កណ្តាល៖ ស្ត្រីម្នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង បន្ទាប់ពីត្រូវចរន្តអគិ្គសនីឆ្លងហើយ ឆក់កាលពី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ ត្រង់ចំណុចកន្លែងលក់បន្លែនិងត្រី នៅក្នុងផ្សារព្រែកតាឃ្លោក ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ មុត ធៀន ភេទស្រី អាយុ៥៩ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ មុខរបរលក់បន្លែ មានទីលំនៅក្នុងភូមិកណ្តាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង និងម្នាក់ទៀតឈ្មោះ សៀក ស្រីម៉េត ភេទស្រី អាយុ៣៣ឆ្នាំ រងរបួសធ្ងន់ មុខរបរលក់ត្រី មានទីលំនៅក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង។
មូលហេតុដែលនាំឲ្យជនរងគ្រោះឆក់ស្លាប់និងរងរបួសនេះ គឺបណ្តាលមកពីខ្សែភ្លើងដែលតចូលប្រើប្រាស់ក្នុងរោងលក់ដូរបានកកិត ដាច់ប៉ះជាមួយដំបូលស័ង្គសីហើយចរន្តភ្លើងបានឆ្លងមកសសររោងដែល ធ្វើអំពីដែក បូករួមជនរងគ្រោះឈរកន្លែងសើមទាំងមិនបានពាក់ស្បែងជើងផងនោះ ទើបបណ្តាលឲ្យចរន្តភ្លើងឆក់តែម្តងខណៈដែលជនរងគ្រោះទៅកាន់សសរ រោងដែលមានចរន្តអគ្គីសនីបានឆ្លងចូល។ នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានមកលក់ដូរបន្លែ និងត្រីនៅក្នុងផ្សារព្រែកតាឃ្លោក ខណៈពុំទាន់មានម៉ូយមកទិញផងនោះ ជនរងគ្រោះឈ្មោះ មុត ធឿន បានដើរទៅកាន់សសររោងលក់ដូរនៅក្នុងផ្សារដែលធ្វើអំពីដែកទើប បណ្តាលឲ្យឆក់ដួលទៅលើជនរងគ្រោះឈ្មោះ សៀក ស្រីម៉េត៕