ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡាបានទទូចស្នើសុំដល់សិស្សានុសិស្សដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬប្រឡងបាក់ឌុបនៅថ្ងៃចន្ទ ទី៥ សីហា សបា្ដហ៍ខាងមុខនេះត្រូវតែគោរពបទប្បញ្ញត្តិនៃការប្រឡងឲ្យបានល្អប្រសើរ និងមិនត្រូវយកសម្ភារៈផ្សេងៗ ដែលក្រសួងបានហាមឃាត់ចូលក្នុងបន្ទប់ប្រឡង ឬមណ្ឌលប្រឡងដាច់ខាត។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធ្វើឡើងនៅមុនតែ២ថ្ងៃទៀតប៉ុណ្ណោះនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬប្រឡងបាក់ឌុបចូលមកដល់នៅថ្ងៃចន្ទទី៥សីហា ២០១៣ ដោយមានសិស្សានុសិស្សចូលរួមប្រឡងចំនួន១០៧.៨៣៥នាក់និងមានមណ្ឌលប្រឡងចំនួន២៣៤មណ្ឌលចែកចេញជា៣៤៩០បន្ទប់នៅទូទាំង២៤រាជធានី-ខេត្តក្រុង។
លទ្ធផលនៃការប្រឡងនឹងត្រូវប្រកាសនៅរសៀលថ្ងៃទី៣០ សីហាសម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញនិងខេត្តកណ្ដាលសម្រាប់មណ្ឌលប្រឡង នៅតាមបណ្ដាខេត្តផ្សេងៗលទ្ធផលនឹងប្រកាសនៅថ្ងៃទី៣១សីហា។សូមរម្លឹកឡើងវិញដែរថា សម័យប្រឡងបាក់ឌុបនឹងចាប់ផ្ដើមនៅថ្ងៃទី៥ដល់ថ្ងៃទី៧ ខែសីហា សប្ដាហ៍នេះ៕ ដោយៈ មករាតូច