ខេត្តប៉ៃលិន ៖ លោក សួស សុខដារ៉ា ជានាយប៉ុស្តិ៍ អន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិព្រំ ក៏កំពុងក្លាយជាអ្នកបោះមេ សម្របសម្រួលឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ បំផ្លាញចំណូលថវិកាជាតិ ។បច្ចុប្បន្ននេះ ច្រកទ្វារអន្តរជាតិព្រំ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន គ្មានអ្វីប្រែប្រួល ខុសពីធម្មតានោះទេ ពោលគឺទំនិញគេចពន្ធ ទំនិញខុសច្បាប់ អាហារខូចគុណភាព នៅតែបន្តហូរចូលប្រទេសកម្ពុជា យ៉ាងអនាធិបតេយ្យបំផុត គ្មាននរណាអើពើបង្ក្រាបឡើយ។
ប្រជាពលរដ្ឋរស់នៅ តំបន់ព្រំដែន ក្បែរច្រកទ្វារអន្តរជាតិព្រំ បានរិះគន់យ៉ាងខ្លាំង ដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំការច្រកទ្វារអន្តរជាតិព្រំ ដែលបានឃុបឃិត ជាមួយក្រុមឈ្មួញនាំចូលហ្គាស យ៉ាងអនាធិបតេយ្យ ដោយពុំមាន ការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ។ ក្នុងមួយថ្ងៃៗ មានរថយន្តថៃ ប្រភេទតូយូតាឃ្លុប ប្រើកញ្ចក់ខ្មៅ ចំនួន ៤ទៅ៥ គ្រឿង ដឹកហ្គាសចំនួនពី ៧ទៅ១០ ជើង ដោយរថយន្ត ១គ្រឿងៗ ដឹកធុងហ្គាសចាប់ពី ៣ទៅ៥ ធុង មានទម្ងន់ពី ៥០០ ទៅ៦០០ គីឡូក្រាម។
ទំនិញខុសច្បាប់ ជាច្រើប្រភេទមិនសូវឃើញមានបង់ពន្ធ ជូនរដ្ឋនោះឡើយ ប្រហែលជាមន្ត្រីគយ និងនគរបាលអន្តោប្រវេសន៍ ដែលគ្រប់គ្រងនៅទីនោះ សុទ្ធតែបានផលប្រយោជន៍ ពីអំពើខុសច្បាប់ ទើបធ្វើមិនដឹងមិនឮ បណ្តោយឱ្យរថយន្ត ដឹកទំនិញគេចពន្ធ ចូលមកទឹកដីខ្មែរ ដោយមិនបានត្រួតពិនិត្យ បន្តិចនោះ ចាំតែលាដៃយកប្រាក់ ដាក់ហោប៉ៅប៉ុណ្ណោះ។ ប្រជាពលរដ្ឋបានបន្តទៀតថា ហ្គាសទាំងនេះភាគច្រើន ជារបស់អ្នកដែលមានឥទ្ធិពល នៅតំបន់នេះ ហើយគេត្រូវរ៉ូវគ្នា ជាមួយមេគយ និងមេនគរបាល អន្តោប្រវេសន៍ ប្រចាំច្រកនេះ ។
លោក សួស សុខដារ៉ា មានជំនាញកេណ្ឌប្រមូល ក្រុមឈ្មួញដែលរកស៊ី នាំចូលទំនិញគេចពន្ធធំៗ ឲ្យចូលតាមច្រកដែលគាត់គ្រប់គ្រង ដូចជាអំឡុងពេល ធ្វើជាប្រធានច្រកចាំយាម លោក សួស សុខដារ៉ា បានប្រព្រឹត្តអំពើពុករលួយ កេងប្រវញ្ច័ញើសឈាម ពលករក្រីក្រ និងធ្វើជាបង្អែក ឲ្យក្រុមឈ្មួញរកស៊ីនាំចូល ទំនិញគេចពន្ធផងដែរ៕