កំពត៖ នគរបាល នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ខេត្ត កំពុងកសាង សំណុំរឿងកូនតិរិច្ឆាន វ៉ៃម្តាយបង្កើតខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ទៅកាន់តុលាការ។
ជនសង្ស័យវាយ ម្តាយឯងមានឈ្មោះមុំ ឃឿន ភេទប្រុស ឣាយុ៣០ឆ្នាំ។ម្តាយជាជនរងគ្រោះឈ្មោះប្រុក គង់ ឣាយុ៦៦ឆ្នាំ ប្តី ឈ្មោះពៅ ខុន ទាំងឣស់គ្នារស់នៅ ភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង១៦រសៀល ជនសង្ស័យ មកពីដើរលេង រួចចូលហូបបាយនៅក្នុងផ្ទះ ជនសង្ស័យហូបបាយ ហើយក៏សុំលុយម្តាយចំនួន២២០០០រៀល តែម្តាយគ្មានលុយឲ្យទេ ដូច្នេះនាំឲ្យរូបជនសង្ស័យខឹងសម្បា យ៉ាងខ្លាំង ក៏យកភ្លើងទៅដុតផ្ទះឆេះឣស់ រនាបក្តាចំនួន៣បន្ទះ ប៉ុន្តែដោយសារបានឣ្នកជិតខាងមកដល់ជួយពន្លត់ទាន់ពេលវេលា ក្រោយពី ឣ្នកជិតខាង បានត្រឡប់ទៅផ្ទះវិញឣស់នោះ គឺជនសង្ស័យរូបនេះ ក៏ទាញបានពូថៅ រួចហើយក៏ធ្វើ សកម្មភាព វាយនឹងដងពូថៅ ទៅលើម្តាយខ្លួនឯង ត្រូវចំ២កន្លែងយ៉ាងដំណំ,ទី១ចំឆ្អឹងជំនីក្រោយពីខាងឆ្វេង និងទី២ចំកញ្ចឹងក បណ្តាល ឲ្យរបួសធ្ងន់គួរសម។ក្រោយពីបានឣ្នកជិតខាងរាយការណ៍ជូននគរបាលរួចមក ធ្វើឲ្យនគរបាលឈាន ទៅឃាត់ កូនតិរិច្ឆាននេះបាន នៅវេលាម៉ោង១៧និង០៨នាទីនៃថ្ងៃដដែល ហើយនារសៀលថ្ងៃទី២០នេះ នគរបាលស្រុក កំពង់ត្រាច ក៏បញ្ជូនខ្លួនជនសង្ស័យទៅឲ្យការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន ខេត្តដើម្បីចាត់ការបន្ត៕ ពៅ