កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ ការប្រឈមមុខដាក់ គ្នារវាងក្រុមកម្មករ កម្មការិនី និងកងកម្លាំង នគរបាល និងអាវុធហត្ថ ជាង២០០នាក់ បានកើតឡើង យ៉ាងខ្លាំង រហូតធ្វើឲ្យកម្លាំង នគរបាលបានឃាត់ខ្លួន មន្ត្រីសហជីព ស្មារតីកម្មករ ម្នាក់ទៀតផង តែត្រូវក្រុមកម្មករជាច្រើននាក់ ជួយសង្គ្រោះមកវិញ មិនឲ្យនគរបាល ចាប់នោះឡើយ។
ពួកគេជាង៣០០០នាក់ បានធ្វើកូដកម្ម មិនចូលធ្វើការ តាំងពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤មកម្ល៉េះ ប៉ុន្តែការធ្វើកូដកម្ម រយះពេលជិត១០ថ្ងៃមកនេះ មិនមានដំណោះស្រាយ នោះឡើយ ពោលខាងថៅកែរោងចក្រ ថ្នាក់ដឹកនាំក្រសួងការងារ និងថ្នាក់ដឹកនាំ ខេត្តកំពង់ឆ្នាំង មិនបានជួយរកដំណោះស្រាយនោះទេ ពោលបានទុកបញ្ហានេះកាន់តែ ធ្ងន់ធ្ងរទៅៗ នាំឲ្យក្រុមកម្មករ ទាំងអស់ កាន់តែពុះកញ្ជ្រោល រហូតមានការបិទផ្លូវជាដើម។
សេចក្តីរាយការណ៍ ពីក្រុមកម្មករ បានបន្តទៀតថា ការតវ៉ារបស់ពួកគេ ជាង៣០០០នាក់ គឺដើម្បីទាមទារ ឲ្យថៅកែរោងចក្រ ដោះស្រាយ នូវលក្ខខណ្ឌការងារចំនួន១៧ចំណុច ប៉ុន្តែសូម្បីតែមួយចំណុច ក៏ថៅកែរោងចក្រ មិនបានដោះស្រាយជូនដែរ។
បើតាមក្រុមកម្មករ ថៅកែរោងចក្រ និងអាជ្ញាធរ ខេត្តកំពង់ឆ្នាំង មិនបានជួយដោះស្រាយ បញ្ហាទាំងនេះទេ ផ្ទុយទៅវិញ មានតែបញ្ជូនកម្លាំង សមត្ថកិច្ច ជាច្រើននាក់មកឡោមព័ទ្ធ និងចាប់មន្ត្រីសហជីព ដែលដឹកនាំការ តវ៉ាទៅវិញ ហើយនៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ មន្ត្រីសហជីពម្នាក់ ត្រូវចាប់ខ្លួនតែត្រូវក្រុមកម្មករជួយមកវិញទាន់។
សូមបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ថ្នាក់ដឹកនាំ ក្រសួង និងអាជ្ញាធរខេត្ត ត្រូវចូលរួមដោះស្រាយបញ្ហា ដែលកើតមានឡើង នៅក្នុងទឹកដីរបស់ខ្លួន ចៀសវាងកុំឲ្យ ក្រុមតវ៉ាទាំងនោះ ធ្វើដំណើរឡើងមកភ្នំពេញ និងស្វែងរកអន្តរាគមន៍ ពីក្រសួង ស្ថាប័នផ្សេង ។
ដូច្នេះគេសង្ឃឹមថា ចំពោះការតវ៉ា នៅរោងចក្រ ជីងយី ខាងលើនេះ ដែលមានចំនួន កម្មកររហូតដល់ជាង៣០០០នាក់នោះ ថ្នាក់ដឹកនាំ ក្រសួងការងារ ថ្នាក់ដឹកនាំ ខេត្តកំពង់ឆ្នាំង និងភាគីថៅកែ រោងចក្រ គួរតែមានដំណោះស្រាយណាមួយ បើសិនមិនដូច្នេះទេ នោះបញ្ហាច្បាស់ជាកើតឡើង កាន់តែធ្ងន់ធ្ងរឡើងៗ។
គ្មានបញ្ហាអ្វីមួយ ដែលគ្មានដំណោះស្រាយឡើយ ប៉ុន្តែម្នាក់ៗ មិនហ៊ានប្រឈមមុខនឹងការ ដោះស្រាយដើម្បីបញ្ចប់ បញ្ហាទាំងនោះ។
បញ្ហារោងចក្រ ជីងយី ខាងលើនេះ ដែលមិនទាន់មានដំណោះស្រាយ បានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ច តាមរយះពួកគេបង្ខំចិត្ត បិទផ្លូវ ជាច្រើនដង ពីព្រោះថៅកែរោងចក្រមិនចេញមុខបញ្ចប់បញ្ហានូវការទាមទារ៕