ភ្នំពេញ៖ បើនិយាយពីដំណើរការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា កន្លងទៅថ្មីៗនេះ បង្ហាញឲ្យឃើញថា គ្មានប្រទេស ណាមានប្រជាធិបតេយ្យជាងនៅប្រទេសកម្ពុជាយើងទៀតទេ គឺគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច បង្ហាញពីភាពចាស់ទុំខាងនយោបាយ ព្យាយាមអត់ធ្មត់គ្រប់បែបយ៉ាង នៅចំពោះមុខការឡើងចាងព្រហើនកោង កាច ឃោរឃៅ របស់អ្នកគាំទ្រគណបក្សប្រឆាំងមួយចំនួន។
នៅតាមការិយាល័យបោះឆ្នោតមួយចំនួន សកម្មជនរបស់គណបក្សប្រឆាំង មិនមែនតាំងខ្លួនជាតំណាង គណបក្សទេតែបានតាំងខ្លួនជាអ្នករៀបចំចាត់ចែងបញ្ជានូវរាល់សភាពការណ៍គ្រប់បែបយ៉ាងជំនួស គ.ជ.ប និង កម្លាំងមានសមត្ថកិច្ចនៅទីនោះទៀតផង។
សេសមេដឹកនាំកំពូលៗរបស់គណបក្សប្រឆាំងក៏សម្តែងអាកប្ប កិរិយាក្រអឺតក្រទម មិនសកិ្តសមជាអ្នកនយោបាយ ប្រកបដោយគុណធម៌ដែរ។ គ្រាន់តែដឹងថា គណបក្សខ្លួនកំពុងតែនាំមុខនៅពេលរាប់សន្លឹកឆ្នោត ក៏ស្រែកប្រកាសថា ឈ្នះៗភ្លាមៗតែម្តង នៅពេលដែលការរាប់សន្លឹកឆ្នោតមិន ទាន់ចប់ ហើយក៏មិនទាន់សរុបលទ្ធផលទូទាំងប្រទេសផងនោះ។ មិនតែប៉ុណ្ណោះ សមរង្ស៊ីបានប្រកាសឲ្យអ្នក គាំទ្រត្រៀមខ្លួនធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតនោះទៀតផង ប្រសិនបើគណបក្សខ្លួនមិន ឈ្នះឆ្នោតទេ។
ពួកគេបានប្រកាសកុំឲ្យអ្នកគាំទ្រទទួលស្គាល់លទ្ធផលបណ្តោះអាសន្ន ដែលប្រកាសដោយមន្ត្រីគណបក្សប្រជាជនកម្ពុជាថា គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ ឯគណបក្សសង្គ្រោះជាតិ បាន៥៥អាសនៈ ហើយអង្គការខុមហ្វ្រែល ដែលនរណាក៏ដឹងថា ជាអង្គការឯករាជ្យមិនលំអៀងទៅខាងណានោះ ក៏បានប្រកាស លទ្ធផលបណ្តោះអាសន្ន តាមរយៈការផ្តល់លទ្ធផលពីអ្នកសង្កេតការណ៍របស់ខ្លួន សរុបទូទាំងប្រទេសថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៧អាសនៈ ឯគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៦អាសនៈ គឺខុសគ្នា ជាមួយលទ្ធផលដែលចេញដោយគណបក្សប្រជាជនកម្ពុជា តែ១អាសនៈប៉ុណ្ណោះ។ ឯគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ក៏បានប្រកាសលទ្ធផលបឋមថា គណបក្សប្រជាជនកម្ពុជាបាន៦៨អាសនៈ និងគណបក្ស សង្គ្រោះជាតិ៥៥អាសនៈដែរ ហើយតំណាងប្រទេសនិងអង្គការសង្កេតការណ៍អន្តរជាតិនានា ក៏បានប្រកាសថា ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី និងមានលក្ខណៈល្អប្រសើរជាងអាណត្តិមុនៗទៅទៀត។
ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំង បែរជាប្រកាសថា ខ្លួនឈ្នះឆ្នោតបានអាសនៈយ៉ាងតិច៦២ឬ៦៣អាសនៈ និង ត្រៀមធ្វើមហាបាតុកម្មបង្កការចលាចលដល់សង្គមជាតិទៅវិញ ដោយមិនមានការគិតគូរពីបញ្ហាផ្លូវច្បាប់អ្វីបន្តិច ទាល់តែសោះ។
គេនៅចាំបានថា កាលពីឆ្នាំមុន ពេល សមរង្ស៊ី នៅក្រៅប្រទេសនៅឡើយ គាត់បានស្រែកប្រកាសពីចម្ងាយឲ្យ ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកគាំទ្រគាត់ ងើបឡើងធ្វើការបះបោរធ្វើបដិវត្តន៍ផ្កាម្លិះដើម្បីផ្តួលរំលំសម្តេចនាយក រដ្ឋមន្ត្រីហ៊ុន សែន ដូចនៅប្រទេសស៊ីរី និងដូចនៅតាមបណ្តាប្រទេសអារ៉ាប់មួយចំនួនទៀត។ លុះដល់យុទ្ធនាការ ឃោសនាបោះឆ្នោតពេលហែក្បួនម្តងៗ គេឃើញអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលភាគច្រើនជាយុវជន ឈាមរាវ បញ្ចេញអាកប្បកិរិយាឡើងចាងច្រងេងច្រងាង ហើយពេលបោះឆ្នោតហ៊ានវាយកំទេចនិងដុតរថយន្ត សមត្ថកិច្ចប៉េអឹមទៀតនោះ លុះដល់ពេលរាប់សន្លឹកឆ្នោត ស្រាប់តែសមរង្ស៊ីប្រកាសថា ឈ្នះៗនិងត្រៀមធ្វើ មហាបាតុកម្មទៀតផងនោះ តើនេះជាការស្រែកពន្យុះឲ្យអ្នកគាំទ្រគាត់ធ្វើបដិវត្តន៍ផ្កាម្លិះ ដូចដែលគាត់ធ្លាប់ ស្រែកពន្យុះពីមុនមកឬយ៉ាងណា?
ប្រសិនបើ សមរង្ស៊ីឬកឹម សុខា មានមហិច្ឆតាចង់ធ្វើបដិវត្តន៍ផ្កាម្លិះមែននោះ អ្នកដែលត្រូវជួបហេតុការណ៍ អាក្រក់គឺ សមរង្ស៊ី និងកឹម សុខា ខ្លួនឯង ហើយអ្នកដែលត្រូវទទួលផលអាក្រក់គឺអ្នកដែលជឿតាមការស្រែកពន្យុះនោះឯង៕ ដោយ៖ ម៉ារីណា