ភ្នំពេញ៖ មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់របស់ស្ថានទូតថៃប្រចាំនៅកម្ពុជាបានអះអាងថាពាណិជ្ជកម្មសម្លៀកបំពាក់រវាងប្រទេសកម្ពុជានិងថៃមានការរីកចម្រើនគួរឲ្យគត់សម្គាល់ពី១ឆ្នាំទៅ១ឆ្នាំ។ជាក់ស្តែងក្នុង១ឆ្នាំៗថៃបាននាំចូលផលិតផលសម្លៀកបំពាក់មកកាន់ទីផ្សារក្នុងប្រទេសកម្ពុជាគិតជាទឹកប្រាក់ប្រមាណ៥០០លានបាតប្រមាណជា១៧លានដុល្លារអាមេរិក។
អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃលោកស្រីជីរ៉ាណាន់វង្សមង្គលបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានស្តីពីពាណិជ្ជកម្មសម្លៀកបំពាក់រវាងប្រទេសទាំងពីរបន្ទាប់ពីលោកស្រីបានចូលរួមបើកពិព័រណ៍សម្លៀកបំពាក់និងគ្រឿងសម្អាងរបស់ថៃ (Thailand Fashion & Beauty Show) ដែលរៀបចំឡើងនៅផ្សារទំនើបផារ៉ាហ្គនកាលពីយប់ថ្ងៃទី១ខែសីហាឆ្នាំ២០១៣នេះថាយើងប្រឹងប្រែងរៀបចំនូវព្រឹត្តិការណ៍ពិព័រណ៍ជាច្រើននៅកម្ពុជាដើម្បីជំរុញឲ្យអតិថិជនមានការជឿជាក់លើទំនិញដែលនាំចូលពីប្រទេសថៃមកកាន់ទីផ្សារក្នុងប្រទេសកម្ពុជា។
ពាក់ព័ន្ធនឹងការនាំចូលសម្លៀកបំពាក់របស់កម្ពុជាទៅប្រទេសថៃវិញមន្ត្រីពាណិជ្ជកម្មថៃរូបនេះមិនបានបង្ហាញតួលេខច្បាស់លាស់នោះទេ គ្រាន់តែលើកឡើងថាមានចំនួនតិចជាងពីថៃនាំចូលមកកម្ពុជា។សម្លៀកបំពាក់ដែលថៃនាំចូលពីកម្ពុជាមានចេញពីរោងចក្រកាត់ដេរនិងខោអាវជជុះ។
លោកស្រីជីរ៉ាណាន់វង្សមង្គលបានបន្ថែមឲ្យដឹងទៀតថាសម្លៀកបំពាក់ដែលថៃនាំចូលមកកម្ពុជាតម្រូវគ្រប់អាយុមនុស្សមានវ័យចំណាស់យុវវ័យនិងកុមារផងដែរ។យ៉ាងណាក៏ដោយកម្ពុជាត្រូវបានគេមើលឃើញថាយុវវ័យភាគច្រើននិយមប្រើប្រាស់សម្លៀកបំពាក់របស់ថៃ។
ដើម្បីឲ្យពាណិជ្ជកម្មសម្លៀកបំពាក់នេះមានការរីកចម្រើនប្រទេសថៃបានរៀបចំនូវព្រឹត្តិការណ៍ពិព័រណ៍នានាក្នុងការបង្កើនជំនឿចិត្តលើផលិតផលរបស់ខ្លួន។ជាក់ស្តែងពិព័រណ៍សម្លៀកបំពាក់និងគ្រឿងសម្អាងរបស់ថៃ (Thailand Fashion & Beauty Show) ត្រូវបានរៀបចំឡើងចំនួនប្រាំថ្ងៃចាប់ពីថ្ងៃទី១ដល់ទី៤ខែសីហាឆ្នាំ២០១៣នៅផ្សារ
ទំនើបផារ៉ាហ្គន។
ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាលោកថាត់ថៈឈុតិផាក់ឌីបានថ្លែងក្នុងពីធីបើកសម្ពោធពិព័រណ៍ថាការរៀបចំកម្មវិធីនាលើកនេះគឺជាការរៀបចំរួមគ្នារវាងនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មជាមួយផ្សារទំនើបផារ៉ាហ្គនហើយនឹងនាំយកទំនិញសម្លៀកបំពាក់Brand Name របស់ថៃដោយចាត់ទុកថាជាកម្មវិធីផ្សព្វផ្សាយនិងជំរុញការលក់ទំនិញបង្កើនការនិយមចូលចិត្តទំនិញថៃនៅកម្ពុជា។
សូមជម្រាបថានាឱកាសពិព័រណ៍នោះផ្សារទំនើបផារ៉ាហ្គននឹងធ្វើការបញ្ចុះតម្លៃទំនិញគ្រប់ប្រភេទពី១០ភាគរយទៅ៣០ភាគរយព្រមទាំងមានកម្មវិធីពិសេសជាច្រើនទៀតសម្រាប់ការទាក់ទាញអតិថិជន ខណៈផ្សារទំនើបជាច្រើនកំពុងរីកស្គុសស្គាយនិងដណ្តើមយកអតិថិជននៅទីក្រុងភ្នំពេញ៕
ដោយ៖ វិជ្ជា