ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រីហេងសំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញហើយ នៅវេលាម៉ោងជិត ១៧ល្ងាចថ្ងៃទី ២០ ខែសីហានេះ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាមប្រកបដោយជោគជ័យ និងទទួលលទ្ធផលល្អ។
លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានធ្វើសន្និសីទសារព័ត៌មានមួយនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញក្រោយពេលមកដល់ថា ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រីហេងសំរិន ប្រធានរដ្ឋសភាពីថ្ងៃទី ១៨ ដល់ថ្ងៃទី២០ ខែសីហា នៅប្រទេសវៀតណាមបានបញ្ចប់ដោយជោគជ័យ និងទទួលលទ្ធផលល្អ។ក្នុងនោះសម្តេចប្រធានរដ្ឋសភា ព្រមទាំងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងសវនាការជាមួយថ្នាក់ដឹកនាំវៀតណាមជាច្រើនរួមមាន ជួបពិភាក្សាជាមួយលោកប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាវៀតណាមជំនួបពិភាក្សាកំពូលជាមួយលោកនាយករដ្ឋមន្ត្រីប្រទេសវៀតណាម ជួបពិភាក្សាជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធវិរៈបុរសវៀតណាមគឺលោកប្រធានហូជីមិញផងដែរ។ លោកឈាងវុនបានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយវៀតណាមបានបង្ហាញឲ្យឃើញពីជំហរបស់ប្រទេសទាំងពីរមានការយល់ស្របគ្នាថា នឹងបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកើនដល់ទំហំ ៥០០០លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៥ ដែលបច្ចុប្បន្ននេះទំហំពាណិជ្ជកម្មទើបតែមានត្រឹម ៣,៥ពាន់លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ភាគីទាំងពីក៏បានឯកភាពគ្នាថា បន្តជំរុញឲ្យមានការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរឲ្យបានឆាប់ ដើម្បីប្រែក្លាយតំបន់ព្រំដែននេះ ទៅជាព្រំដែនសហប្រតិបត្តិការ សន្តិភាព មិត្តភាព ក្នុងសហគមន៍តំបន់អាស៊ាន ស្របតាមសសរស្តម្ភទាំងបីរបស់អាស៊ាននៅឆ្នាំ២០១៥។ ជាមួយនេះភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូវប្បធម៌ ទេសចរណ៍ ក៏ដូចជាការជំរុញថែមទៀត កិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នរដ្ឋសភាប្រទេសទាំងពីរកម្ពុជា-វៀតណាម ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខាកន្លងមក ឲ្យមានដំណើរការទៅល្អ ក្នុងនោះរួមមានទាំងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណផងដែរ។ ជាមួយនេះភាគីវៀតណាមក៏បានសំណូមពរដល់កម្ពុជាផងដែរ ធ្វើយ៉ាងណាជួយជ្រោមជ្រែងយកចិត្តទុកដាក់ចំពោះវិនិយោគគិនវៀតណាមនៅកម្ពុជា ដូចជាខាងវិនិយោគដំណាំកៅស៊ូជាដើម ធ្វើយ៉ាងណាឲ្យការវិនិយោគនេះដំណើរការទៅមុខ ដែលការវិនិយោគលើវិស័យនេះវាបានផ្តល់ការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។
នៅក្នុងជំនួបជាមួយភាគីវៀតណាមសម្តេចប្រធានរដ្ឋសភា ហេង សំរិន ក៏បានសម្តែងនូវការសោកស្តាយផងដែរចំពោះការធ្វើបាតុកម្មពីសំណាក់ខ្មែរកម្ពុជាក្រោមមួយចំនួននៅមុខស្ថានទូតវៀតណាមប្រចាំទីក្រុងភ្នំពេញកន្លងមកនេះ ដែលបណ្តាលឲ្យមានការដុតទង់ជាតិវៀតណាម ដោយសម្តេចបានបញ្ជាក់ថា នៅប្រទេសកម្ពុជា ជាប្រទេសប្រកាន់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ពុំអាចហាមឃាត់បានទេ ព្រោះនេះជាផ្នែកមួយនៃការសម្តែងមតិ ប៉ុន្តែសម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ជូនភាគីវៀតណាមថា ចំពោះអំពើហឹង្សានោះសម្តេចមិនអាចទទួលយកបានទេ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថាដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក ង្វៀន ស៊ីងហ៊ុង(Nguyen sinh hung)ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀត។
អញ្ជើញទៅទទួលសម្តេចប្រធានរដ្ឋសភាដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញសង្កេតឃើញលោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា សមាជិក សមាជិការរដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើននាក់ទៀត។
ដោយឡែកមន្ត្រីស្ថានទូតវៀតណាមប្រចាំកម្ពុជាក៏មានវត្តមានអញ្ជើញទៅទទួលសម្តេចដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ៕ សុងយោ