ពោធិ៍សាត់ ៖ មុខសញ្ញាពាក់ព័ន្ធលួចកាច់សោរម៉ូតូចំនួន ៤ នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកបាកាន ធ្វើការឃាត់ខ្លួល កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤កន្លងមកនេះ រួចកសាងសំណុំរឿង បញ្ជូនមក កាន់ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ ទៅ តាមនីតិវិធី ។
ជនសង្ស័យទាំង ៤នាក់ ដែលសមត្ថកិច្ចនគរបាលស្រុកបាកាន ឃាត់ខ្លួនបាននោះមាន១-ឈ្មោះរី ធីរ៉ា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិត្រាចក្រោល ឃុំបឹងខ្នា, ២-ឈ្មោះ ប៉ោយ ឆ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិត្រាចក្រោល ឃុំបឹងខ្នា, ៣-ឈ្មោះសុខា វ៉ាន់ដេត ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅ ភូមិដើមរកា ឃុំខ្នាទទឹង និងទី៤- ឈ្មោះ ម៉ែន នី ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិដើមរកា ឃុំខ្នា ទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ លោក សន ធារ៉ា បានបន្តទៀតថា ចំពោះជនសង្ស័យ ទាំង៤ នាក់នេះ គឺជាប់ពាក់ព័ន្ធជាមួយនឹងជនដៃដល់ម្នាក់ ដែលបានបន្លំចូលច្រៀងខារ៉ាអូខេ នៅហាងម្លប់ដូង២ ស្ថិតនៅក្នុងឃុំបឹងខ្នា ដែលបានលួចកាច់សោរម៉ូតូ របស់ប្រជាពលរដ្ឋយកទៅបាត់ពីកន្លែងកើតុហេតុ រួចក៏យកម៉ូតូរបស់ជនរងគ្រោះ ទៅប្លុងចោលនៅឯខេត្តកំពង់ឆ្នាំង ហើយក៏រត់គេចខ្លួនបាត់តែម្តង ។ រហូតមកដល់ថ្ងៃនេះ ជនសង្ស័យទាំង៤នាក់ កំពុងឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្នាន នគរបាល ខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់ ៕