កំពង់ឆ្នាំង ៖ ម៉ូតូ១គ្រឿងបើកយ៉ាងលឿនបុកកង់ឆ្លងកាត់ផ្លូវជាតិ បណ្តាលអោយមនុស្ស ប្រុស ស្រី៣នាក់បានរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ជនរងគ្រោះទាំង៣នាក់នោះមាន ឈ្មោះ លី អារី អាយុ៣០ឆ្នាំ ភេទប្រុស ជាអ្នកបើកម៉ូតូម៉ាកស្មះ០១០ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង ឌុបឈ្មោះ ឡោះ ម៉ាស់សេន អាយុ២៨ឆ្នាំ ពួកគេជាជនជាតិខ្មែរឥស្លាម រស់នៅភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច និងជនរងគ្រោះម្នាក់ទៀតឈ្មោះ ចាប សុឡេង អាយុ២០ឆ្នាំ ភេទស្រីជានារីធ្វើការរោងចក្ររស់នៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
មុនពេលកើតហេតុម៉ូតូបានបើកបរយ៉ាងលឿនពីជើងទៅត្បូងលុះដល់ចំណុចកើតហេតុមុខភោជនីយដ្ឋានដំរី សបានបុកនារីរងគ្រោះកំពុងដឹកកង់ចេញពីហូបបង្អែមឆ្លងកាត់ផ្លូវពីលិចទៅកើត ពេញទំហឹងប៉ើងពីគ្នាប្រមាណ៥ម៉ែត្រ បណ្តាលអោយពួកគេទាំង៣នាក់ដួលសន្លប់របួសបែកមុខបែកមាត់ធ្ងន់ធ្ងរទាំងអស់គ្នា ដេករណូករណែលពេញផ្លូវជាតិតែ ម្តងគួរអោយរន្ធត់តក់ស្លុត។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋដែលមកមើលហេតុការណ៍នេះ មានការអាណិតអាសូរក៏បាននាំគ្នាដឹកជនរងគ្រោះទាំង៣នាក់ តាមម៉ូតូ និងរថយន្តទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីអោយគ្រូពេទ្យជួយសង្គ្រោះព្យាបាល។ចំណែកម៉ូតូនិងកង់មានគ្រោះថ្នាក់ត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង កសាងសំណុំរឿងទុកដោះស្រាយគ្នាតាមនិតិវិធីច្បាប់៕ by chorlek