កណ្តាល៖ ស្ត្រីម្នាក់មានទាំងប្តី និងកូនដល់ទៅ៣នាក់ហើយនោះ ដោយសារតែលង់ស្នេហ៍ជាមួយ ប្រុសក្មេង ស្គាល់គ្នាតាមទូរស័ព្ទបានសម្រេចចិត្តរត់ចោលប្តី និងកូនអស់រយៈពេល២ថ្ងៃ ទៅជួបប្រុសក្មេង ហើយត្រូវបានប្រុសក្មេងបោកអស់ខ្លួនប្រាណ និងលុយកាក់ព្រមទាំងម៉ូតូមួយគ្រឿងទៀត។
បន្ទាប់ពីដឹងខ្លួនដូចខ្មោចប្រាំពីរថ្ងៃថា ចាញ់បោកប្រុសក្មេងស្ត្រីរងគ្រោះបានប្រើល្បិចនិយាយទូរស័ព្ទ ហៅប្រុសក្មេងនោះ ឲ្យមកជួបរួចក៏ប្តឹងសមត្ថកិច្ចប៉ូលិសឲ្យឃាត់ខ្លួន ដើម្បីសាកសួរនៅអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី ២ ខែសីហា ២០១៣។
មន្ត្រីប៉ូលិសក្រុងតាខ្មៅបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានស្ត្រីម្នាក់ប្តឹងពីបទឆបោកនោះមានឈ្មោះ អ៊ិន សារ៉ាក់ អាយុ២៩ឆ្នាំ មានទីលំនៅភូមិទួលក្រសាំង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ មុខរបរបម្រើការងារនៅកាស៊ីណូ។
ចំណែកឯស្ត្រីរងគ្រោះឈ្មោះ អ៊ា ផាន អាយុ ៤០ឆ្នាំ មានប្តី និងកូន៣នាក់មានទីលំនៅភូមិស្បូវ អណ្តែត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។ ស្ត្រីរងគ្រោះបាននិយាយរៀបរាប់ថា គាត់មានទីលំនៅ ខាងលើ គាត់បានស្គាល់បុរសម្នាក់ខាងលើតាមទូរស័ព្ទ។ បន្ទាប់ពីស្គាល់ចាប់រាប់អានគ្នាតាមទូរស័ព្ទ បានរយៈពេលមួយខែក្រោយមកក៏បានណាត់មកជួបគ្នា នៅផ្លូវបំបែកអង់តាសោមនៅថ្ងៃទី ២៦ ខែកក្កដា ។
ស្ត្រីរងគ្រោះបានឱ្យដឹងបន្តទៀតថា ក្រោយពីបានជួបហើយក៏បានបបួលគ្នាទៅជួលផ្ទះគេនៅឯជ្រៃ ធំ ស្រុកកោះធំ។ បន្ទាប់មកប្រុសក្មេងនោះក៏បានសុំលុយគាត់ចំនួន៤លានរៀលទៅដូរលុយវៀតណាម ដើម្បីធ្វើដើមទុនរកស៊ី ហើយក៏បានយកលុយ និងម៉ូតូមួយគ្រឿងទៅបាត់ដោយឱ្យគាត់នៅផ្ទះម្នាក់ឯង។
ក្រោយមកក៏យល់ថា ចាញ់បោកប្រុសក្មេង ក៏ប្រើល្បិចនិយាយទូរស័ព្ទហៅប្រុសក្មេងដោយភូតថា បានលក់ដីម្តាយឱ្យបីបួនពាន់ដុល្លារ ដោយណាត់គ្នាជួបនៅក្រុងតាខ្មៅ រួចហើយប្តឹងប៉ូលិសឲ្យឃាត់ខ្លួនតែម្តង នៅព្រឹកថ្ងៃទី ២ សីហា ២០១៣ នេះ។
បច្ចុប្បន្នជនសង្ស័យត្រូវបានប៉ូលិសឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕
ដោយៈ ដាំ ជា