ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងធ្វើការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ជាផ្លូវការនៅថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៣ បន្ទាប់ពីធ្វើការដោះស្រាយនូវវិវាទចប់សព្វគ្រប់នៅក្រុមប្រឹក្សាធម្មនុញ្ញនិងធ្វើការត្រួតពិនិត្យលទ្ធផលរាប់សន្លឹកឆ្នោត តាមបណ្តឹងចប់សព្វគ្រប់ហើយពុំមាន
បណ្តឹងតវ៉ាទៀតនោះ គ.ជ.ប.នឹងធ្វើការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ពោលគឺពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី១០ខែសីហាឆ្នាំ២០១៣ខាងមុខនេះ។
លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បានបញ្ជាក់សាជាថ្មីនៅល្ងាចថ្ងៃទី១ ខែសីហាឆ្នាំ២០១៣នេះថា ចំពោះការទាមទាររបស់គណបក្សសង្គ្រោះជាតិសុំឲ្យគ.ជ.ប.បង្កើតគណៈកម្មការចម្រុះសម្រាប់ត្រួតពិនិត្យ ឡើងវិញនូវលទ្ធផលបោះឆ្នោតនោះគឺគ.ជ.ប.ពុំមានសិទ្ធិអំណាចអ្វីក្នុងការបង្កើតគណៈកម្មការចម្រុះនោះទេគឺហួសពីសិទ្ធិអំណាចរបស់គ.ជ.ប.ហើយ។អគ្គលេខាធិការរូបនេះបានបន្តថា គ.ជ.ប.បានស្នើឲ្យគណបក្សនយោបាយនិងភាគីពាក់ព័ន្ធទាំងអស់ដាក់របាយការណ៍ ឬបណ្តឹងរបស់ខ្លួនមកគ.ជ.ប. ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហាឆ្នាំ២០១៣ដើម្បីឲ្យក្រុមអ្នកជំនាញរបស់គ.ជ.ប.ធ្វើការត្រួតពិនិត្យលើរបាយការណ៍ និងបណ្តឹងទាំងនោះ។
លោកទេព នីថា បានបន្តទៀតថា នៅថ្ងៃទី៣ ខែសីហា គ.ជ.ប.នឹងយករបាយការណ៍ និងពាក្យបណ្តឹងទាំងនោះ មកធ្វើការពិនិត្យនិងដោះស្រាយជាបន្តបន្ទាប់ ដោយប្រើប្រាស់យន្តការដែលមានស្រាប់នៅគ.ជ.ប. និងអញ្ជើញតំណាងគណបក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាលជាតិអន្តរជាតិ ចូលរួមធ្វើការត្រួតពិនិត្យលើលទ្ធផលនៃការរាប់
សន្លឹកឆ្នោតម្តងមួយសំណុំរឿងៗ តាមបណ្តឹងឬរបាយការណ៍ដែល គ.ជ.ប. ទទួលបានពីគ្រប់គណបក្សនយោបាយ។
លោកអគ្គលេខាធិការគ.ជ.ប.បានបញ្ជាក់ទៀតថា ក្នុងករណីដែលគ.ជ.ប.បានប្រើប្រាស់យន្តការដែលមានស្រាប់ដោយមានការចូលរួមពីតំណាងគ្រប់គណបក្សនយោបាយ និងអង្គការជាតិអន្តរជាតិធ្វើការត្រួតពិនិត្យលទ្ធផលរាប់សន្លឹកឆ្នោត តាមបណ្តឹងចប់សព្វគ្រប់ហើយពុំមានបណ្តឹងតវ៉ាទៀតគឺ គ.ជ.ប.នឹងធ្វើការប្រកាសលទ្ធផលបោះឆ្នោត
បណ្តោះអាសន្ន(ពាក់កណ្តាលផ្តាច់ព្រ័ត្រ) នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ ខាងមុខ។
សូមបញ្ជាក់ថា តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានចែងថា រយៈពេល៦០ថ្ងៃបន្ទាប់ពី គ.ជ.ប. ប្រកាសលទ្ធផលជាផ្លូវការគឺអ្នកតំណាងរាស្ត្រទាំង១២៣រូបត្រូវធ្វើពិធីប្រកាសសុពលភាពចូលកាន់តំណែងនៅចំពោះព្រះភ័ក្ត្រ ព្រះមហាក្សត្រ នាព្រះបរមរាជវាំងដែលដឹកនាំដោយអ្នកតំណាងរាស្ត្រម្នាក់ ដែលមានអាយុចាស់ជាងគេ៕
ដោយ៖ ស្រីផល