បន្ទាយមានជ័យ៖ រថយន្តមួយគ្រឿងត្រូវបានគេស្គាល់ថាជារថយន្តរបស់កូនម្ចាស់ផ្ទះ សំណាក់ម្កុដមាស ត្រូវបានមិត្តភក្តិខ្ចីយកទៅជិះទាំងភាពស្រវឹងទៅបុកផ្ទះពលរដ្ឋមួយខ្នងទាំងអធ្រាត្រ បណ្តាយអោយដួលរលំរបួសម្ចាស់ផ្ទះម្នាក់ ក្នុងភូមិសែសិន ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១០ និង៣០នាទីថ្ងៃទី ០១ សីហា ២០១៣ ។
ម្ចាស់ផ្ទះដែលរងគ្រោះ ឈ្មោះ អុក កុងស៊ុន ភេទប្រុស អាយុ៦៣ឆ្នាំបានអោយដឹងថា ពេលដែល រូបលោករួមជាមួយ នឹងក្រុមគ្រួសារមានប្រពន្ធកូនកំពុងដេកលក់ក្នុងផ្ទះស្រាប់តែមានរថយន្តមួយគ្រឿង បានបុកចូលផ្ទះរបស់គាត់ធ្វើអោយគាត់ភ្ញាក់ពីដេកភ័យស្លន់ស្លោយ៉ាងខ្លំាង ហើយក៏ឃើញប្រពន្ធរបស់គាត់ ឈ្មោះ ឈួយ ឡាំ អាយុ ៦២ឆ្នាំរងរបួសបែកក្បាលដែលបណ្តាលមកពីសសរផ្ទះដួលចំ ។ ភ្លាមនោះ សមត្ថកិច្ចក៏មកដល់នាំយកប្រពន្ធរបស់គាត់ទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ លោក មុំ រតនា ប្រធាន ក្រុមក្នុងការចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ របស់ការិយាល័យនគបាលចរាចរជើងគោកនៃ ស្នងការនគបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានរថយន្ត បើកបុកផ្ទះប្រជាពលរដ្ឋលោកក៏ដឹកនាំកំលាំងចុះទៅត្រួតពិនិត្យវាស់វែងភ្លាមៗ ហើយក៏បានឃើញរថយន្ត ដែលបើកបុកផ្ទះប្រជាពលរដ្ឋនោះ មានម៉ាកហាយព្រីត ពណ៌ទឹកប្រាក់ ជារថយន្តរបស់កូនម្ចាស់ផ្ទះសំណាក់ម្កុដមាសដែលត្រូវមិត្តភក្តិខ្ចីជិះ មានគ្នា២នាក់បើកបរដោយឈ្មោះ ហុង ដាវុទ្ធ អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិ ៤ សង្កាត់ព្រះពន្លា ក្រុង សិរីសោភ័ណ រួមជាមួយនឹងអ្នកជិះម្នាក់ទៀតផង។ ឡាននោះបើកក្នុងល្បឿនលឿន ក្នុងភាពស្រវឹងពីជើងទៅត្បូងលុះដល់ចំណុចផ្លូវកោងខាងលើរថយន្តក៏ទៅបុក ចូលដល់ក្នុងផ្ទះប្រជាពលរដ្ឋដែលនៅខាងស្តាំនៃផ្លូវបណ្តាលអោយផ្ទះមួយ ខ្នងធ្វើអំពីឈើជាប់ដីដួលរលំមួយកំណាត់មុខចំណែករថយន្តបង្កហេតុខូចខាតផ្នែកខាងមុខ តែមិន បណ្តាលអោយអ្នកជិះក្នុងរថយន្តរងរបួសឡើយ ។ ភ្លាមៗនោះតៃកុងរថយន្តដែលមានសភាពស្រវឹង និងអ្នករួមដំណើរជាមួយត្រូវបានបងស្រីមកធានាយកទៅបាត់បន្សល់ទុក តែរថយន្តដែលត្រូវបានប៉ូលិស នាំយករថយន្តស្ទួចមកស្ទូចទៅរក្សាទុកនៅស្នងការនគរបាលខេត្តដើម្បីរង់ចាំការដោះស្រាយតាមច្បាប់ ៕
ដោយ៖ សម្បត្តិ សីហា