ភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយ ១ គ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនបាន ជ្រុលទៅបុកចំពាក់ កណ្តាលខ្លួនរថយន្តតួរីស ១២កៅអី យ៉ាងពេញទំហឹងបណ្តាលឲ្យ រថយន្តទាំង ២គ្រឿងគាបជាប់គ្នា រងនូវការខូចខាតមិនអាចបន្តដំណើរទៅមុខបាន។ហេតុការណ៍នេះសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាកើតឡើងកាលពីវេលាម៉ោង ២២ និង ៥០ នាទីយប់ ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៨២ កែងផ្លូវលេខ១៦០ ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក ។
ប្រភពដដែលបានបន្តថា មុនពេលមានគ្រោះថ្នាក់នេះសាក្សីបានឃើញ រថយន្ត ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0124 បើកបរដោយបុរស ម្នាក់ធ្វើដំណើរតាម បណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតទៅលិច ដោយបាន បើកយ៉ាងលឿន ខណៈបើកមកដល់ចំណុច កែងផ្លូវលេខ ១៦០ បានជ្រុលបុក ចំពាក់កណ្តាលខ្លួនរថយន្តតួរីស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-2262 យ៉ាងពេញទំហឹងលាន់ដូចរន្ទះ ខណៈដែលរថយន្តតួរីស កំពុងបើកបរធ្វើដំណើរ តាមបណ្តោយផ្លូវលេខ ១៦០ ក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឲ្យរថយន្តទាំង ២ គ្រឿងត្រូវគាបជាប់រងការខូចខាតយ៉ាងដំណំផងដែរ ។ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ នេះមិនបណ្តាលឲ្យមនុស្សណាម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរនោះទេ ។
បន្ទាប់ពីកើតហេតុរថយន្តទាំង ២គ្រឿង ត្រូវនគរបាលចរាចរខណ្ឌទួលគោកចុះ មកអន្តរាគមន៍ធ្វើការ វាស់វែងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
ដោយ៖ ទុយ បញ្ញា