កណ្តាល៖ មានសេចក្តីរាយការណ៍ថា នៅក្នុងឃុំត្រើយស្លា ស្រុកស្អាង មានស្រះចិញ្ចឹមត្រីឆ្តោ ប្រមាណ៣០០ ស្រះ ហើយមានមន្ត្រីជលផលខេត្តនិងស្រុក ចុះប្រមូលលុយពីម្ចាស់ស្រះនីមួយៗ បានមិនក្រោមពី២ម៉ឺនដុល្លារ នោះទេ ថ្នូរនឹងការមិនបង្ក្រាប Sic។គេនិយាយថា ស្រះខ្លះឈ្មួញចិញ្ចឹមពី៣ពាន់ក្បាលដល់៤ពាន់ក្បាល ស្រះខ្លះពី២ម៉ឺនក្បាលដល់៣ម៉ឺនក្បាល ស្រះខ្លះពី១០ម៉ឺនក្បាលដល់២០ម៉ឺនក្បាល តែស្រះចិញ្ចឹមពី១០ម៉ឺនក្បាលដល់២០ម៉ឺនក្បាលនេះ មានតែពីរទៅបី ស្រះប៉ុណ្ណោះ ក្រៅពីនោះមានស្រះតូចៗច្រើនដូចម្រាមដៃ។ គេនិយាយថា ឧហ្សាហ៍ឃើញមន្ត្រីជលផលស្រុក និងមន្ត្រីជលផលខេត្ត ចុះទៅជួបម្ចាស់ស្រះណាស់ តែមិនឃើញបង្ក្រាបទេ។ ការដែលមន្ត្រីទាំងនោះចុះទៅជួប ម្ចាស់ស្រះ មិនមែនចុះទៅណែនាំមិនឲ្យចិញ្ចឹមត្រីឆ្តោនោះទេ គឺចុះទៅប្រមូលលុយតាមរដូវ រួចក៏នាំគ្នាឡើងទៅ ស្រុកនិងទៅខេត្តវិញអស់។
ប្រជាពលរដ្ឋនិងមន្ត្រីប៉ូលិសដែលគ្មានភារកិច្ចបង្ក្រាបត្រីខុសច្បាប់នោះ បាននាំគ្នារិះគន់មេជលផលខេត្តនិង មេជលផលស្រុកស្អាងថា មកពីពួកអស់លោកចេះតែទទួលប្រាក់សំណូកពីឈ្មួញទាំងនោះ ទើបវាកើតមាន ស្រះចិញ្ចឹមត្រីឆ្តោ ដូចម្រាមដៃនោះឯង ប៉ុន្តែបើអស់លោកមិនយកប្រាក់សំណូកវិញ ឈ្មួញក៏គ្មានហ៊ានចិញ្ចឹម ត្រីឆ្តោនោះដែរ។
ប្រជាពលរដ្ឋនិងមន្ត្រីប៉ូលិសដឹងរឿងនាំគ្នានិយាយថា មេជលផលស្រុកស្អាង និងមេជលផលខេត្ត យកលុយពី ម្ចាស់ស្រះក្នុងមួយរយៈត្រីធំបានមិនក្រោមពី២ម៉ឺនដុល្លារនោះទេ ក្នុងមួយឃុំត្រើយស្លា ចុះទំរាំម៉ាខេត្តវិញ តើ បានប៉ុន្មាន? ប្រជាពលរដ្ឋក្នុងឃុំត្រើយស្លា បានចាប់យកអាជីពចិញ្ចឹមត្រីឆ្តោស្ទើរគ្រប់ផ្ទះ ព្រោះគ្មាននរណាចាប់ ទេ ឲ្យតែបង់លុយជូនមន្ត្រីជលផលស្រុកនិងខេត្តទៅវាចប់បាត់់ទៅហើយ។
ត្រីឆ្តោ គឺជាប្រភេទត្រីស៊ីត្រីគ្នាឯងជាចំណី ដូច្នេះហើយទើបក្រសួងកសិកម្មក៏ដូចជារាជរដ្ឋាភិបាល មិនឲ្យ ប្រជាពលរដ្ឋចិញ្ចឹមត្រីឆ្តោនោះឯង។ មិនតែប៉ុណ្ណោះក៏បានឲ្យមន្ត្រីជលផលទូទាំងប្រទេស ធ្វើការបង្ក្រាបដោយ គ្មានការលើកលែងនោះទេ។ ប៉ុន្តែមន្ត្រីជលផលថ្នាក់ក្រោមមិនយកត្រចៀកស្តាប់ឡើយ ហើយថែមទាំងបើកដៃ ឲ្យគេចិញ្ចឹមស្រួល ចុះទៅប្រមូលលុយដាក់ហោប៉ៅទៅវិញ។
ប្រជាពលរដ្ឋនិងមន្ត្រីប៉ូលិស ដែលដឹងរឿងបាននិយាយថា សព្វថ្ងៃនេះឈ្មួញចិញ្ចឹមត្រីឆ្តោនៅឃុំត្រើយស្លា បានដងកូនត្រីពីទន្លេក្នុងមួយថ្ងៃមិនតិចតោននោះឡើយ ដើម្បីយកទៅធ្វើជាចំណីត្រីឆ្តោ ដោយពួកគេមិនបាន ឲ្យស៊ីចំណីសិប្បនិម្មិតឬចំណីកែច្នៃទេ ព្រោះត្រីវាកម្រធំ។ ដូច្នេះគ្រាន់តែឃុំត្រើយស្លាមួយត្រូវការកូនត្រីរាប់ តោនក្នុងមួយថ្ងៃៗ ចុះបើម៉ាខេត្តកណ្តាលវិញ វាត្រូវការកូនត្រីប៉ុណ្ណាដែរ? បើគ្មានការបង្ក្រាបឲ្យបានទាន់វេលា ទេនោះ កូនត្រីច្បាស់ជាហីនហោចគ្មានសល់នោះទេ។
ករណីនេះ ប្រជាពលរដ្ឋសំណូមពរដល់លោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចុះទៅបង្ក្រាបផង បើពឹងមន្ត្រីនៅខេត្តកណ្តាលនោះ មិនកើតឡើយ។ កាសែតអរិយធម៌មិនអាចទំនាក់ទំនងមន្ត្រីទាំងអស់ ដើម្បី សុំការពន្យល់បកស្រាយបានទេនៅថ្ងៃទី២ខែសីហាឆ្នាំ២០១៣៕ ដោយ៖ តាបណ្ឌិត