ភ្នំពេញ ៖ ស្ត្រីម្នាក់កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ចាប់ឃាត់ខ្លួន ជាប់សង្ស័យចែកចាយ និងជួញដូរគ្រឿងញៀននៅចំណុចមុខផ្ទះគ្មានលេខ តាមច្រកឌឿងហែម ផ្លូវមុនីវង្ស នៅខាងក្រោយ ក្រុមហ៊ុនទូរស័ព្ទខ្យូប កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ស្ថិតក្នុងក្រុម៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ផ្សារដើមថ្កូវ បានអោយដឹងថា ស្ត្រីសង្ស័យចែកចាយគ្រឿងញៀនដែល ឃាត់ខ្លួនឈ្មោះ អ៊ុង សុជា អាយុ ៤៦ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិ-សង្កាត់កើតហេតុខាងលើ ។ ពេលឃាត់ខ្លួនសមត្ថកិច្ចបានឆែកឃើញ ថ្នាំញៀន នៅជាប់ខ្លួន៨កញ្ចប់តូច ជាប្រភេទ សក្រាមពណ៌សថ្លា(ម៉ាទឹកកក) ដែលស្ត្រីរូបនេះលាក់ទុកនៅក្នុងអាវទ្រនាប់ ។
មន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដើម ថ្កូវបានឲ្យដឹងថា មុនពេលឈានទៅឃាត់ខ្លួនស្ត្រីសង្ស័យខាងលើកម្លាំងនគរបាលប៉ុស្តិ៍ ផ្សារដើមថ្កូវបានល្បាត ក្នុងភូមិសាស្ត្ររបស់ខ្លួន ខណៈមកដល់ចំណុចកើតហេតុក៏ប្រទះឃើញស្ត្រីសង្ស័យខាងលើ កំពុងតែឈររេរានៅមុខផ្ទះ ដោយមានការសង្ស័យសមត្ថកិច្ចក៏បានត្រួតពិនិត្យលើដងខ្លួន ស្ត្រីរូបនេះរកឃើញថ្នាំញៀនប្រភេទម្សៅក្រាមសថ្លា ៨ កញ្ចប់តូច ដែលស្ត្រីសង្ស័យលាក់ក្នុងអាវទ្រនាប់រួចកម្លាំងនគរបាលក៏បាននាំ ខ្លួនមកកាន់ប៉ុស្តិ៍ នគរបាលរដ្ឋបាលផ្សារដើមថ្កូវដើម្បីសួរនាំតែម្តង ។
ជនសង្ស័យបានប្រកែកដោះសារថា ខ្លួនទទួលចែកចាយថ្នាំញៀននេះ ដោយយកកម្រៃបន្តិចបន្តួច ពីការលក់ថ្នាំ ដើម្បីផ្គត់ផ្គង់ជីវភាព ដោយក្នុងមួយកញ្ចប់តូចនេះ ទិញក្នុងតម្លៃ ១៥០០០រៀល លក់ចេញវិញ ក្នុងតម្លៃ ១៧០០០រៀល ហើយនៅថ្ងៃនេះ(ថ្ងៃចាប់ឃាត់ខ្លួន) ទើបតែលក់អស់២កញ្ចប់ ក៏ត្រូវ សមត្ថកិច្ចល្បាតឃាត់ខ្លួនតែម្តង ។ ស្ត្រីសង្ស័យបាននិយាយទៀតថា កន្លងទៅក្នុងមួយថ្ងៃ គាត់លក់ថ្នាំញៀននេះបានពី២០ទៅ៣០កញ្ចប់ឯណោះ ។
ស្ត្រីសង្ស័យរួមទាំងវត្ថុតាង ថ្នាំញៀនត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌចំការមនដើម្បីកសាងសំណុំ រឿងបញ្ជូនទៅ កាន់តុលាការ៕ by chorleka