បាត់ដំបងៈ កម្លាំងនគរបាល ក្រុងបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពរួច កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ នៅចំណុចផ្ទះសំណាក់ ស្ថានីយរថយន្ត ភ្លើង ស្ថិតក្នុងក្រុមទី២២ ភូមិ-សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង នាំយកមកអធិការក្រុង ដើម្បីសាកសួរ រួចកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការខេត្ត ដើម្បីចាត់ការបន្ត តាមច្បាប់ ។ ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ចាន់ សុភាព ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បាន ធ្វើសកម្មភាពចូលលួចកាបូបជនរងគ្រោះ ឈ្មោះ ភិន សារ៉ង ភេទស្រី អាយុ ៥១ឆ្នាំ មាសទីលំនៅក្រុម ទី៤ ភូមិកន្សោមអក ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។ ខ្លួនបានមកពីខេត្តតាកែវ បាន មកជួលផ្ទះសំណាក់ខាងលើ ស្នាក់នៅពីរនាក់ ប្តី-ប្រពន្ធ លុះវេលាម៉ោង ៣ទៀបភ្លឺ ប្រពន្ធបានឈឺបត់ ជើងតូច ក៏ដាស់ឲ្យប្តីជូនទៅបន្ទប់ទឹកក្រៅផ្ទះ ពេលចូលមកវិញ ក៏ឃើញបាត់កាបូបលុយ ក៏មានការ ផ្អើលឆោឡោ ដល់ម្ចាស់ផ្ទះសំណាក់ និងអ្នកស្នាក់នៅបន្ទប់ជិតគ្នា ភ្លាមៗនោះ អ្នកស្នាក់នៅជិតគ្នាក៏ បានចេញមកក្រៅ ក៏ឃើញមានកាបូបលុយទទេ ១ នៅក្រៅបន្ទប់ ហើយបានប្រាប់ទៅជនរងគ្រោះភ្លាម ពេលនោះ ជនរងគ្រោះ និងអ្នកជិងខាងបន្ទប់ ក៏បានសង្ស័យឆែកបន្ទប់ ជនសង្ស័យនៅជិតនោះ ក៏ ឃើញមានលុយដាក់លាក់ក្នុងខោលីអូមួយចំនួន ។ ជនរងគ្រោះបន្តថា របស់ដែលខ្លួនបាត់នោះ មាន កាបូបស្ពាយពណ៌ស្វាយ ១ ប្រាក់ចំនួន ១១០ដុល្លារ ប្រាក់ខ្មែរចំនួន ៣១ ម៉ឺនរៀល ប័ណ្ណសម្គាល់យាន យន្ត១សន្លឹក ។ បន្ទាប់ពីហេតុការណ៍ បានកើតឡើងហើយ អ្នកជិងខាង និងជនរងគ្រោះ បានចាប់ខ្លួន ជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចនាំយកទៅសាកសួរ ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានមកស្នាក់នៅផ្ទះសំណាក់ ក្នុងបន្ទប់លេខ៤ តាំងពីយប់ថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០១៤ បាន១ថ្ងៃ លុះដល់ថ្ងៃទី២១ ខែសីហា វេលាម៉ោង ៣ទៀបភ្លឺ ខ្លួនបានឮ សូរ ពីរនាក់ប្តី- ប្រពន្ធ និយាយគ្នា ចេញពីបន្ទប់លេខ៥ និងបានចេញទៅក្រៅបន្ទប់ បត់ជើងតូច ពុំចាក់សោរ បន្ទប់ទេ ពេលនោះខ្លួនបានលបចូលទៅលួចកាបូបស្ពាយនោះ យកចេញមកក្រៅ រួចយកលុយលាក់ ក្នុងខោលីអូ ហើយទម្លាក់កាបូបចោល នៅមុខបន្ទប់គេផ្សេង រួចចូលដេកវិញធ្វើមិនដឹង ។ លុះម្ចាស់ គេ មកវិញមិនឃើញមានកាបូប ក៏ផ្អើលឆោឡោ រួចគេសង្ស័យខ្លួនក៏បានឆែកឃើញវត្ថុតាង នៅនឹងខ្លួន ក៏ ចាប់ខ្លួនឲ្យសមត្ថកិច្ចតែម្តង៕ ពៅ
» ព័ត៌មានជាតិ » ចោរម្នាក់ឃាត់ខ្លួន ពីបទលួច