ពោធិ៍សាត់៖ ការដឹកជញ្ជូនឈើគ្រញូងតាមម៉ូតូ គោយន្ត និងរថយន្តកំពុងតែមានភាពមមាញឹកយ៉ាងខ្លាំង នៅមុនពេលបោះឆ្នោតនិងក្រោយបោះឆ្នោតនៅក្នុងខេត្តពោធិ៍សាត់ ហើយសកម្មភាពដឹកឈើនេះគឺមាននៅ ស្រុកភ្នំក្រវាញ និងស្រុកបាកាន ប៉ុន្តែមិនដែលឃើញមានសមត្ថកិច្ច ឬជំនាញណាធ្វើការបង្ក្រាបឡើយ។ប្រភពព័ត៌មានពីស្ត្រីម្នាក់រស់នៅភូមិថ្មី ក្នុងឃុំតាលោ ស្រុកបាកាន បានឲ្យដឹងថាក្នុងមួយថ្ងៃៗ តែងឃើញម៉ូតូ ដឹកឈើគ្រញូងយ៉ាងតិចមិនក្រោមពី១០ទៅ២០គ្រឿងទេនៅពេលថ្ងៃ ចំណែកពេលយប់មានទាំងរថយន្តតូចៗ និងម៉ូតូអូសរ៉ឺម៉ក ព្រមទាំងគោយន្តច្នៃផងដែរ ដឹកជញ្ជូនឈើគ្រញូងពេលខ្លះមាន ឡានហុកឡដឹកទាំងថ្ងៃក៏មានដែរ។
ប្រភពដដែលបានបន្តថា នៅពេលឃើញម៉ូតូឬឡានដឹកឈើនេះសមត្ថកិច្ចប៉ូលិស ព្រមទាំងស្ថាប័នផ្សេង ទៀត ទោះជាបានជួបជាក់ស្ដែងក៏ដោយ ក៏មិនឃើញមានចំណាត់ការទាល់តែសោះ ហាក់បីដូចត្រូវថ្នាំសណ្ដំ ពីអ្នកដឹកឈើទាំងអស់នោះទៅហើយ។
ប្រភពពីប្រជាពលរដ្ឋដែលនៅតាមដងផ្លូវពីឃុំតាលោរហូតមកដល់ឃុំបឹងខ្នារ បាននិយាយថា ថ្លង់អើយសែនថ្លង់មួយយប់ៗដោយសារតែពួកដឹកឈើ តែមិនដែលឃើញមានអ្នកបង្ក្រាបសោះ ទោះជាតាម ផ្លូវមានសមត្ថកិច្ចក៏ដោយឃើញតែបើកទៅបាត់ៗគ្មានសល់ថ្ងៃណាម្ដងឡើយ។ ទីតាំងដែលគេលើកឈើនោះ គឺនៅមិនឆ្ងាយពីសាលាឃុំ និងប៉ុស្ដិ៍ប៉ូលិសប៉ុន្មានទេ យ៉ាងហោចណាស់ចម្ងាយ៥០០ម៉ែត្រប៉ុណ្ណោះ។
ប្រភពពីមន្ត្រី (កូនចៅ) ប៉ូលិសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថាខ្ញុំជាកូនចៅតើធ្វើម៉េច ហ៊ានទៅសួរនាំអ្នកដឹកឈើទាំងនោះទៅ បើគេបានបង់ឲ្យមេប៉ុស្ដិ៍រួចហើយ។
ប្រភពពីអ្នករកស៊ីបទល្មើសមួយចំនួនបានជជែកគ្នានៅ ហាងគុយទាវថាពួកយើង រកស៊ីពេលនេះគឺមិនខ្លាច សមត្ថកិច្ចណាមកចាប់ឬឃាត់ឡានរបស់ពួកយើងទេ ព្រោះអ្នកដែលរកស៊ីនិងទិញបន្តនោះគឺសុទ្ធតែសមត្ថកិច្ច និងកូនអ្នកធំទាំងអស់តើយើងខ្លាចអីទៀតម្យ៉ាងវិញទៀត សមត្ថកិច្ចប្រហែលជាប់រវល់ការងារបោះឆ្នោតហើយ គេមិនចាប់អារម្មណ៍ ពីការដឹកឈើគ្រញូងនេះឡើយ។ ចំពោះអ្នករកស៊ីបទល្មើសឈើគ្រញូងដែលពួកគេ និយាយនោះគឺ មាន កូន លោកយ៉ាំ យ៉េន មេឃុំតាលោ កូនលោកសៅ ដារឿន អភិបាលស្រុកបាកាន មន្ត្រីប៉ូលិស ឃុំតាលោ ព្រមទាំងអាវុធហត្ថផងដែរ។ ការដឹកឈើនេះគឺនៅតាមផ្លូវ ឃុំផ្ទះរុង ឃុំតាលោ ឃុំ រំលេច និងឃុំ បឹងខ្នារ គឺទាំងថ្ងៃទាំងយប់មិនខ្លាចញញើតសមត្ថកិច្ចបន្តិចសោះឡើយ។
ចំណែកនៅឃុំសំរោង ឃុំលាច និងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញឯណោះវិញក៏មានសកម្មភាព យ៉ាង គគ្រឹកគគ្រេងណាស់ដែរក្នុងការដឹកជញ្ជូនឈើទាំងយប់ថ្ងៃ។ ទីតាំងដែលលើកយ៉ាងច្រើនសំបើមជាងគេគឺនៅភូមិ កណ្ដាលក្បែរវត្តកណ្ដាលជិតសាលាឃុំនិងប៉ុស្ដិ៍ប៉ូលិសសន្ទ្រែតែម្ដង។ ជាក់ស្ដែងកាលពីថ្ងៃទី០១ខែសីហាឆ្នាំ២០១៣ វេលាម៉ោងជាង៤រសៀល នៅក្បែររបងថ្មផ្ទះអ្នកស្រុកម្នាក់ស្ថិតនៅ ក្នុងភូមិស្ដុកខ្ទុម ចុងខាងកើត ក្នុងទឹកដីឃុំផ្ទះរុង ស្រុកភ្នំក្រវាញ គឺមានប៉េអឹមខេត្តពោធិ៍សាត់ពីរនាក់ បានដឹកជញ្ជូនគ្រញូងពេញក្នុងរថយន្តម៉ាកកាមរីស៊រី១៩៩៥ពណ៌សំបកឪឡឹក ដឹកឆ្ពោះបន្តទៅទីរួម ខេត្ត ពោធិ៍សាត់។ នៅក្នុងសកម្មភាពដឹកឈើនេះមានអ្នកសារព័ត៌មានម្នាក់បានចូលទៅថតផ្ដិតយករូបភាព តែត្រូវបាន ប៉េអឹមពីរនាក់ចុះពីរថយន្ត មកចាប់ម៉ាស៊ីនថតចេញពីដៃអ្នកសារព័ត៌មានអរិយធម៌មិនឲ្យថតរូបភាព ហើយគេបាន ពោលពាក្យថាយើងស្គាល់គ្នាយូរហើយកុំថតអី។
ចំពោះតម្លៃឈើដែលពួកគេទិញសព្វថ្ងៃគឺគិតទៅតាមប្រភេទឈើ បើឈើនោះមានទំហំធំល្មមចាប់ ពីមុខមួយតឹក ប្រវែងកន្លះម៉ែត្រ ឬមួយម៉ែត្រគឺ តម្លៃ ១០.០០០រៀលក្នុងមួយគីឡូក្រាម បើឈើគ្រញូង នោះតូចៗគេទិញ តម្លៃ ៣៧០០រៀលទៅ ៤០០០រៀលក្នុងមួយគីឡូក្រាម។
លោក ពិន សង្គមឧត្តម នាយសង្កាត់រដ្ឋបាលព្រៃឈើបាកានបានបំភ្លឺប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទ នៅថ្ងៃទី២ខែសីហា ឆ្នាំ២០១៣ថា មួយរយៈកន្លងមកលោកបានបន្ធូរដៃនៅពេលបោះឆ្នោតហេតុនេះហើយ ពួក ឆ្លៀតឱកាសចេះតែហ៊ានរកជាបន្តបន្ទាប់ តែលោកកំពុងតែស្រាវជ្រាវ។ លោកនាយសង្កាត់បានបន្តថា យើងពិបាកក្នុងការបង្ក្រាបបទល្មើសទាំងនោះ ព្រោះពួកវាមានបណ្ដាញច្រើនណាស់និងមានល្បិចកល់ច្រើន ពេលដែលយើងចេញល្បាតគឺពួកវាបានទូរស័ព្ទប្រាប់គ្នាវាជាមុន ធ្វើឲ្យការបង្ក្រាបរបស់យើងមិន ទទួលបាន លទ្ធផលឡើយ។ លោកបានបន្ថែមទៀតថាលោកមិន ព្រងើយកន្តើយទេក្នុងការងារហ្នឹងទេ។
មតិពីមហាជនមួយចំនួនបាននិយាយថា គ្មានអ្នកណាហ៊ានបង្ក្រាបបទល្មើសទាំងនោះបានទេព្រោះ អ្នករកស៊ីលើ្មសទាំងនោះ សុទ្ធតែជាអ្នកមានអំណាច និងកូនអ្នកធំទាំងអស់ ដូច្នេះហើយ មានតែលោកអភិបាលខេត្តពោធិ៍សាត់និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកស្នងការដ្ឋាននគរបាលខេត្តទេទើបមានសមត្ថភាព។
ឮជាមួយគ្នានោះដែរមហាជននឹងរង់ចាំមើលលោក អភិបាលខេត្តពោធិ៍សាត់អាចចាត់វិធានការជាមួយ អ្នករក ស៊ីបទល្មើសដោយរបៀបណា ឬមួយទុកឲ្យពួកគេប្រកបមុខរបរនេះបន្ត៕ ដោយ៖ ភ្នំក្រវាញ