ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, វិភាគ​នយោបាយ » អំណាច​បុណ្យស័ក្តិ​នៅ​នឹង​មុខ​រឿង​អី​មិន​ស្រវា​

អំណាច​បុណ្យស័ក្តិ​នៅ​នឹង​មុខ​រឿង​អី​មិន​ស្រវា​

ភ្នំពេញ៖ ទោះបីជា​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាត់បង់​អាសនៈ​នៅក្នុង​សភា​ដល់​ទៅ​២២​អាសនៈ កាលពី​ការបោះ ឆ្នោត​នៅ​ថ្ងៃទី​២៨ ខែកក្កដា កន្លងមកនេះ​ក៏ដោយ ក៏​គណ​បក្ស​នេះ​នៅតែ​កាន់អំណាច​បន្តទៀត ស្របតាម រដ្ឋធម្មនុញ្ញ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា នៅសល់​អាសនៈ​ដល់​ទៅ​៦៨​ដែរ គឺ​លើសពី ៥០​បូក​១​ទៅទៀត​។

ប៉ុន្តែ​សំរាប់​អាណត្តិ​ទី​៥​នេះ គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​រដ្ឋាភិបាល​មួយ​ដាច់​តែ​ម្នាក់​ឯង​បានដែរ ដើម្បី​កុំ​ឲ្យជាប់គាំង​នយោបាយ ព្រោះ​បញ្ហា​ធំៗ​មួយចំនួន​ត្រូវសុំ​ការអនុម័ត​ដោយ​សំឡេង​២​ភាគ​៣ នៅក្នុង​រដ្ឋសភា​។ ដូច្នេះ ប្រសិនបើ​មិនមាន​ការសម្របសម្រួល​ខាង​នយោបាយ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួលបាន​អាសនៈ នៅក្នុង​សភា​៥៥​អាសនៈ​ដែរនោះ ក៏​មិន​អាចធ្វើ​អ្វី​ដើម្បី​ឲ្យ​ប្រទេសជាតិ​ដំណើរការ​ទៅមុខ​បានដែរ​។​
ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ទោះបី​ពេលនេះ​ប្រកែក​បដិសេធ​មិន​ទទួលស្គាល់​លទ្ធផល​បណ្តោះអាសន្ន និង​បានប្រកាស​ខ្លួនឯង​ថា ជា​អ្នកឈ្នះឆ្នោត ហើយ​អ្នកគាំទ្រ​គណបក្ស​នេះ​មួយចំនួន​បានប្រកាស​ហាមឃាត់​មិន ឲ្យ​ធ្វើ​រដ្ឋាភិបាលចំរុះ​ជាមួយ​គណ​បក្ស​​ប្រជាជន​កម្ពុជា​ក៏ពិតមែន ប៉ុន្តែ​នៅពេល​ខាងមុខ​អ្វីៗ​ច្បាស់​ជាមាន​ការ​ប្រែ ប្រួល​មិន​ខាន​។​

ជា​រឿង​ធម្មតា​ទេ គឺ​គ្មាន​អ្នកនយោបាយ​ណា​ម្នាក់​ដែលថា មិន​ស្រឡាញ់​អំណាច​បុណ្យ​ស័ក្តិ​នោះឡើយ ។ យ៉ាង ណា​មិញ សមរង្ស៊ី និង​កឹម សុខា ក៏​ដូច្នេះ​ដែរ​។ កាលពី​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៤ ឆ្នាំ​២០០៨ សមរង្ស៊ី​ក៏មាន​មោទនភាព​ថា គណបក្ស​គាត់​នឹង​ឈ្នះឆ្នោត​ហើយ​គាត់​នឹង​បាន​ឡើង​ធ្វើ​នាយក​រដ្ឋ មន្ត្រី​។ ឯ កឹម សុខា ក៏​ដូច្នេះ​ដែរ គាត់​អួតអាង​ថា គឺ​គាត់​ជា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ឯណោះ​ទេ ដែល​ឈ្នះ ឆ្នោត​​បានធ្វើ​នាយករដ្ឋមន្ត្រី​នោះ​។​

ប៉ុន្តែ​ក្រោយ​ប្រកាស​លទ្ធផល​បានតែ​៣​អាសនៈ កឹម សុខា ដែល​ពីមុន​អួតអាង​ថា ឈ្នះ​ឆ្នោត​បាន​៨០​អាសនៈ បែរជា​និយាយថា គណបក្ស​សិទ្ធិមនុស្ស​របស់គាត់​ទើបតែ​កើត​បាន​​ប្រហែល​មួយឆ្នាំ ឈ្នះឆ្នោត​បាន​៣​អាសនៈ​គឺជា ជោគជ័យ​ធំធេង​បំផុត​ទៅវិញ ហើយ​ពេលដែល​ប្រជាពលរដ្ឋ​មួយចំនួន​ឲ្យ​គាត់​រួបរួមគ្នា ជាមួយ​គណបក្ស​សមរ​ង្ស៊ី គាត់​មិន​ព្រម​ជាដាច់ខាត ព្រោះ​ខ្លាច​មិនបាន​ធ្វើ​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃក្រោយ​។ ប៉ុន្តែ​នៅ​ទីបំផុត ទើប កឹម សុខា ចេះ​ពិចារណា​ថា អាសនៈ​គណបក្ស​សមរ​ង្ស៊ី​ចំនួន​២៦​អាសនៈ ច្រើនជាង​អាសនៈ​របស់​គណបក្ស​សិទ្ធិមនុស្ស មានតែ​៣​អាសនៈ​ក៏​យល់ព្រម​រួបរួមគ្នា​បង្កើត​គណ​បក្ស​សង្គ្រោះ​ជាតិ និង​យល់ព្រម​ធ្វើជា​អនុប្រធាន​របស់ សមរង្ស៊ី រួចហើយ​បែងចែក​អំណាច​​បុណ្យស័ក្តិ​គ្នា​ថា បើ​ឈ្នះឆ្នោត​សមរង្ស៊ី​ធ្វើ​នាយករដ្ឋមន្ត្រី កឹម សុខា ធ្វើជា​ប្រធាន​រដ្ឋសភា តែ​ឥឡូវនេះ គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​ឈ្នះឆ្នោត​ផង បើ​ឧបមា​ថា មានការ​សម្របសម្រួល​នយោបាយ​ណា មួយ ដោយ​ឲ្យ កឹម សុខា ធ្វើជា​ប្រធានរដ្ឋសភា ហើយ​សមរង្ស៊ី​ធ្វើជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែលជា​កន្លែង​​ខ្លាញ់​រងើម​នោះ តើ​រឿង​អី​ដែលថា កឹម សុខា និង​សមរង្ស៊ី​ថា​មិន​ទទួល នោះ​? តែបើ​ឧបមា​ថា សមរង្ស៊ី​និង​កឹម សុខា មិន​យល់ព្រម​នោះ រដ្ឋាភិបាលចាំផ្ទះ​របស់​សម្តេច ហ៊ុន សែន នឹង ត្រូវ​បន្ត​កិច្ចការ​របស់ខ្លួន​បន្ត​ទៀត រហូត​មាន​ដំណោះស្រាយ​ថ្មី ហើយ​អ្នក​ដែល​ត្រូវ​ដើរ​ទាត់​ខ្យល់​គឺ​មន្ត្រី​របស់​គណបក្ស សង្គ្រោះ​ជាតិ​ហ្នឹងឯង​។

ដូច្នេះ​វា​គ្មាន​រឿង​អ្វី​ដែលថា សមរង្ស៊ី​និង​កឹម សុខា មិន​ធ្វើការ​សម្របសម្រួល​នយោបាយ ដើម្បី​បាន​អំណាច បុណ្យស័ក្តិ សំរាប់​បុគ្គល​ខ្លួន​នោះឡើយ​។ ប៉ុន្តែ​អ្វីដែល​ពួកគាត់​ធ្វើជា​បដិសេធ​បែបនេះ​ឬ​ប្រកាស​បែប​នោះ គឺ គ្រាន់តែ​ជា​ល្បិច​មួយ​ដើម្បី​កុំ​ឲ្យ​អ្នកគាំទ្រ​ខ្លួន​ថា ស្រេកឃ្លាន​អំណាច​បុណ្យស័ក្តិ​ខ្លាំងពេក​តែប៉ុណ្ណោះ ហើយ​ពេល នេះ​ក៏​ប្រហែល​កំពុង​លួច​ឆ្លុះកញ្ចក់​មើលខ្លួន​ឯង​ថា តើ​ធ្វើ​ប្រធានរដ្ឋសភា​ឬ​ធ្វើជា​ឧបនាយករដ្ឋមន្ត្រី សម​ឬ​មិន​សម ចាប់ពីពេលនេះ​ទៅហើយ ក៏​អាច​ថា បានដែរ​។ អំណាច​បុណ្យស័ក្តិ​គេ​ដា​ក់នៅ​នឹង​មុខ​ទុក​ឲ្យ​ហើយ រឿង​អី​ដែលថា មិន​នាំគ្នា​ស្រវា​នោះ​?៕ ​ដោយ​៖ ស្ងួន ពិមល់​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya