រាយការណ៍ជូន សមត្ថកិច្ច ស្ទាក់ចាប់ក្របួចបាននៅវេលាម៉ោង ១៥ .៣០នាទីថ្ងៃដដែល។លោក គ្រួច គង់ ជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃកើតហេតុ លោកបានយកម៉ូតូរបស់លោក ទៅចំការ ស្វាយចន្ទី ដោយទុកម៉ូតូចាក់សោរចោលនៅក្បែរផ្លូវ ហើយទៅត្រួសត្រាយស្មៅនៅចំការស្វាយចន្ទី ក្រោយមកក៏បានបាត់ម៉ូតូ ទើបរាយការណ៍ ជូនសមត្ថកិច្ច ឲ្យជួយតាមរក ដោយតាមគន្លង ដែលជនសង្ស័យអូសម៉តូទៅ។
តាមការឲ្យដឹងពីលោក អនុសេនីយ៍ឯក ជៀប គឹមឆុង នគរបាលនៃអធិការស្រុកសន្ទុក បានឲ្យដឹងថា ក្រោយពីកើតហេតុ លោក បានទទួលសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋថា មានករណីចោរលួចកាច់សោរម៉ូតូ ចំនួន៣នាក់ ក្រោយពីកាច់បានក៏បាននាំម៉ូតូឆ្លងកាត់ចំនុច វាលស្រែខាងត្បូង ភូមិគគីជួរ ឃុំតាំងក្រសាំង ទើបលោកបានដឹកនាំកំលាំង ស្ទាក់ចាប់បាន ជនសង្ស័យ៣នាក់ ជាមួយនិងវត្ថតាងមានម៉ូតូពីរ គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០១១ ពាក់ស្លាកលេខ កំពង់ធំ 1E-0139 ជនសង្ស័យទាំង ព្រមជាមួយនឹងម៉ូតូ ដែលលួចបានមក ម៉ាក ហុងដា ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1E-5923 ៣នាក់ទី១ឈ្មោះ ឡេង រេង ភេទ ប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិ ជពង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទី២ ឈ្មោះ យឹម ជន ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិត្បែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទី៣ ឈ្មោះ អួន ខ្នើយ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិ បាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក អនុសេនីយ៍ឯក ជៀប គឹមឆុង បានបន្តថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ គ្រួច គង់ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ក្រោយពីចាប់បានជូនសង្ស័យ ត្រូវបាន នាំមកអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅតុលាការ កាត់ទោសតាមផ្លូវច្បាប់៕ ដោយ៖ សុផាត