ភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះ៦ខែម្នាក់អះអាងថាមានកូនជាមួយជនជាតិបរទេសជាថៅកែសណ្ឋាគារស៊ីប៉ារ៉េប៉ានៅក្រុង ព្រះសីហនុ ខឹងចិត្តលោកមិនទទួលស្គាល់ទារកក្នុងផ្ទៃ យកកូនកាំបិតចាក់ប្តីស្លាប់ហើយចាក់ខ្លួនឯង៣កាំបិតចំផ្ទៃពោះសំណាងល្អ មិនប៉ះពាល់ដល់ទារកផ្ទៃ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ កាលពីថ្ងៃទី២១ ខែសីហា ។ហេតុការណ៍នេះកើតឡើងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ស្ត្រីដែលចាក់ខ្លួនឯងមានឈ្មោះ ម៉ៅ តៃ អាយុ២៥ឆ្នាំ ធ្វើការនៅតាមហាងនៅក្រុងព្រះសីហនុ ស្នាក់ នៅក្រុងព្រះសីហនុ មានស្រុកកំណើតនៅភូមិអង្គខ្មៅ ឃុំសំបួរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឲ្យ រៀបរាប់ទឹកយំខ្សឹបខ្សួលថា កាលខែមីនា កន្លងមកនេះ នាងបានលង់ខ្លួនជាមួយថៅកែសណ្ឋាគារ ស៊ីប៉ារ៉េប៉ា ឈ្មោះ ការី ភេទប្រុស អាយុ៥៣ឆ្នាំ ជាជនជាតិបរទេស ស្នាក់នៅក្រុងព្រះសីហនុ រហូតមានផ្ទៃពោះ ។
បន្ទាប់មកនាង បានទូរស័ព្ទទៅប្រាប់ថា បងខ្ញុំមានផ្ទៃពោះជាមួយបងហើយ ពេលនោះបុរសខាងលើបានប្រាប់ថាយកកូនចេញទៅកុំទុកធ្វើអី ចាំគាត់ឲ្យប្រាក់១០០០ដុល្លារ ប៉ុន្តែមិនឃើញឲ្យសោះនាងចេះតែទុកកូនក្នុងផ្ទៃ រហូតបាន៦ខែ នាងក៏បានជួបនឹងថៅកែសណ្ឋាគារនោះ កំពុងតែអង្គុយផឹកស៊ីជាមួយមិត្តភក្កិនិងស្រីស្នេហ៍អង្គុយកៀកកើយ គ្នាធ្វើឲ្យនាងមានចិត្តប្រចណ្ឌ ក៏ដើរចូលទៅអុកឡុកនិយាយរឿងមានផ្ទៃ ក៏ត្រូវបុរសខាងលើប្រាប់ថា គាត់មិនដឹងទេ មិនជាទៅមានផ្ទៃពោះជាមួយអ្នកណាបែរជាមកចោទថា មានជាមួយគាត់ទៅវិញ ហើយគាត់បានឲ្យប្រាក់ចំនួន៤៨០ដុល្លារទុកសម្រាប់សម្រាលកូន តែនាងមិនព្រមយក ហើយនៅតែអុកឡុកកន្លែងផឹកស៊ីនោះទៀត ក៏ត្រូវបុរសខាងលើប្រាប់ថាបើសិនជានៅ តែអុកឡុកគាត់ទៀតប្រយ័ត្នគាត់ហៅសមត្ថកិច្ចមកចាប់ ។
ដោយសារតែឈឺចិត្តព្រោះខ្លួនកន្លងមកធ្លាប់លង់ខ្លួនជាមួយអ្នកផ្សេងប្រាកដ ប៉ុន្តែសុទ្ធតែការពារត្រឹមត្រូវមិនដែលភ្លាត់ស្នៀតទេ ទើបតែកាលពីខែមិនាម្តងគាត់ដែលបុរសខាងលើ នេះមិនបានការពារ ធ្វើឲ្យនាងមានផ្ទៃពោះហើយបែរជាមិនព្រមទទួលស្គាល់ ធ្វើឲ្យខឹងចិត្តពេក បានយកកូនកាំបិតនៅកន្លែងផឹកស៊ីនោះ ចាក់ខ្លួនឯងចំនួន៣កាំបិតចំផ្ទៃពោះតែម្តង ៕
» ព័ត៌មានជាតិ » ចាក់ប្តីស្លាប់ ហើយចាក់ខ្លួនឯងមានផ្ទៃពោះ៦ខែឲ្យរបួសទៀត