ក្រចេះ៖សមត្ថកិច្ចជំនាញ រដ្ឋបាលព្រៃឈើ ថ្មគ្រែ សហការជាមួយ កម្លាំងយោធាខេត្ត បានឆ្មក់ចាប់រថយន្តដឹកឈើគ្រញូង មួយគ្រឿងនៅលើកំណាត់ ផ្លូវជាតិលេខ73A ម្តុំដីសម្បទាន សង្គមកិច្ច ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ ។
រថយន្តមួយគ្រឿង ម៉ាក Toyota Tacoma ពាក់ស្លាកលេខភ្នំពេញ 2M-8413 ដឹកឈើ គ្រញូង ដែលចរាចរណ៍ ចេញពីទឹកដី ខេត្តស្ទឹងត្រែងមកតាមដងផ្លូវជាតិលេខ 73 A ឆ្លងកាត់ខេត្តក្រចេះ ដើម្បីឆ្ពោះទៅលក់នៅប្រទេសវៀតណាម លុះមកដល់ចំណុច ខាងលើត្រូវសមត្ថកិច្ច ស្ទាក់ចាប់បាន រីឯម្ចាស់ គេពុំស្គាល់អត្តសញ្ញាណទេ ហើយ រត់គេចខ្លួនបាត់ ដោយបន្សល់ទុក នូវឯកសារ ស្លាកសញ្ញា ជារបស់មន្ត្រីយោធា នៅក្នុងរថយន្ត ។
លោក ប៉ុក វណ្ណា នាយសង្កាត់រដ្ឋបាលព្រៃឈើ ថ្មគ្រែ បានអោយដឹងថា ឈើប្រណីត ជាប្រភេទឈើគ្រញូង ដ៏កម្រ ដែលសមត្ថកិច្ចចាប់រឹបអូសបានមានចំនួន ២៨៩ដុំ ស្មើ នឹង៦៨៥គីឡូក្រាម រួមនឹងរថយន្តមួយគ្រឿង គឺត្រូវបានសមត្ថកិច្ចដឹកយក ទៅរក្សាទុក នៅថ្នាលបណ្តុះកូនឈើខ្សារ ដើម្បីកសាងសំណុំរឿង និងចាត់វិធានការបន្ត តាមផ្លូវ ច្បាប់។
គួរបញ្ជាក់ថា បើតាមប្រភពព័ត៌មាន ពីមជ្ឈដ្ឋានខាងក្រៅបានអោយដឹងថា ពេលថ្មីៗ ក្រុមឈ្មួញរក ស៊ីដឹកជញ្ជូនឈើប្រណីតហាក់ដូចជាកក្រើកឡើងវិញទាំងផ្លូវទឹក និងផ្លូវគោក ពិសេស ជាងនេះ គឺពួកគេបានប្រើប្រាស់នូវរថយន្តថ្មីស៊េរីទំនើប ដើម្បី បន្លំភ្នែក សមត្ថកិច្ចបានមួយចំនួន ៕
ដោយ៖ឌឹម សឿន